មន្ទីរពិសោធន៍អវកាស Tiangong-2 របស់ចិនបានត្រឡប់មកបរិយាកាសផែនដីវិញដោយជោគជ័យកាលពីថ្ងៃសុក្រទី១៩កក្កដាក្រោមស្ថានភាពអាចគ្រប់គ្រងបាន ដោយបំពេញនូវការពិសោធន៍ចុងក្រោយបំផុតនៅក្នុងកម្មវិធីលំហអវកាសពោរពេញដោយមហិច្ឆតារបស់រដ្ឋាភិបាលក្រុងប៉េកាំង។
ទីភ្នាក់ងារអវកាសចិន (CMSA) បាននិយាយថា មន្ទីរពិសោធន៍អវកាស Tiangong-2 ឬ “រាជវាំងសួគ៌” បានបាញ់បង្ហោះទៅដងតារាវិថីនៅឆ្នាំ ២០១៦ ហើយបានចូលមកក្នុងបរិយាកាសផែនដីឡើងវិញក្រោមការត្រួតត្រានៅប្រហែលម៉ោង ៩ និង ៦ នាទីយប់ ម៉ោងក្នុងស្រុក។
យោងតាមទីភ្នាក់ងារនេះបានឱ្យដឹងថា បំណែកតូចមួយនៃបំណែកដទៃទៀតរបស់មន្ទីរពិសោធន៍អវកាសនេះបានធ្លាក់ចូលទៅក្នុង “តំបន់សមុទ្រមានសុវត្ថិភាពដែលបានកំណត់ទុកជាមុន នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង”។
មន្ទីរពិសោធន៍អវកាសនេះបានធ្វើការងារនៅគន្លងគោចរអស់រយៈពេលជាង ១.០០០ ថ្ងៃ គឺយូរជាងអាយុកាល ២ ឆ្នាំរបស់វាទៅទៀត។
លោក ចូវ ចៀនពីង ប្រធានរចនាម៉ូតនៃកម្មវិធីអវកាសរបស់ចិន បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា ការចូលមកបរិយាសផែនដីដែលស្ថិតក្រោមការត្រួតត្រាបាននេះ គឺកត់សម្គាល់ពីជោគជ័យក្នុងការបំពេញភារកិច្ចទាំងឡាយនៅក្នុងបន្ទប់ពិសោធន៍លំហអវកាសនៃកម្មវិធីពិសោធន៍លំហអាកាសរបស់ខ្លួន។
ស៊ីនហួបានដកស្រង់ទីភ្នាក់ងារ CMSA ដោយនិយាយថា ឥឡូវនេះកិច្ចប្រឹងប្រែងកំពុងត្រូវបានធ្វើឡើងដើម្បីបង្កើនការត្រៀមលក្ខណៈសម្រាប់ការសាងសង់ស្ថានីយអវកាសរបស់ចិន។
ការត្រឡប់មកបរិយាកាសផែនដីវិញដែលស្ថិតក្រោមការគ្រប់គ្រងនេះគឺតំណាងឱ្យភាពជោគជ័យនៅក្នុងកម្មវិធីអវកាសគ្រប់គ្រងដោយយោធារបស់ប្រទេសចិន ដែលបានជួបប្រទះបញ្ហាបច្ចេកទេសតិចតួចនៅតាមផ្លូវចុះមករបស់វា៕ ដោយ៖ កញ្ញាដាលីស