មន្ទីរអប់រំ​ខេត្តសៀមរាប​សរសើរ​ដ​ល់​សាលារៀន​ឯកជន​ដែល​បាន​បំពេញ​តួនាទី​ជា​ដៃគូ ជាមួយ​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ

805
ចែករម្លែក

ដោយ​: គូលែន / សៀមរាបៈ នា​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៨ លោក លី ប៊ុន​ណា អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​របស់​វិស័យ​ឯកជន ក្នុងការ​បង្កើត​សាលារៀន​គ្រប់​ក​ម្រិត ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល បាន​ចាត់ទុកថា វិស័យ​ឯកជន គឺជា​ដៃគូ​អភិវឌ្ឍន៍ មិនអាច​ខ្វះ​បាន​។​

​មានប្រសាសន៍​បែបនេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ ចែកជូន​លិខិត​សរសើរ និង រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ឆ្នើម​ក្នុង​សាលារៀន​អា​រី​ហ្សូ​ន សាខា​ខេត្តសៀមរាប ប្រចាំឆ្នាំ​សិក្សា ២០១៧-២០១៨​។​

​លោក លី ប៊ុន​ណា អនុប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តសៀមរាប បាន​បញ្ជាក់ថា ការចូលរួម​របស់​វិស័យ​ឯកជន ក្នុងការ​បង្កើត​សាលារៀន​គ្រប់​ក​ម្រឹត ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល បាន​ចាត់ទុកថា វិស័យ​ឯកជន គឺជា​ដៃគូ​អភិវឌ្ឍន៍ មិនអាច​ខ្វះ​បាន ហើយ​វិស័យ​អប់រំ គឺជា​កត្តា​គន្លឹះ សម្រាប់​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​មូលធន​មនុស្ស ដោយ​ផ្អែកលើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​គោលការណ៍​ក្រសួង​អប់រំ វិស័យ​ឯកជន​មានការ​រីកចម្រើន​ខ្លាំង តាមរយៈ​នៃ​ការបង្កើត​សាលា​ឯកជន​ថ្មីៗ​ជាច្រើន លើ​គ្រ​ប់ក​ម្រឹត តាំងពី​ថ្នាក់​ទារកដ្ឋាន ម​ត្តេ​យ្យ​សិក្សា បឋមសិក្សា មធ្យមសិក្សា រហូតដល់​ដ្នា​ក់​ឧ​ត្ត​មសិ​ក្សា​។​

​លោក​បាន​បន្តថា ហើយ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងនោះ កំពុង​បាន​បំពេញ​តួនាទី​របស់ខ្លួន ជា​ដៃគូ ជាមួយ​ភាគី​រដ្ឋ ហើយក៏​កំពុង​ស្ថិតក្នុង​ចលនា​ប្រឡងប្រណាំង ដើម្បី​គុណភាព​អប់រំ​ផងដែរ​។ លោក បានបញ្ជាក់​ទៀតថា គោលនយោបាយ​របស់​ក្រសួង​អប់រំ គឺ​ផ្តោតជាសំខាន់​ទៅលើ​ការធានា​សមធម៌ នៃ​សិស្ស​ទទួលបាន​ការចូល​រៀន ការធានា​គុណភាព​អប់រំ ប្រសិទ្ធភាព និង​ការឆ្លើយតប ហើយ​ក្រសួង​អប់រំ បានធ្វើ​កំណែទម្រង់ ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ ដើម្បី​កសាង​គោល​គ្រឹះ​សម្រេច​ជោគជ័យ តាម​តំណាក់កាល​នៃ​ការអភិវឌ្ឍន៍ ដើរ​ឲ្យ​ទាន់​បណ្តា​ប្រទេស​ក្នុង​តំបន់ និង បណ្តា​ប្រទេស​អភិវឌ្ឍ​នានា​លើ​សាកលលោក ៕