មន្ទីរ​បញ្ច​កោណ​ព្រមាន​អំពី​ហានិភ័យ​នៃ​វត្តមាន​នាវាមុជទឹក​ចិន​នៅ​តំបន់​អាក​ទិ​ក​

853
ចែករម្លែក

​មន្ទីរ​បញ្ច​កោណ​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២ ឧសភា​ថា សកម្មភាព​របស់​ចិន​កាន់តែ​ជ្រៅ​ទៅៗ​នៅក្នុង​តំបន់​អាក​ទិ​ក​ក៏​អាច​ត្រួស​ត្រាយផ្លូវ​សម្រាប់​ពង្រឹង​វត្តមាន​យោធា​ផងដែរ រួមទាំង​ការដាក់​ពង្រាយ​នាវាមុជទឹក​ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​។​

​ការវាយតម្លៃ​នេះ​ត្រូវបាន​បញ្ចូល​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​យោធា​អាមេរិក​ទៅកាន់​សភា​ស្តីពី​កងកម្លាំងប្រដាប់អាវុធ​របស់​ចិន​និង​ផ្អែក​ទៅតាម​ការបោះពុម្ពផ្សាយ​ឯកសារ​ស​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្តីពី​គោលនយោបាយ​តំបន់​អាក​ទិ​ក​លើកដំបូង​របស់ខ្លួន​កាលពី​ខែមិថុនា​ឆ្នាំមុន​។​

​នៅក្នុង​ឯកា​រស​នោះ ចិន​បាន​គូសបញ្ជាក់​ពី​ផែនការ​អភិវឌ្ឍ​ផ្លូវ​ដឹកជញ្ជូន​តាម​សមុទ្រ​ដែល​បាន​បើកមុខ​ចេញពី​ផ្ទាំង​ទឹកកក​ដែល​រលាយ​ដោយសារ​ការឡើង​កម្តៅ​ផែនដី ដើម្បី​បង្កើត “​ផ្លូវ​សូត្រ​តំបន់​ប៉ូល​” ដែល​ផ្អែកលើ​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​របស់លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង​។​

​ទោះបីជា​មិនមែនជា​រដ្ឋ​ស្ថិតក្នុង​តំបន់​អាក​ទិ​ក ក៏ប៉ុន្តែ​ប្រទេស​ចិន​កំពុងតែ​សកម្ម​ខ្លាំង​ឡើង​នៅក្នុង​តំបន់​ប៉ូល​និង​បាន​ក្លាយជា​សមាជិក​សង្កេត​ការណ៍​របស់​ក្រុមប្រឹក្សា​តំបន់​អាក​ទិ​ក​ក្នុង​ឆ្នាំ ២០១៣​។ ការណ៍​នេះ​បានធ្វើឱ្យ​មានការ​ព្រួយបារម្ភ​ពី​បណ្តា​រដ្ឋ​នៅ​តំបន់​អាក​ទិ​ក​អំពី​គោលដៅ​យុទ្ធសាស្ត្រ​រយៈពេល​វែងរ​បស់​ក្រុង​ប៉េកាំង​រួមទាំង​លទ្ធភាព​ដាក់ពង្រាយ​យោធា​។​

​របាយការណ៍​របស់​ម​ន្ទីរ​បញ្ច​កោណ​បាន​កត់សម្គាល់ថា ដា​ណឺ​ម៉ាក​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ចំណាប់អារម្មណ៍​របស់​ចិន​ចំពោះ​តំបន់​ហ្គ្រី​ន​លែ​ន ដែល​រួមមាន​ទាំង​សំណើ​បង្កើត​ស្ថានីយ​ស្រាវជ្រាវ បង្កើត​ស្ថានីយ​ផ្កាយរណប ជួសជុល​ព្រលានយន្តហោះ និង​ពង្រីក​ការជីក​រ៉ែ​។​

​របាយការណ៍​នេះ​បានឱ្យដឹងថា “​ការស្រាវជ្រាវ​ស៊ីវិល​អាចជួយ​ដល់​វត្តមាន​របស់​កងទ័ព​ចិន​នៅ​តំបន់​សមុទ្រ​អាក​ទិ​ក ដែល​អាច​រួមមាន​ការដាក់​ពង្រាយ​នាវាមុជទឹក​ទៅក្នុង​តំបន់​សម្រាប់​ជាការ​ទប់ស្កាត់​នឹង​ការវាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​”​។​

​របាយការណ៍​របស់​ម​ន្ទីរ​បញ្ច​កោណ​បានកត់សម្គាល់​ថា​យោធា​ចិន​បានដាក់​អាទិភាព​កំពូល​ទៅលើ​ការធ្វើ​ទំនើបកម្ម​កង​នាវាមុជទឹក​របស់ខ្លួន​។ របាយការណ៍​នេះ​បាន​លើកឡើងថា កងទ័ពជើងទឹក​ចិន​សព្វថ្ងៃ​កំពុង​ធ្វើ​ប្រតិបត្តិការ​នាវាមុជទឹក​បំពាក់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ចំនួន​៤​គ្រឿង នាវាមុជទឹក​ប្រយុទ្ធ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​ចំនួន​៦​គ្រឿង និង​នាវាមុជទឹក​ប្រយុទ្ធ​ធម្មតា​ចំនួន ៥០ គ្រឿង​។​

​របាយការណ៍​នេះ​បាន​ព្យាករណ៍​ថា “​ល្បឿន​នៃ​ការរីកលូតលាស់​នៃ​កងកម្លាំង​នាវាមុជទឹក​ចិន​គឺមាន​ល្បឿន​យឺត ហើយ​វា​ទំនងជា​នឹង​កើនឡើង​ចន្លោះ ៦៥ ទៅ ៧០ គ្រឿង​នៅ​ឆ្នាំ ២០២០”​។​

​ផ្ទុយ​មកវិញ សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​កំពុង​ពង្រីក​ការដាក់​ពង្រាយ​កងទ័ព​ជើង​ទឹក​ប្រឆាំងនឹង​នាវាមុជទឹក​នៅ​ទូទាំង​អាស៊ី​បូព៌ា​។ នេះ​រាប់បញ្ចូល​ទាំង​ការ​ល្បាត​ដោយ​យន្ដហោះ​ប្រមាញ់​នាវាមុជទឹក​ធុន P-8 Poseidon របស់​អាមេរិក​ដែល​ហោះ​ចេញពី​ប្រទេស​សិង្ហ​បុរី​និង​ជប៉ុន​៕ ដោយ៖ កញ្ញាដាលីស

នាវាមុជទឹក​របស់​ចិន