មន្ទីរ​កសិកម្ម​ខេត្តកំពង់ចាម ណែនាំ​អ្នក​ចិញ្ចឹម​មាន់​ទា ឲ្យ​ប្រុងប្រយ័ត្ន ក្រោយពី​ផ្ទុះ​ជំងឺផ្តាសាយបក្សី​

325

​(កំពង់ចាម)៖​មន្ត្រី​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តកំពង់ចាម​ចុះ​អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ជាពិសេស​បងប្អូន​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​ទា​ជាច្រើន​កន្លែង ឲ្យ​មានការ​ប្រុង​ប្រ​យ័​ខ្ពស់បំផុត បន្ទាប់ពី​មាន​ផ្ទុះ​ជំងឺផ្តាសាយបក្សី (H5N1) នៅ​ស្រុក​ព្រៃឈរ កាលពីពេល​ថ្មីៗ​នេះ​។​

​លោក គឹម សាវឿន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម ឲ្យ​ដឹងថា ក្រោយពី​មាន​ផ្ទុះ​ជំងឺផ្តាសាយបក្សី បណ្តាល​ឲ្យ​មាន់​ងាប់ជាង​១.០០០​ក្បាល ក្នុង​កសិដ្ឋាន​របស់លោក ឃុន សំបូរ នៅ​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ មក​នោះ មន្ត្រីរ​កសិកម្ម បង្កើន​ការផ្សព្វផ្សាយ​ជាច្រើន ទៅដល់​ប្រជាពលរដ្ឋ​។ ជាមួយ​នោះ​មន្ទីរ​ចុះ​សហការ​ការ អនុវត្តន៍​វិធានការ​បច្ចេកទេស​រប​ស់​មន្ត្រី​ជំនាញ ក្នុងការ​ពង្រឹង​ការទប់ស្កាត់​ចលនា​បក្សី​។​

​លោក​បាន​បន្តថា ចំពោះ​ផលិតផល មាន​ដើមកំណើត​ពី​បក្សី យើង​បាន​ហាមឃាត់​ជា​បណ្តោះអាសន្ន ក្នុងការ​នាំចេញ ឬ​នាំចូល​ពី​តំបន់​ផ្ទុះ​ជំងឺ​ខាងលើ ក្នុង​រង្វង់​បី​គីឡូម៉ែត្រ ដើម្បី​អនុវត្ត​វិធាន​បច្ចេកទេស​បសុពេទ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ទន្ទឹម​នោះ លោក​ក៍​សូម​អំពាវនាវ​ទៅដល់​ពលរដ្ឋ ជាពិសេស​ដល់​ម្ចាស់​កសិដ្ឋាន ចិញ្ចឹមសត្វ​មាន់ និង​ទា ដែល​នៅ​ទូទាំង​ខេត្តកំពង់ចាម មាន​ប្រហែល​ជាង​៣០​កន្លែង​នោះ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ក្នុង​ពេ​សមាន ការផ្លាស់ប្តូរ​អាកាសធាតុ​នេះ និង​រដូវ​បុណ្យទាន ដោយមាន​ការ​ចរាចរ​សត្វ​ជាច្រើន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។​

​លោក​បាន​បន្ថែមទៀតថា ក្នុងនោះ​លោក​ណែនាំ​ដល់​ពលរដ្ឋ ប្រសិនបើ​ប្រទះឃើញ​សត្វ​មាន​អាការ​: ដូចជា​មាន់​មាន​ស្នាម​ជាំ​ក្រហម​លើ​ក្បាល ឬ​ប្រេះ​ស្រកា ហៀរ​សំបោរ​ជាដើម​នោះ បងប្អូន​ពលរដ្ឋ ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ និង​អាជ្ញាធរ​ភូមិ​ឃុំ ដែល​នៅ​ជិត​នោះ​។ មួយវិញទៀត បើ​មាន​សត្វ​ងាប់ សូមកុំ​យក​សាច់សត្វ​ទាំងនោះ​ទៅ​បរិភោគ​។ សូម​យក​វា​ទៅ​ជីក​កប់​ក្នុង​ដី ដោយ​បាច​កំបោរ​លាយ​ផង ដើម្បី​សម្លាប់​មេរោគ​។​

​រយ​:​ពេល​ប្រមាណ​មួយ​សប្តាហ៍​មកហើយ ដែលមាន​សត្វ​មាន់ និង​ទា បាន​ឈឺ​ងាប់​ជា​បន្តបន្ទាប់ ដែល​បណ្តាល​ឲ្យ​ខាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេចយក​សំណាក​សត្វ​មាន់​ចំនួន​ពីរ​ក្បាល ដែល​បាន​ងាប់​ក្នុង​កសិដ្ឋាន​មួយកន្លែង ស្ថិតក្នុង​ភូមិ​កោះ​ស្វាយ ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ទៅធ្វើ​វិភាគ​។ ជាមួយ​លទ្ធ ផល​នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៧ បាន​បង្ហាញថា មាន់​ដែល​ងាប់​នោះ ដោយសារ​ជំងឺផ្តាសាយបក្សី ដែល​បង្កដោយ​វីរុស​ក្នុង​អនុ​ក្រុម AI (H5N1)​។​

​បន្ទាប់ពី​ផ្ទុះ​ជំងឺ​នេះ គេ​ឃើញ​មាន​ក្រសួង​ពាក់ព័ន្ធ រួមមាន​ក្រសួងកសិកម្ម​, ក្រសួងសុខាភិបាល អាជ្ញាធរខេត្ត​កំពង់ចាម ចុះទៅ​ធ្វើការ​អប់រំ​ណែនាំ និង​ចាត់វិធានការ​ទប់ស្កាត់​ជំងឺ​នេះ ដល់​កន្លែង​តែម្តង​។ ជាមួយ​នោះ ស្ថាប័ន ពាក់ព័ន្ធ​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​បិទ​កសិដ្ឋាន​ចិញ្ចឹម​មាន់​នោះ ជា​បណ្តោះអាសន្ន​សិន​។ ក៍​ប៉ុន្តែ​ជំងឺ​នេះ មិនទាន់មាន​ឆ្លង​រីក​រាលដាល ដល់​មនុស្ស​ណា​ម្នាក់​នៅឡើយ​ទេ​៕​ដោយ​: គង់ ហេង​/sn