មន្ត្រី NGO: ការចុះបញ្ជី​ដីធ្លី​ជនជាតិដើម​ភាគតិច​នៅមាន​ដំណើរ​វែងឆ្ងាយ​

150
ចែករម្លែក

ដោយ​: មេសា / ភ្នំពេញ​: លោក ភាព សុភា ប្រធាន​កម្មវិធី​ដីធ្លី និង ព្រៃឈើ នៃ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បានលើកឡើង​អំពី​ដំណើរការ​ចុះបញ្ជី​ដីធ្លី​រួម​សម្រាប់​ជនជាតិដើម​ភាគតិច​ថា “ ការចុះបញ្ជី​កម្មសិទ្ធិ​ដីធ្លី​សមូហភាព​សម្រាប់​ជនជាតិដើម​ភាគតិច គឺជា​ដំណើរ​ដ៏​វែងឆ្ងាយ​នៅឡើយ​។ គឺជា​ដំណើរ​ដ៏​វែងឆ្ងាយ​ដោយហេតុថា ដីធ្លី​ដែល​ជនជាតិដើម​ភាគតិច​កំពុង​អាស្រ័យ​ផល និង ត្រូវការ​សម្រាប់​អាស្រ័យ​ផល គឺមាន​ចំណុច​ខ្លះ​ជាន់គ្នា​ទៅនឹង​តំបន់​អភិរក្ស​ធម្មជាតិ និង ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បានសេចក្តីថា នៅមាន​កិច្ចការ​ជាច្រើន​ត្រូវ​ដោះស្រាយ​“​។

លោក ភាព សុភា ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​អភិរក្ស និង អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច (​រូបៈ មេសា​)

​លោក ភាព សុភា ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ អភិរក្ស និង អភិវឌ្ឍ​ជនជាតិដើម​ភាគតិច រៀបចំ​នៅក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ ជាពិសេស​តំណាង​ជនជាតិដើម​ភាគតិច​ប្រមាណ​ជា ៤០០ នាក់ ហើយ សិក្ខាសាលា​នេះ​ធ្វើឡើង​ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំសេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិរក្ស​ជនជាតិដើម​ភាគ​តិ ។​

​លោក នួន ដា​ញ៉ិល រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​លើកឡើងថា បើទោះបីជា​មិនទាន់​សម្រេចបាន​តាម​កា​រ​ចង់បាន​ក្តី ក៏​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ ផ្តល់ និង គោរព​សិទ្ធ ថែរក្សា​ការពារ​ពី​ប្រពៃណី​វប្បធម៌ ទំនៀមទម្លាប់ ភាសា សេដ្ឋកិច្ច សុខភាព និង ការអប់រំ​របស់​ជន​ជាតិ​ដើម​ភាគតិច ហើយ​ឯកឧត្តម​រដ្ឋលេខាធិកា​រ​រូបនេះ បានស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើយ៉ាងណា ព​ន្លឿ​ន​ការកំណត់​អត្តសញ្ញាណ និង ចុះបញ្ជី​ដីធ្លី​របស់​ជនជាតិដើម​ភាគតិច​ឱ្យបាន​ឆាប់​តាម​ដែល​អាច​។

​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ (​រូបៈ មេសា​)

​លើសពីនេះ លោក តឹក វណ្ណា​រ៉ា បាន​សំណូមពរ​ដល់​អ្នកពាក់ព័ន្ធ​ឱ្យ​បង្កើត​មណ្ឌល​វប្បធម៌​មួយ​សម្រាប់​ដាក់តាំង និង អភិរក្ស​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​របស់​ជន​ជាតិ​ដើម​ភាគតិច​។
​សម្រាប់​ជនជាតិដើម​ភាគតិច ការទទួលបាន​ដី​សមូហភាព មិនមែន​គ្រាន់តែ​ដើម្បី​អភិរក្ស​ប្រពៃណី​ទំនៀមទម្លាប់​របស់​ពួកគាត់​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​កត្តា​ដ៏​ចាំបាច់​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួកគាត់ ដែល នៅ​ទូទាំងប្រទេស​កម្ពុជា មាន​ជនជាតិដើម​ភាគតិច​ចំនួន ២៤ ក្រុម ស្មើនឹង​ប្រមាណ​ជា ១,៤ ភាគរយ នៃ ប្រជាជន​សរុប កំពុង​រស់នៅក្នុង ១៥ ខេត្ត ហើយ​មុខរបរ​សំខាន់​របស់​ជនជាតិដើម​ភា​គតិ​ច្ច​ទាំងនោះ គឺ​ការធ្វើ​កសិកម្ម​តាម​លក្ខណៈ​ប្រពៃណី ដោយ​ធ្វើ​ចំការ​វិលជុំ ការប្រមូល​អនុផល​ព្រៃឈើ ការ​បរបាញ់ ការនេសាទ និង ការចិញ្ចឹម​សត្វ​តាមបែប​ប្រពៃណី​៕ ល​