មន្ទីរពេទ្យ​កាល់ម៉ែត​សហការ​ជាមួយ ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ ប្រារព្ធ កម្មវិធី​បរិច្ចាគ​ឈាម​ប្រចាំឆ្នាំ​

274
ចែករម្លែក

ដោយ:​សុផល​/ភ្នំពេញ ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​បុគ្គលិក​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ប្រមាណ​ជាង​២០០​នាក់ នឹងចូលរួម​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ក្រោម​ប្រធានបទ «​បង្ហាញ​ក្តី​ស្រឡាញ់​របស់​អ្នក បរិច្ចាគ​ឈាម​ថ្ងៃនេះ​» នៅ​ថ្ងៃទី ៤​ខែមេសា ឆ្នាំ​២០១៩ នៅក្នុង​សាលប្រជុំ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

កម្មវិធី​បរិច្ចាគ​ឈាមមាន​ការឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ទឹក​ពិសា វី​តា​ល់ និង​អញ្ជើញ​ចូលរួម​ពី​លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់ម៉ែត និង លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។​

លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​ដែលមាន​ចិត្ត​សប្បុរសធម៌​ក្នុងការ​ផ្តល់​ឈាម​លើក​នេះ​។ លោក​ក៏បាន​លើកឡើង​ផងដែរ​ថា ការ​ប្រារព្ធ​កម្មវិធី​បរិច្ចាគ​ឈាម​នេះ​គឺ​ដោយ​ស្ម័គ្រចិត្ត ដែលជា​មោទនភាព​មួយ​ក្នុងការ​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ចូលរួម​ជួយ​ស្រោចស្រង់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុងតែ​ត្រូវការ​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​។​

លោក​អគ្គនាយក​មន្ទីរ​ពេទ្យ​កាល់ម៉ែត ​បាន​ថ្លែងអំណរគុណ​ចំពោះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ដែល​តែងតែ​ខ្នះខ្នែង​ផ្សព្វផ្សាយ និង​ប្រមូល​ឈាម​សប្បុរស​គ្រប់​ទីកន្លែង​ដើម្បី​បំពេញបន្ថែម​ដល់​តម្រូវការ​ឈាម​ជា​ចាំបាច់​ទូទាំងប្រទេស​។ ​លោក​ក៏​រំពឹងថា​នឹង​បន្ត​គាំទ្រ​ដល់​កម្មវិធី​បរិច្ចាគ​ឈាម ហើយក៏​នឹង​បង្កើត​ឲ្យ​មានកម្ម​វិធី​ផ្តល់​ឈាម​បែបនេះ​ជា​បន្តបន្ទាប់​ជា​រៀងរាល់ឆ្នាំ​។​

លោក សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​មានប្រសាសន៍ថា​ ​ឆ្នាំ​២០១៨ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានទទួល​អំណោយ​ឈាម​៨៣,៩៨២ប្លោក កើនឡើង​ជាង​ឆ្នាំ​២០១៧ ចំនួន​១២,៤​ភាគរយ​។​ឆ្នាំ​២០១៨​កន្លងមក មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ប្រគល់ជូន​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ប្រើប្រាស់​ចំនួន​២៧២៥០​ប្លោក​។​

​លោក អ៊ុំ វណ្ណៈ តំណាង​ក្រុមហ៊ុន​វី​តា​ល់ បានឱ្យដឹងថា​ ដោយសារតែ​ទឹក​គឺមាន​សារៈសំខាន់​ខ្លាំង​ដើម្បី​បំពេញ​ជាតិ​ទឹក​ឡើងវិញ​បន្ទាប់ពី​ផ្តល់​ឈាម ទើប​វី​តា​ល់​បានផ្តល់ ទឹក​វី​តា​ល់​៦​ដប​រួម​ជាមួយនឹង​ថង់យួរ​ដ៏​ស្រស់ស្អាត សម្រាប់​អ្នកផ្តល់​ឈាម​ទាំងអស់ បន្ថែម​ពីលើ ការឧបត្ថម្ភ​ទឹក​វី​តា​ល់​ក្នុងការ​ប្រើប្រាស់​ក្នុង​កម្មវិធី​។​

លោក​បាន​បន្ថែមថា ​ជាមួយនឹង​ការជួយ​គាំទ្រ​ឧបត្ថម្ភ​ពី​វី​តា​ល់ និង មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានធ្វើ​ឲ្យ​មានការ​លើក​កំពស់​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ធំ​ទូលាយ​ចំពោះ​គុណប្រយោជន៍​នៃ​ការបរិច្ចាគ​ឈាម​។ ក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួលបាន​ចំនួន​អ្នកស្ម័គ្រចិត្ត​ផ្តល់​ឈាម​បាន​កើនឡើង​ច្រើន​លើសពី​ឆ្នាំទៅ​។ ប៉ុន្តែ​ដោយសារតែ​ចំនួន​នៃ​តម្រូវការ​ក៏មាន​ការកើនឡើង​យ៉ាងខ្លាំង​ដែរ ដែល​ធ្វើ​ឲ្យ​មជ្ឈមណ្ឌល​នៅតែ​ប្រឈម​នឹង​កង្វះខាត​ឈាម​នៅក្នុង​ស្តុក​។​ ដូច្នេះហើយ​ទើប​មជ្ឈមណ្ឌល​​ជាតិ​ផ្តល់​ឈាម​បាន​ខិតខំ​ស្វះស្វែង​ដាក់​លិខិត​ស្នើសុំ​ប្រារព្ធ​ពិធី​បរិច្ចាគ​ឈាម​ទៅតាម​ស្ថាប័នរដ្ឋ​និង​ឯកជន​នានា​ទូទាំង​រាជធានី​ដោយ​សង្ឃឹមថា នឹង​ទទួល​បាន​ការសហការ​ល្អ​ដូច​មន្ទីរពេទ្យ​កាល់ម៉ែត​ដែរ ដើម្បី​បំពេញតម្រូវការ​ឈាម​ក្នុង​ស្តុក​។​

​ក្នុងពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​វី​តា​ល់​ពិតជា​រីករាយ និង​កោតសរសើរ​ដល់​ទឹកចិត្ត​មន្ត្រី​រាជការ សិស្សានុសិស្ស ពលរដ្ឋ ព្រះសង្ឃ និង​ពលទាហាន​ទាំងឡាយ​តាម ស្ថាប័នរដ្ឋ​នានា​ដែលមាន​បាន​ចូលរួមចំណែក​យ៉ាងសកម្ម កម្មវិធី​មនុស្សធម៌ ដែល​ទង្វើ​ជា​គំរូរ​ដ៏​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ដទៃ​។ ដើម្បី​ជាការ​តបស្នង​ដល់​ការគាំទ្រ​របស់​អតិថិជន វី​តា​ល់​ក្នុង​មូលនិធិ ២៥៛​ក្នុង​មួយ​ដប ក្រុមហ៊ុន នឹង​រៀបចំ​នូវ​កម្មវិធី​មនុស្សធម៌​ជាច្រើន​បន្ថែម​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​នៅក្នុង​ឆ្នាំ ២០១៩​នេះ​៕B/


#