មន្ទីរ​បញ្ច​កោណ​ចំណាយ​ជិត​១​ពាន់​លាន​ដុល្លារ​លើ​សម្ភារៈ​ផ្សេងៗ​ដើម្បី​ផលិត​ដ្រូ​ន​មុជទឹក​

565
ចែករម្លែក

​សភា​អាមេរិក​ថ្មីៗ​នេះ​បាន​ផ្តល់ឱ្យ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​នូវ​ថវិកា​ការពារជាតិ​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​។ នៅក្នុង​ថវិកា​នោះ ពួក​សមាជិកសភា​បាន​ចំណាយ​ថវិកាជាតិ​ជិត​១​ពាន់​លាន​ដុល្លារ​សម្រាប់​សម្ភារៈ​ផ្សេងៗ​ដើម្បី​ផលិត​ដ្រូ​ន​មុជទឹក​។​

​ក្រុមហ៊ុន​ម៉ៅការ​ចំនួន ២៣ បានទទួល​ការងារ​សម្រាប់​គម្រោង​តម្លៃ ៨០០ លាន​ដុល្លារ​ក្នុងការ​អភិវឌ្ឍ​យានយន្ត​មុជ​ក្រោម​ទឹក ដែល​ពេលខ្លះ​គេ​ហៅថា UUV, ដ្រូ​ន​មុជទឹក ឬ កូន​នាវាមុជទឹក ។​

​តើ​ក្រុមហ៊ុន​ទាំង​២៣​នេះ​នឹងធ្វើ​ការងារ​ប្រភេទ​ណាខ្លះ​? យោងតាម​ការជូនដំណឹង​កាលពី​ថ្ងៃទី ៣១ ខែកក្កដា​ពី​ក្រសួងការពារជាតិ​បានឱ្យដឹងថា ក្រុមហ៊ុន​ទាំងនេះ “​នឹង​គាំទ្រ​ដល់​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ​សម្រាប់​ការផ្គត់ផ្គង់​សម្ភារៈ​និង​សេវាកម្ម​ដែល​ប្រើប្រាស់​ដើម្បី​ផលិត ស្ថាបនា ប្រឌិត និង​គាំទ្រ​ដល់​ប្រព័ន្ធ​គ្រួសារ​យានយន្ត​មុជទឹក​គ្មាន​មនុស្ស​បើក​”​។​

​សេចក្តីជូនដំណឹង​នោះបាន​និយាយថា កិច្ចសន្យា​ក្នុងការ​គាំទ្រ​ការស្រាវជ្រាវ និង ការអភិវឌ្ឍ សម្រាប់​ការទិញ​គ្រឿង​សម្ភារៈ​ផ្សេងៗ​សម្រាប់​ដ្រូ​ន​មុជទឹក គឺ​រំពឹង​ចប់សព្វគ្រប់​ក្នុង​រយៈពេល ៥ ឆ្នាំ ពោលគឺ​នៅត្រឹម​ឆ្នាំ ២០២៣​។​

​សេចក្តីជូនដំណឹង​នោះ​បន្តទៀតថា ការសម្រេចចិត្ត​ជ្រើស​យក​ក្រុមហ៊ុន​ទាំង ២៣ ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ដំណើរការ​ប្រជែង​ដេញថ្លៃ​គ្នា​រវាង​ក្រុម​ចំនួន ២៨ ដើម្បី​ធ្វើ​ការងារ​នេះ​៕ ដោយ៖ កញ្ញាដាលីស

គម្រោង​ផលិត​ដ្រូ​ន​មុជទឹក​ទទួលបាន​ថវិកា ៨០០ លាន​ដុល្លារ​ពី​សភា​អាមេរិក