មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង ជាប់​ជ័យលាភី​គំរូ​ល្អ​វិស័យ​សុខាភិបាល​ទូទាំងប្រទេស​

328
ចែករម្លែក

ដោយ​: សុ​ផានី​តា​
​កោះកុង​:
មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង បាន​ជាប់​ជ័យលាភី​លេខ​១ និង​ប្រាក់រង្វាន់​២០០​លាន​រៀល ជា​អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ​លើ​ការលើកកម្ពស់ គុណភាព​សុខាភិបាល​ជូន​សាធារណជន ក្រោយ​មានការ​វាយតម្លៃ​ប្រកួតប្រជែង​ពី​អន្តរក្រសួង​ជាច្រើនលើក​ច្រើនសារ​កម្រិត​២(CPA2) ទូទាំងប្រទេស​។​

​រដ្ឋបាល​ខេត្តកោះកុង នៅ​ថ្ងៃទី​១៤ ខែសីហា បានរៀបចំ​ពិធី​អបអរសាទរ​ទទួល​ជ័យលាភី​អង្គភាព​ផ្តល់​សេវាសាធារណ​គំរូ​វិស័យ​អប់រំ និង​សុខាភិបាល មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ជ័យលាភី​លេខ​១ មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល​ជ័យលាភី​លេខ​៦ និង​វិទ្យាល័យ​កោះ​ស្តេច​ជ័យលាភី​លេខ​៦​។​

​លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង បានឱ្យដឹង​ក្រោយ​ដង្ហែ​ពានរង្វាន់​ជ័យលាភី​តាម​ដងផ្លូវ​សំខាន់​ជុំវិញ​ក្រុង​ខេមរភូមិន្ទ​ថា មុននឹង​មន្ទីរពេទ្យ​របស់លោក បាន​ឈានដល់​ដំណាក់កាល​នៃ​ការប្រកាស​ទទួលស្គាល់​នូវ​ជ័យលាភី​ឯក​ជា​អង្គភាព​ផ្តល់​សេវាសាធារណ​:​គំរូ​ក្នុង​វិស័យ​សុខាភិបាល​ពី​អន្តរក្រសួង គឺ ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ និង​មន្ត្រីក្រោមឱវាទ​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម ដោយ​ដៃ​ម្ខាង​បម្រើ​ប្រជាពលរដ្ឋ អ្នកជំងឺ​ដៃ​ម្ខាង​ចូលរួម​រៀបចំ កែលម្អ​ហេ​ដ្ឋា​រចនាសម្ព័ន​ការងារ អនាម័យ និង​កា​ងារ​ជាច្រើន​ទៀត​…​។​ល​។​

​បើតាម​លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ដើម្បី​អភិវឌ្ឍន៍​អង្គភាព​ផ្នែក​សុខាភិបាល​ឲ្យ​កាន់តែ​ល្អប្រសើរ ត្រូវ​ឆ្លងកាត់​ការចូលរួម​វាយតម្លៃ​យ៉ាង​សុ​ក្រិត យុត្តិធម៌ ពី​អន្តរក្រសួង​ជាច្រើន​ដំណាក់កាល ទើប​មាន​លទ្ធផល​ល្អ​ដូច​ពេលនេះ​។ លោក​ក៏​ប្តេជ្ញាចិត្ត​រក្សា​ចំណាត់ថ្នាក់​ទទួលពានរ​ង្វាន់​លេខ​១​នៅ​ឆ្នាំក្រោយៗ​ទៀត សម្រាប់​គុណភាព​វិស័យ​សុខាភិបាល​ក្នុង​ខេត្តកោះកុង​កាន់តែ​រីកចម្រើន និង​មានការ​ទទួលស្គាល់​ពីសា​ធារ​ណ​ជន​មិនចាំបាច់​ទៅរក​សេវា​ក្រៅប្រទេស​។​

​លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរពេទ្យ​ខេត្តកោះកុង ក៏​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោកជំទាវ​អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​សុខាភិបាល​ខេត្ត និង​គណ​:​កម្ម​ការវាយតំ​លៃ​អង្គភាព​ផ្តល់​សេវាសាធារណ​:​គំរូ​ថ្នាក់​ខេត្ត ថ្នាក់ជាតិ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូលរួម និង​សម្រេច​លទ្ធផល​យ៉ាង​ល្អប្រសើរ​ដល់​មន្ទីរពេទ្យ​ខេត្តកោះកុង រហូតដល់​មានឱកាស​ទទួលបាន​ពានរង្វាន់​ជ័យលាភី និង​វិញ្ញាបនបត្រ​ពីស​ម្តេ​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​មានប្រសាសន៍​ក្នុង​ពិធី​អបអរសាទរ​ការ​ឈ្នះ​ពានរង្វាន់​លើ​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​លើកដំបូង សម្រាប់​ខេត្ត គឺ​លោកជំទាវ​អភិបាលខេត្ត​កោះកុង គូសបញ្ជាក់ថា ការទទួលបាន​ល​ទ្ឋ​ផល​ប្រកួតប្រជែង​ល្អបរសើរ​កម្រិត​ថ្នាក់ជាតិ​នេះ ជា​មោទនភាព​យ៉ាងខ្លាំង​ចំពោះ​ខេត្ត​លើក​កិច្ចការងារ​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​។ ដូច្នេះ​លោកជំទាវ ក៏​ស្នើ​ដល់​ប្រធាន​អង្គភាព​សេវាសាធារណ​ទាំងពីរ​បន្ត​រិះរក​វិធីសាស្ត្រ​ថែមទៀត ដើម្បី​បន្ត​ដណ្តើមយក​ម្ចាស់​ចំណាត់ថ្នាក់​លេខ​១ នៅ​ឆ្នាំក្រោយៗ​។​
​អភិបាលខេត្ត​កោះកុង វាយតម្លៃ​ខ្ពស់​ថា ការទទួលបាន​ជ័យលាភី​នេះដែរ ខេត្តកោះកុង​នឹងធ្វើ​ឱ្យ​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​កាន់តែច្រើន​មាន​គេ​ស្គាល់​ឡើង​ថែមទៀត​អំពី​សក្តានុពល និង​សមត្ថភាព​របស់​មន្ត្រី​ដែល​មនសិការ​វិជ្ជាជីវៈ​ទទួលខុសត្រូវ​លើ​ការងារ​។

​ក្រៅពី​មន្ទីរពេទ្យបង្អែក​ខេត្ត ដែល​ជាប់​ជ័យលាភី​លេខ​១ ក៏មាន​មន្ទីរពេទ្យបង្អែក​ស្រុកស្រែ​អំបិល​ជ័យលាភី​លេខ​៦ រង្វាន់​ថវិកា​៤០​លាន​រៀល និង​វិទ្យាល័យ​កោះ​ស្តេច​ជ័យលាភី​លេខ​៦ ថវិកា​រង្វាន់​៤០​លាន​រៀល​។​
​គួររម្លឹកថា ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ជ័យលាភី កាលពី​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៩ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្លាប់​លើកឡើងថា រាជរដ្ឋាភិបាល បានសម្រេច​ឱ្យមាន​ការប្រកួតប្រជែង​ការផ្តល់សេវា​សាធារណៈរ​វាង​អង្គភាព និង​អង្គភាព ដោយ​ផ្តើម​អនុវត្ត​ដំបូង​ពី​“​វិទ្យាល័យ​” សម្រាប់​វិស័យ​អប់រំ និង​“​មន្ទីរពេទ្យបង្អែក រាជធានី ខេត្ត និង​មន្ទីរពេទ្យបង្អែក​ក្រុង ស្រុក ខណ្ឌ ដែល​ផ្តល់​សេវា​សំណុំ​សកម្មភាព​បង្គ្រប់​កម្រិត​១ កម្រិត​២ និង​កម្រិត​៣” សម្រាប់​វិស័យ​សុខាភិបាល ដូច​មានកំណត់​ក្នុង​ប្រកាស​អន្តរក្រសួង​លេខ ២៤៨១ ម​ស​.​ប្រក ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៨ រវាង​ក្រសួង​មុខងារសាធារណៈ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល និង​ប្រកាស លេខ ២៤៨២ ម​ស​.​ប្រក ចុះ​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ​២០១៨ រវាង​ក្រសួង​មុខងារសាធារណៈ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចាត់ទុក​យន្តការ​នេះ ថា​ជាការ​បំផុស​ឡើងវិញ​នូវ​ចលនា​នៃ​ការលើកទឹកចិត្ត​មន្ត្រីរាជការ និង​អង្គភាព​ដែលមាន​ស្នាដៃ​ឆ្នើម ក្នុងការ​បង្កើន​ផលិតភាព​ការងារ​ក្នុង​រដ្ឋបាល​សាធារណៈ និង​លើកកម្ពស់​គុណភាព​សេវាសាធារណៈ ដែល​ធ្លាប់បាន​អនុវត្ត​រួចមកហើយ​នៅ ក្នុងសម័យ​សាធារណៈរដ្ឋ​ប្រជាមានិត​កម្ពុជា និង​រដ្ឋ​ក​ម្ព​ជា​។ ទោះជា​យ៉ាងនេះ​ក្តី ការបង្កើតឱ្យមាន​ប្រព័ន្ធ​មួយ​ដែលមាន​កំរិតស្តង់ដា និង​មាន​វិជ្ជាជីវៈ​សម្រាប់ធ្វើ​ការវាយតម្លៃ​អង្គភាព​ផ្តល់​សេវា​គំរូ មិនមែនជា​រឿង​មួយ​ងាយស្រួល និង​សាមញ្ញ​ក៏ដោយ​។​

​ប៉ុន្តែ​ដើម្បី​ធានាបាន​នូវ​យុត្តិធម៌ និង​សុក្រឹត្យភាព​ជា​អតិបរមា សំដៅ​លើកកម្ពស់​ការជឿ​ទុកចិត្ត និង​ការចូលរួម​គាំទ្រ​ពី​គ្រប់​មជ្ឈដ្ឋាន ក៏ដូចជា​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​អង្គភាព​ដែល​ទទួលបាន​ការលើក​ទឹកចិត្ត ត្រូវបាន​អ្នកទទួល​សេវា​ជាពិសេស និង​សាធារណៈជន​ជារួម​វាយតម្លៃថា ពិតជា​ស័ក្តិសម​នឹង​ទទួលបាន​ការលើកទឹកចិត្ត​ពិតប្រាកដ​មែន ហើយ​លើសពីនេះ នឹង​ក្លាយជា​អង្គភាព​ផ្តល់​សេវាសាធារណៈ​គំរូ ដែល​កន្លែង​ដទៃ​ចង់​សិក្សា​ដក​ពិសោធន៍ និង​យក​គំរូ​តាម​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បង្ហាញ​ទៀតថា ការងារ​ដែល​សម្រេចបាន​នាពេលនេះ គឺ​ស្របទៅនឹង​បរិការណ៍​ដែល​ប្រាក់បៀវត្ស​មន្ត្រីរាជការ​ត្រូវបាន​លើកកម្ពស់ ថវិកា​សម្រាប់​គាំទ្រ​ដល់​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល​ជារួម និង​ថវិកា​សម្រាប់​ផ្តល់ជូន​ដោយផ្ទាល់​ដល់​អង្គភាព​ផ្តល់​សេវាសាធារណៈ​ទាំងពីរ​វិស័យ ត្រូវបាន​បង្កើន​ឡើង​ក្នុង​សន្ទុះ​លឿន ហើយដោយ​ឡែក ចំពោះ​កិច្ចដំណើរការ​វាយតម្លៃ​របស់​យើង​ផ្ទាល់ ក៏​ទទួលបាន​ការគាំទ្រ​ថវិកា​សមរម្យ​ផងដែរ​៕ ល​