មន្ទីរពេទ្យថៃដាក់ “មនុស្សយន្តនិនចា” ឱ្យជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

252
ចែករម្លែក

មន្ទីរពេទ្យនានានៅប្រទេសថៃកំពុងដាក់ឱ្យប្រើនូវ “មនុស្សយន្តនិនចា” ដើម្បីស្ទង់កម្តៅ និង ការពារសុខភាពរបស់បុគ្គលិកពេទ្យដែលធ្វើការហួសកម្លាំងនៅសមរភូមិជួរមុខដើម្បីប្រយុទ្ធនឹងជំងឺកូរ៉ូណា។

ផលិតឡើងដំបូងដើម្បីតាមដានអ្នកជំងឺស្ត្រូក (ដាច់សរសៃឈាមខួរក្បាល) មនុស្សយន្តទាំងនេះត្រូវបានច្នៃឡើងវិញយ៉ាងលឿនដើម្បីជួយប្រយុទ្ធនឹងជំងឺកូរ៉ូណា ដែលមកទល់ឥឡូវបានសម្លាប់មនុស្សជិត ៩.០០០ នាក់នៅជុំវិញពិភពលោក។

ពួកវាបានជួយបុគ្គលិកនៅមន្ទីរពេទ្យចំនួន៤នៅទីក្រុងបាងកកដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ តាមរយៈការអនុញ្ញាតឱ្យវេជ្ជបណ្ឌិតនិងគិលាណុបដ្ឋាយិការអាចនិយាយទៅកាន់អ្នកជំងឺតាមរយៈលីងវីដេអូ។

លោកវីប៊ុន សាងវីរៈផាន់សិរី មកពីសាកលវិទ្យាល័យជូឡាឡុងកន និយាយថា “ក្រុមគ្រូពេទ្យអាចឈរនៅក្រៅបន្ទប់និងធ្វើទំនាក់ទំនងជាមួយអ្នកជំងឺនៅខាងក្នុងតាមរយៈមនុស្សយន្ត”។

មនុស្សយន្តស៊េរីក្រោយនឹងផលិតឡើងដើម្បីឱ្យវាដឹកអាហារនិងថ្នាំពេទ្យឱ្យអ្នកជំងឺ និងចុងក្រោយអាចនឹងប្រើដើម្បីលាងសម្អាតមេរោគនៅតាមបន្ទប់មន្ទីរពេទ្យទៀតផង។

ក្រុមវិស្វកររបស់លោកវីប៊ុនកំពុងដុតដៃដុតជើងផលិតមនុស្សយន្តនិនចាច្រើនថែមទៀតសម្រាប់មន្ទីរពេទ្យ ១០ ផ្សេងទៀតនៅជុំវិញប្រទេសថៃ៕ ដោយ៖ កញ្ញាដាលីស