មន្ទីរជំនាញ​និង​អង្គភាព​ច្រកចេញចូល​តែមួយ​ត្រូវ​ព​ន្លឿ​ន​ការចេញ​ប័ណ្ណកម្មសិទ្ធិ​ជូន​ពលរដ្ឋ​

72
ចែករម្លែក

ដោយៈ​បូកគោ​/​កំ​ពតៈ​អង្គភាព​ច្រកចេញចូល​តែមួយ​និង​មន្ទីរជំនាញ​ត្រូវ​សហការគ្នា​ឱ្យបាន​ល្អ​ក្នុង​កិច្ចការងា​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដើម្បី​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​ចាំបាច់​។​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំខែ​កញ្ញា​កាលពី​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៩​លោក​ជាវ​តា​យ​អភិបាលខេត្ត​កំពត​បាន​ថ្លែងថា​អង្គភាព​ច្រកចេញចូល​តែមួយ​ត្រូវ​បម្រើ​ការងារ​ជូន​អ្នក​មក​ទទួល​សេវា​ឱ្យបាន​ឆាប់រហ័ស​ស្របតាម​នីតិវិធី​ច្បាប់​ដែល​បានកំណត់​។

​ក្នុងករណី​ការងារ​ផ្នែក​វិស័យ​ណាមួយ​មាន​ភាព​រាំងស្ទះ​ត្រូវរាយការណ៍ជូន​រដ្ឋបាល​ខេត្ត​ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​ដោះស្រាយ​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​ជារឿយៗ​អ្នក​មក​ទទួល​សេវា​ពិសេស​ប្រជាពលរដ្ឋ​ដែល​ត្រូវការ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​ភាពចាំបាច់​តែង​រអ៊ូរទាំ​អំពី​ការលំបាក​ចំពោះ​បញ្ហា​នេះ​។

ជាក់ស្តែង​របាយការណ៍​ពីរ​ដែល​លោក​បានទទួល​មាន​ភាពខុសគ្នា​ដោយ​ខាង​មន្ទីរ​សុរិយោដី​ថា​សំណុំ​ឯកសារ​ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ​មាន​៥០០​ទៅ​៦០០​។​តែ​ខាង​អង្គភាព​ច្រកចេញចូល​ថា​មាន​ជាង​១.០០០​បញ្ហា​នេះ​បណ្តាលមកពី​ខ្វះ​ការទំនាក់ទំនង​រវាង​គ្នា និង​គ្នា​។

​លោក​ជាវ​តា​យ​បាន​ក្រើន​រំលឹកថា​មន្ត្រី​ច្រកចេញចូល​តែមួយ​ត្រូវ​សួរនាំ​មើលថា​បើ​ដាក់ចូល​ហើយ​តើ​ចេញទៅ​វិញ​តាម​ណា​?​ជាធម្មតា​ចូល​តាម​ណា​ត្រូវ​ចេញ​តាម​ហ្នឹង​នោះ​ទើប​តួលេខ​ត្រូវ​គ្នា​។ គោលការណ៍ មាន​ស្រាប់​ហើយ​គឺ​ច្រកចេញចូល​តែមួយ​មាន​មន្ទីរជំនាញ​ស្ថិតនៅ​ពីក្រោយ​។ ករណីបែបនេះ​ចាំបាច់​ត្រូវតែ​កែសម្រួល​ឡើងវិញ​ពោលគឺ​មិនអាច​ឱ្យ​ការងារ​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​នៅ​យឺតយ៉ាវ​បន្តទៀត​ឡើយ​។

ដូច្នេះ​អង្គភាព​ច្រកចេញចូល​តែមួយ​និង​មន្ទីរជំនាញ​ត្រូវ​សហការ​ឱ្យបាន​ល្អ​រវាង​គ្នា​ទើបបាន​ដំណើរការ​រលូន​ទៅមុខ​។ មិនអាច​ឯកសារ​ចូល​តាម​ច្រក​ហើយ ពេលចេញ​ទៅវិញ​តាមរយៈ​មន្ទីរ នោះ​ការងារ​នឹងមិន​ស៊ីសង្វាក់​គ្នា​ទេ​។​ពី​ពេលនេះ​ទៅ​អ្នក​ដែល​ធ្វើ​ការងារ​ល្មើស​នឹង​គោលការណ៍​ត្រូវតែមាន​វិធានការ​ជា​ចាំបាច់​៕S/​