មន្ទីរ​បញ្ច​កោណ​និយាយថា​កងទ័ព​១.០០០​នាក់​នឹង​ដកចេញ​ពី​ស៊ី​រី​ភាគ​ខាងជើង​

225
ចែករម្លែក

​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទូ​១៣​តុលា​ថា ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​បញ្ជា​ឱ្យ​ដក​កងទ័ព​រហូតដល់​ទៅ ១.០០០ នាក់​ពី​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ពោលគឺ​ដកទ័ព​ជើងគោក​ស្ទើរតែ​ទាំងស្រុង​ពី​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ ចំពេល​មានការ​វាយលុក​កាន់តែខ្លាំង​ឡើង​ពី​តួ​ក​គី​ទៅលើ​កងកម្លាំង​ឃឺ​ដ​។​

​រដ្ឋមន្ត្រី​ការពារជាតិ​លោក ម៉ាក អេ​ស្ពើ បាន​និយាយថា ចំណាត់ការ​នេះ​បានកើត​ឡើង​បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​បានដឹងថា តួ​ក​គី​កំពុង​បន្ត​រុលចូល​ទៅក្នុង​ប្រទេស​ស៊ី​រី​ជ្រៅ​ជាង​ការរំពឹងទុក​។​

​ជនជាតិ​ឃឺ​ដ ដែល​អាម៉េរិក​បាន​សហការ​ជាមួយ​ដើម្បី​កម្ចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម (IS) ក្រោយមក​បានប្រកាសថា ពួកគេ​បាន​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​របប​ក្រុង​ដា​ម៉ាស​ដើម្បី​ពង្រាយ​កងទ័ព​ស៊ី​រី​នៅ​ជិត​ព្រំដែន​ដើម្បី​ប្រឈមមុខ​នឹង​ការវាយលុក​របស់​តួ​ក​គី​។​

​លោក​អេ​ស្ពើ​បាន​ប្រាប់​ក្នុង​កម្មវិធី “Face the Nation” របស់​ទូរទស្សន៍ CBS ថា “​យើង​មាន​កងកម្លាំង​អាម៉េរិក​ទំនងជា​ត្រូវ​ជាប់​នៅ​ចន្លោះ​កងទ័ព​ជា​គូប្រជែង​នឹង​គ្នា​ចំនួន ២ ដែល​កំពុង​រុលទៅមុខ ហើយ​វា​ជា​ស្ថានភាព​ដែល​មិនអាច​ទប់ទល់​បានទេ​។ ដូច្នេះ​ខ្ញុំ​បាន​និយាយ​ជាមួយ​ប្រធានាធិបតី​កាលពី​យប់មិញ​បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​ក្រុម​សន្តិសុខ​ជាតិ​ដែល​នៅសល់ ហើយ​គាត់​បាន​បញ្ជា​ឱ្យ​យើង​ចាប់ផ្តើម​ដក​កងកម្លាំង​ដោយ​ចេតនា​ពី​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី​”​។​

​លោក​អេ​ស្ពើ​បាន​និយាយថា លោក​មិនអាច​ផ្តល់ព័ត៌មាន​អំពី​ពេលវេលា​ដកទ័ព​បានទេ ដោយសារ​ស្ថានភាព​ផ្លាស់ប្តូរ​លឿន​ពេក​នៅនឹងកន្លែង ប៉ុន្តែ​លោក​បាន​បន្ថែមថា ការដក​ទ័ព​ចេញ​នឹងត្រូវ​ធ្វើឡើង​ក្នុង​របៀប​ប្រកបដោយ​សុវត្ថិភាព​។​

​លោក​អេ​ស្ពើ​បាន​ប្រាប់ CBS ថា “​មើលចុះ វា​ជា​ស្ថានភាព​ដ៏​គួរឱ្យខ្លាច​នៅ​ទីនោះ ស្ថានភាព​ដែល​បង្កដោយ​ពួក​តួ​ក​គី​…​ទោះបីជា​មានការ​ជំទាស់​ពី​យើង​ក៏ដោយ ក៏​ពួកគេ​នៅតែ​សម្រេចចិត្ត​ធ្វើការ​លុកលុយ​ចូលក្នុង​ប្រទេស​ស៊ី​រី​។ ហើយ​នៅ​ខណៈ​ពេលនេះ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុងក្រោយ យើង​បានដឹងថា​ពួកគេ​ទំនងជា​មានបំណង​ពង្រីក​ការវាយប្រហារ​របស់​ពួកគេ​បន្ថែមទៀត​នៅ​ភាគខាងត្បូង​ជ្រៅ​ជាង​ការគ្រោងទុក​និង​ទៅ​ភាគ​ខាងលិច​”៕ ដោយ៖ កញ្ញាដាលីស

ទ័ព​អាម៉េរិក​១០០០​នាក់​នឹង​ដកចេញ​ពី​ស៊ី​រី​ភាគ​ខាងជើង