មន្ទីរ​បញ្ច​កោណ​យល់ព្រម​ចំពោះ​ការដាក់​ពង្រាយ​កងទ័ព​បន្ថែម ១.០០០ នាក់​ទៅកាន់​មជ្ឈិមបូព៌ា​

483
ចែករម្លែក

​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី​អាម៉េរិក​លោក ផា​ទ្រី​ក សា​ណា​ហាន បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា​ថា មន្ទីរ​បញ្ច​កោណ​បានអនុញ្ញាត​ឱ្យមាន​ការ​ដាក់ពង្រាយ​កងទ័ព​បន្ថែម ១.០០០ នាក់​សម្រាប់​គោលបំណង​ការពារ​ខ្លួន “​ដើម្បី​ដោះស្រាយ​ការគំរាមកំហែង​ជើង​អាកាស ជើង​ទឹក និង ជើងគោក​នៅ​មជ្ឈិមបូព៌ា​”​។​

​យោងតាម​លោក​សា​ណា​ហាន “​ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ​បាន​បញ្ជាក់ថា​ព័ត៌មាន​ចារកម្ម​គឺអាច​ជឿទុកចិត្ត​បាន​ដែល​យើង​ទទួលបាន​អំពី​ឥរិយាបថ​អរិភាព​ដោយ​កងកម្លាំង​អ៊ីរ៉ង់​និង​ក្រុម​ឧទ្ទាម​ដៃជើង​របស់​ពួកគេ ដែល​គំរាមកំហែង​ដល់​យោធា​និង​ផលប្រយោជន៍​របស់​អាម៉េរិក​នៅ​ទូទាំង​តំបន់​”​។​

​លោក​សា​ណា​ហាន​បាន​សង្កត់ធ្ងន់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា វ៉ាស៊ីនតោន “​មិន​ស្វែងរក​ការប៉ះទង្គិច​ជាមួយ​អ៊ីរ៉ង់​ទេ​” ដោយ​បន្ថែមថា “​សកម្មភាព​កំពុង​ធ្វើឡើង​នេះ​គឺ​ដើម្បី​ធានា​សុវត្ថិភាព​និង​សុខុមាលភាព​របស់​បុគ្គ​លិ​ក​យោធា​របស់​យើង​ដែល​ធ្វើការ​នៅ​ទូទាំង​តំបន់​និង​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​របស់​យើង​” ។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន នាវា​ដឹក​ប្រេង​ពីរ​គ្រឿង គឺ Kokuka Courageous និង Front Altair បាន​រង​ការវាយប្រហារ​នៅក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់​នៅក្បែរ​ច្រក​សមុទ្រ​ហ័​រ​មូស​។ ខណៈដែល​មូលហេតុ​នៃ​ឧបទ្ទវហេតុ​នៅតែ​មិនទាន់​ដឹង​នៅឡើយ សហរដ្ឋ​អាម៉េរិក​បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​បំផ្លាញ​នាវា​ទាំងនោះ​។​

​បន្ទាប់ពី​ការវាយប្រហារ​នោះ ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​បញ្ជា​ឱ្យ​នាវាចម្បាំង USS Mason បញ្ជូនទៅ​តំបន់​នោះ ដោយ​បន្ថែម​វត្តមាន​យោធា​ដ៏​សំខាន់​របស់​អាម៉េរិក​នៅ​ក្នុង​តំបន់​។​

​មន្ទីរ​បញ្ច​កោណ​បាន​បង្កើន​កងកម្លាំងរ​បស់​ខ្លួន​នៅ​មជ្ឈិមបូព៌ា​នាពេល​ថ្មីៗ​នេះ​។ ការដាក់​ពង្រាយ​របស់​អាម៉េរិក​ក្នុង​តំបន់​រួមមាន​ក្រុម​ប្រយុទ្ធ​របស់​នាវា​ផ្ទុក​យន្តហោះ មី​ស៊ី​ល Patriot យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 និង​យន្តហោះ​ចម្បាំង F-15​។ នេះ​បើ​យោងតាម​ក្រសួងការពារជាតិ​អាម៉េរិក​៕ ដោយ៖ កញ្ញាដាលីស

ទាហាន​អាម៉េរិក​១​ពាន់​នាក់​ទៀត​នឹងត្រូវ​បញ្ជូនទៅ​តំបន់​មជ្ឈិមបូព៌ា