មន្ទីរបញ្ចកោណបញ្ជាឱ្យបញ្ឈប់រាល់ការចល័តទីទៅក្រៅប្រទេសសម្រាប់កងកម្លាំងអាម៉េរិករយៈពេល៦០ថ្ងៃ

95
ចែករម្លែក

រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ កាលពីថ្ងៃពុធទី២៥មីនាបានចេញបទបញ្ជាឱ្យបញ្ឈប់រាល់ការចល័តទីចំពោះយោធាអាម៉េរិក ដោយមិនត្រូវធ្វើដំណើរនិងធ្វើបំលាស់ទៅនៅបរទេសរហូតដល់ ៦០ ថ្ងៃក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃមេរោគកូរ៉ូណា។

នៅក្នុងបទសម្ភាសន៍មួយ លោកអេស្ពើបាននិយាយថាបទបញ្ជានេះត្រូវអនុវត្តទៅលើកងកម្លាំងអាម៉េរិក ជនស៊ីវិល និង ក្រុមគ្រួសារអាម៉េរិកទាំងអស់ ប៉ុន្តែបានកត់សម្គាល់ថានឹងមានករណីលើកលែងមួយចំនួន។

លោកនិយាយថា “គោលបំណងគឺដើម្បីធ្វើឱ្យប្រាកដថាយើងមិននាំយកមេរោគត្រឡប់មកផ្ទះវិញ ចម្លងទៅអ្នកដទៃ យើងមិនត្រូវឱ្យវាឆ្លងរាលដាលពេញជួរយោធាទេ”។

រហូតមកទល់ពេល វាជាវិធានការដ៏តឹងរ៉ឹងបំផុត ហើយវានឹងមានផលប៉ះពាល់លើកងកម្លាំងអាម៉េរិកនៅជុំវិញពិភពលោក។

លោកអេស្ពើនិយាយថា ការលើកលែងមួយចំពោះបទបញ្ជានេះគឺការដកទ័ពចេញពីអាហ្វហ្គានីស្ថាន ដែលនឹងតែបន្តធ្វើ។

សហរដ្ឋអាម៉េរិកនិយាយថា ខ្លួនបានប្តេជ្ញាចិត្តកាត់បន្ថយចំនួនកងទ័ពរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានមកនៅត្រឹម ៨.៦០០ នាក់ក្នុងរយៈពេល ១៣៥ ថ្ងៃនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយពួកតាលីបង់កាលពីខែមុន។

ការដកទ័ពអាម៉េរិកនិងកងកម្លាំងចម្រុះចេញទាំងស្រុងនឹងកើតឡើងក្នុងរយៈពេល ១៤ ខែនៃកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ប្រសិនបើពួកតាលីបង់រក្សាការគោរពចំពោះកិច្ចព្រមព្រៀង៕ ដោយ៖ កញ្ញាដាលីស

រដ្ឋមន្រ្តីក្រសួងការពារជាតិអាម៉េរិកលោក ម៉ាក អេស្ពើ