មន្ទីរ​បញ្ច​កោណ​ព្រួយបារម្ភ​អំពី​មី​ស៊ី​ល​ប្រឆាំង​ផ្កាយរណប​ដ៏​ទំនើប​របស់​ចិន និង​រុស្ស៊ី​

237

​មន្ទីរ​បញ្ច​កោណ​បានបង្ហាញ​ការព្រួយបារម្ភ​ថា ចិន​និង​រុស្ស៊ី​កំពុង​ផលិត​មី​ស៊ី​ល​ប្រឆាំងនឹង​ផ្កាយរណប (ASAT) ដែល​អាច​បាញ់​ចេញពី​ចំណោម​ហ្វូង​ផ្កាយ​មកលើ​ផ្កាយរណប​នានា​របស់​អាមេរិក​នៅលើ​ដង​តារាវិថី​ក្នុង​រយៈពេល​២​ឆ្នាំ​ខាងមុខ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​ស្ពុ​ត​និក​ចេញផ្សាយ​កាលពី​ថ្ងៃទី ៣១ មករា​។​

​នាយអគ្គសេនាធិការ​ចម្រុះ​ផ្នែក​ចារកម្ម​របស់​អាមេរិក ដែលមាន​ឈ្មោះ​សម្ងាត់​ថា J-2 បាន​ប្រាប់​សារព័ត៌មាន Washington Free Beacon ថា មី​ស៊ី​ល​ទាំងនេះ​កំពុងស្ថិត​នៅក្នុង​ការអភិវឌ្ឍ​ហើយ​នឹងមាន​សមត្ថភាព​ប្រយុទ្ធ​នៅ​ដើមឆ្នាំ ២០២០​។​

​កាលពី​ខែឧសភា នាយក​មជ្ឈមណ្ឌល​ស៊ើបការណ៍​ជាតិ លោក ដាន់ ខូ​ត (Dan Coats) បាន​និយាយថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និង​ក្រុង​ប៉េកាំង​កំពុង​ពិចារណា “​វាយប្រហារ​” ប្រឆាំងនឹង​ប្រព័ន្ធ​ផ្កាយរណប ដែលជា​ផ្នែក​មួយ​នៃ​គោល​លទ្ធិ​នៃ​សង្គ្រាម​នាពេល​អនាគតរ​បស់​ពួកគេ​។​

​លោក​ខូ​ត​បាន​ប្រាប់​សភា​អាមេរិក​ថា “​ប្រទេស​ទាំង​២​នឹង​បន្ត​ផលិត​អាវុធ ASAT ពេញលេញ​ដើម្បី​ជា​មធ្យោបាយ​កាត់បន្ថយ​ប្រសិទ្ធភាព​យោធា​របស់​សហរដ្ឋអាមេរិក​”​។ រុស្ស៊ី​កំពុង​ស្វះស្វែង “​បង្កើន​សមត្ថភាព​ចម្រុះ​ជាច្រើន​ដើម្បី​ដាក់​ឥទ្ធិពល​លើ​ផ្កាយរណប​នានា​នៅក្នុង​របប​គោចរ​ទាំងឡាយ​” ដូចជា​កាំភ្លើង​ឡាស៊ែរ​ជាដើម​។​

​សារព័ត៌មាន Washington Free Beacon ព្យាករណ៍​ថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ចំណាយ ៥ ពាន់​លាន​ដុល្លារ​រាល់​ឆ្នាំ​លើ​អាវុធ ASAT ដូចជា​មី​ស៊ី​ល Nudol ASAT ដែល​ទើបតែ​សាកល្បង​ថ្មីៗ​បំផុត​គឺ​ក្នុង​ខែធ្នូ​ឆ្នាំ ២០១៦​។ មី​ស៊ី​លបាញ់​ពី​ដី​ទៅ​អាកាស S-300, S-400 និង S-500 របស់​រុស្ស៊ី​ក៏មាន​សមត្ថភាព​វាយប្រហារ​គោលដៅ​ផ្កាយរណប​របស់​អាមេរិក​ផងដែរ​។​

​កម្មវិធី​របស់​ចិន​គឺមាន​ភាព​សម្ងាត់​ណាស់ ប៉ុន្តែ​គេ​គិតថា​ជា​ផែនការ​គួរឱ្យខ្លាច​។ ក្នុង​ឆ្នាំ ២០១០ ឆ្នាំ ២០១៣ និង​ឆ្នាំ ២០១៤ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានធ្វើការ​សាកល្បង​ខែល​ការពារ​មី​ស៊ី​លពាក់​កណ្តាល​អាកាស ដែល​មន្ទីរ​បញ្ច​កោណ​យល់ឃើញថា​ជា​ប្រព័ន្ធ​មួយ​អាច​កែច្នៃ​ឡើងវិញ​បាន​យ៉ាង​ងាយ​បំផុត​ដើម្បី​បាញ់​ទម្លាក់​ផ្កាយរណប​៕ ដោយ៖ កញ្ញាដាលីស

មន្ទីរ​បញ្ច​កោណ​បានបង្ហាញ​ការព្រួយបារម្ភ​ថា ចិន​និង​រុស្ស៊ី​កំពុង​ផលិត​មី​ស៊ី​ល​ប្រឆាំងនឹង​ផ្កាយរណប​អាមេរិក យ៉ាងយូរ ២ ឆ្នាំ​ទៀត