មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​ផ្ដល់​ពូជស្រូវ​និង​ជី​ជួន​ប្រជាកសិករ​ចំនួន ៤០​គ្រួសារ

345

(​ប៉ៃលិន​)៖ មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បានផ្ដល់​ពូជស្រូវ និង​ជី​ជួន​ប្រជាកសិករ​ចំនួន ៤០​គ្រួសារ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម លើក​កំពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ ឱ្យបាន​កាន់តែ​ល្អប្រសើ​ឡើង​។​
​ការផ្ដល់​ពួជ​ស្រូវ និង​ជី​ដល់​ប្រជាកសិករ​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​រស់នៅ​ភូមិ​ដីសរ និង​ភូមិ​អូរ​ដូនតា ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។​

​លោក ផាន សុធា​ណា​រ៉ា ប្រធានការិយាល័យ​ក្សេត្រសាស្ត្រ នៃ​មន្ទីរ​កសិកម្ម បានឱ្យដឹងថា មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​ចងក្រង​ក្រុម​កសិករ​ជា​២​ក្រុម គឺ​ក្រុមទី​១​មាន​ចំនួន​២០​គ្រួសារ​រស់នៅ​ភូមិ​ដីស និង​ក្រុមទី​២​មាន​ចំនួន ២០​គ្រួសារ រស់នៅ​ភូមិ​អូរ​ដូនតា​។ ការចែក​ផ្ដល់​ពួជ​ស្រូវ​និង​ជី​នេះ គឺ​ធ្វើយ៉ាងណា​ឱ្យ​ការ​បង្កបង្កើនផល​ស្រូវ​បានល្អ ក្នុងការ​ឆ្លើយតប​ទៅនឹង​ការលើក​កំពស់​ជីវភាព​គ្រួសារ និង​តាម​តម្រូវការ​ទីផ្សា​ផងដែរ​។​

​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បានធ្វើ​ការណែនាំ​ដល់​មន្ត្រី​ជំនាញ ខិតខំ​ផ្សព្វផ្សាយ​ពី​បច្ចេកទេស ដល់​កសិករ​ឱ្យបាន​ច្បាស់លាស់ ដើម្បីឱ្យ​ពួកគាត់​យក​ពូជស្រូវ និង​ជី​ទាំងនេះ ទៅធ្វើ​ទទួលបាន​ទ​ន្និ​ផល​ខ្ពស់​លក់បាន​តម្លៃ​ខ្ពស់ ដើម្បី​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើ​ឡើង​។​

​ប្រជាកសិករ​ដែល​ទទួល​បាន​ពូជស្រូវ និង​ជី បាន​សម្ដែង​សេចក្ដី​សប្បាយរីករាយ​ដែល​ថ្នាក់ដឹកនាំ និង​មន្ទីរជំនាញ បាន​ចុះមក​ចែក​ពូជស្រូវ និង​ជី សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុងការ​បង្កបង្កើនផល ឱ្យទទួល​បាន​ទិ​ន្និ​ផល​ខ្ពស់​។ ប្រជាកសិករ​បានស្នើរ​ដល់​មន្ត្រី​ជំនាញ ជួយ​ធ្វើការ​បង្រៀន​ពី​បច្ចេកទេស នៃ​ការប្រើប្រាស់​ជី និង​ការថែទាំ​ដំណាំ​ដល់​ពួកគាត់​ស្របតាម​ស្ថានភាព​ដី​ជាក់ស្តែង​ផងដែរ​៕L ដោយៈ អ៊ុង​សា​រុំ​