មន្ទីរពេទ្យ​ថៃ​ដែល​ទើប​សម្ពោធ​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ​ថ្មី​រំពឹង​ទាក់ទាញ​បរទេស​មក​ពិនិត្យ​សុខភាព​

637
ចែករម្លែក
  • 16
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​មន្ទីរពេទ្យ​ប្រទេស​ថៃ​មួយ​គឺ​មន្ទីរពេទ្យ​ថុ​ន​បុរី​បំ​រ៉ុង​មឿង​(ThonburiBamrungmuang)​ដែលមាន​មជ្ឈមណ្ឌល​ឯកទេស​ថែទាំ​សុខភាព​លំដាប់​ស្ដង់ដា​ផ្កាយ​៦​សង្ឃឹមថានឹង​អាច​ទាក់ទាញ​អ្នកជំងឺ​បរទេស មកពី​ប្រទេស​កម្ពុជា​,​ចិន​, ឡាវ​,​មី​យ៉ាន់​ម៉ា និង​វៀតណាម​។​
​ ​
​ក្រុមហ៊ុន​ThonburiHealthcareGrou(THG)​បានប្រកាស​បើកសម្ពោធ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ថ្មី​របស់ខ្លួន គឺ​មន្ទីរពេទ្យ ថុ​ន​បុរី​បំ​រ៉ុង​មឿង (Thonburi Bamrungmuang) ដែលមាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​បំ​រ៉ុង​មឿង (Bamrungmuang)​។​មជ្ឈមណ្ឌល​ឯកទេស​ថែទាំ​សុខភាព​លំដាប់​ស្ដង់ដា​ផ្កាយ​៦​នេះ​បាន​ចំណាយ​ថវិកា​វិនិយោគ​ប្រមាណ​៤​ពាន់​លាន​បាត​(​ប្រាក់​បាត​ថៃ​)​។​

បំពាក់​ដោយ​គ្រឿង​បរិក្ខារ​សុខាភិបាល​ទំនើបៗ​ទាន់សម័យ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​។​មជ្ឈមណ្ឌល​នេះ​មាន​បុគ្គលិក​ជំនាញ​ពោរពេញ​ដោយ​បទពិសោធ​ន៏​យូរ​ឆ្នាំ​ក្នុងការ​ផ្តល់ជូន​សេវាកម្ម​ដល់​ប្រជាជន​វ័យ​ចំណាស់​និង​អ្នក​ទេសចរណ៍​ដែល​ស្វែងរក​សេវា​វេជ្ជសាស្ត្រ​មកពី​ទ្វីបអាស៊ី ដែល​កំពុងតែ​មានការ​កើនឡើង​។​

​ក្រុមហ៊ុន Thonburi Healthcare Group (THG) មានបទពិសោធន៍​ជាង ៤០​ឆ្នាំ​ក្នុងការ​គ្រប់គ្រង​មន្ទីរពេទ្យ និង​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​។ ក្រុមហ៊ុន THG បាន​បើក​ដំណើរការ​មន្ទីរពេទ្យ នៅ​ទីក្រុង​បាងកក ។​តាម​បណ្តា​ខេត្ត​ផ្សេងទៀត​នៅក្នុង​ប្រទេស​ថៃ ដោយ​ផ្តល់ជូន​នូវ​សេវា​គ្រប់គ្រង​មន្ទីរពេទ្យ​, សេវា​ថែទាំ​សុខភាព​គ្រប់​ជ្រុងជ្រោយ ក៏ដូចជា​បើក​ដំណើរការ​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ និង​អាជីវកម្ម​គាំទ្រ​ដល់​វិស័យ​សុខាភិបាល​ផ្សេងៗ​ទៀតផង​ដែរ​។​
​ ​
​លោក​វេជ្ជបណ្ឌិត Boon Vanasin ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Thonburi Healthcare Group Public Company Limited (THG) បាន​ប្រសាសន៍ថា​៖”​ការបើក​ដំណើរការ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ថ្មី​បំផុត​របស់​ក្រុមហ៊ុន​ពួកយើង​គឺ​ដើម្បី​គាំទ្រ​ដល់​គោលនយោបាយ​របស់ រដ្ឋាភិបាល​ប្រទេស​ថៃ ក្នុងការ​ប្រែក្លាយ​ប្រទេស​ថៃ​ឲ្យ​ទៅជា​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​អន្តរជាតិ​។​

​នៅពេល​ប្រជាជន​កាន់តែ​យល់ដឹង​ពី​បញ្ហា​សុខភាព​ហើយ​ចំនួន​ប្រជាជន​វ័យ​ចំណាស់​កាន់តែ​កើនឡើង​វា​នាំ​ឲ្យ​មាននូវ​តម្រូវការ​មណ្ឌល​សុខភាព​ដែលមាន​សមត្ថភាព ដូចជា​មន្ទីរពេទ្យ ថុ​ន​បុរី​បំ​រ៉ុង​មឿង ជាដើម​។​អតិថិជន​កាន់តែច្រើន​កំពុង​ស្វែងរក​សេវា​ដែលមាន​គុណភាព​ខ្ពស់​ការធ្វើ​រោគវិនិច្ឆ័យ​លឿន​ជាង​មុន​និង​ការថែទាំ​សុខភាព​ឯកទេស ដែល​ទាំងអស់នេះ​សុទ្ធតែជា​អ្វីដែល​ពួកយើង​អាច​ផ្តល់ជូនបាន​។​”
​ ​
​នៅក្នុង​ឆ្នាំ​២០១៦​រដ្ឋាភិបាល​ថៃ​បាន​អនុវត្ត​គោលនយោបាយ​មួយ​ដែលមាន​គោលបំណង​ធ្វើឱ្យ​ប្រទេស​ថៃ ប្រែក្លាយជា​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ​អន្តរជាតិ ក្នុងអំឡុងពេល ១០​ឆ្នាំ ឬ​ក្នុង​បំណាច់​ឆ្នាំ​២០២៥​។ ក្រុមហ៊ុន​THG​ចាត់ទុក​គោលនយោបាយ​នេះ​ជា​ឱកាស​មួយ​សម្រាប់​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​ប្រទេស​ថៃ និង​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ទាក់ទាញ​ទេសចរណ៍​ស្វែងរក​សេវា​វេជ្ជសាស្ត្រ​។​
​ ​
​លោក​វេជ្ជបណ្ឌិត​Aimon Kopera​ប្រធាន​ផ្នែក​ពេទ្យ​នៃ​មន្ទីរពេទ្យ​Thonburi Bamrungmuang បាន​មានប្រសាសន៍ថា មន្ទីរពេទ្យ​សង្ឃឹមថា នឹង​អាច​ទាក់ទាញ​អ្នកជំងឺ​បរទេស​មកពី​ប្រទេស​កម្ពុជា​, ចិន​, ឡាវ​,​មី​យ៉ាន់​ម៉ា​និង​វៀតណាម​ដែល​មិនទាន់មាន​សេវា​វេជ្ជសាស្ត្រ​គ្រប់គ្រាន់​និង​មិន​ពេញចិត្ត​ចំពោះ​គុណភាព​សេវា​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​របស់ខ្លួន​។​

ទាំងនេះ​គឺជា​អ្វីដែល​ក្រុមហ៊ុន​THG​នឹង​អាច​ផ្តល់ជូន​ចំពោះ​សេវា​ថែទាំ​សុខភាព​តាម​តម្រូវការ​ផ្ទាល់ខ្លួន​ដែល​រួមបញ្ចូល​នូវ​ឱសថ​ជំនួស​និង​ការព្យាបាល​ប្រឆាំងនឹង​ភាព​ចាស់ជរា​។​មន្ទីរពេទ្យ​ក៏មាន​មជ្ឈមណ្ឌល​ថែទាំ​សុខភាព​មាត់​ធ្មេញ​ឌីជីថល​ដែល​ប្រព័ន្ធ​ឌីជីថល​ត្រូវ​បានដាក់​បម្រើ​ដើម្បី​ផ្ដល់ “​សេវាកម្ម​មួយថ្ងៃ​និង​សេវា​គ្រប់​ប្រភេទ​នៅ​កន្លែង​តែមួយ​” (One-Day & One-Stop Service) ។​

​លោក​វេជ្ជបណ្ឌិត Aimon បាន​បន្តថា “​ជាមួយនឹង​ការផ្ដល់ជូន​ទាំងនេះ​មន្ទីរពេទ្យ​បាន​ប៉ាន​ប្រមាណ​ទុក​ថា នឹង​អាច​ទាក់ទាញ​អ្នកទេសចរ​ចំនួន ៧៥.០០០​នាក់ ក្នុង​ឆ្នាំ​ទី​១ ដែលមាន​អតិថិជន​ជនជាតិ​ថៃ​ចំនួន ៤០ ភាគរយ​។​អតិថិជន​បរទេស​ចំនួន ៦០ ភាគរយ និង​មាន​ទិសដៅ​ក្នុងការ​រកប្រាក់​ចំណូល​ចំនួន ១.២០០ លាន​បាត​នៅក្នុង​ឆ្នាំ ២០១៩​។

ដោយសារតែ​មន្ទីរពេទ្យ មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​មមាញឹក Bamrungmuang​នៅក្នុង​ទីក្រុង​បាងកក​វា​ក៏​នឹង​ផ្តល់ជូន​ដល់​អតិថិជន​ដែល​រស់នៅក្នុង​តំបន់​យ៉ា​វ៉ា​រ៉ា​ត​(Yaowarat)​និង​តំបន់​ក្បែរ​នោះ​ផងដែរ​”៕S/

ចំណងជើង​រូ​បថ​តៈ​មន្ទីរពេទ្យ​ថុ​ន​បុរី​បំ​រ៉ុង​មឿង​រំពឹងថា​នឹង​អាច​ទាក់ទាញ​អ្នកជំងឺ​បរទេស​មកពី​ប្រទេស​កម្ពុជា​,​ចិន​,​ឡាវ​,​មី​យ៉ាន់​ម៉ា និង​វៀតណាម​