មន្ទីរ​បញ្ច​កោណ​៖ ការបញ្ជូន​កងទ័ព​អាម៉េរិក​ថ្មី​នៅ​មជ្ឈិម​បូព៌ា គឺ​រួមជាមួយ​នឹង​មី​ស៊ី​ល​និង​យន្តហោះ​ឌ្រូ​ន​ទំនើប​

545
ចែករម្លែក

​មន្ទីរ​បញ្ច​កោណ​បាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា​ការ​ដាក់​ពង្រាយ​កងទ័ព​ថ្មី​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​នៅ​មជ្ឈិមបូព៌ា ក៏​នឹង​រួមបញ្ចូល​ទាំង​មី​ស៊ី​ល​ទំនើប​Patriot ​យន្តហោះ​ឌ្រូ​ន និង​យន្តហោះ​ស៊ើបការណ៍​ជាច្រើន​គ្រឿង​។​

​ទោះបីជា មន្ទីរ​បញ្ច​កោណ​បានបង្ហាញ​ថា​ខ្លួន​មិន​ចង់​ធ្វើ​សង្គ្រាម​ប្រឆាំង​អ៊ីរ៉ង់​នោះទេ ប៉ុន្តែ​ថា​វា​ជា​ការ​ត្រូវ​ប្រុងប្រៀប​និង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ការពារ​កងទ័ព​អាម៉េរិក​​និង​ផលប្រយោជន៍​របស់​អាម៉េរិក​នៅក្នុង​តំបន់​។ នេះ​បើ​យោង​តាម​សារព័ត៌មាន​Reuters ។​

​ការវិវត្តន៍​ចុងក្រោយ​បំផុត​នេះ បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​ស្តីទី​លោក Patrick Shanahan បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា​សហរដ្ឋ​អាម៉េរិក​​នឹង​បញ្ជូន​កងទ័ព​បន្ថែម​ចំនួន​១.០០០​នាក់​ទៅ​មជ្ឈិមបូព៌ា​ដើម្បី​ប្រឆាំងនឹង​ការគំរាមកំហែង​របស់​អ៊ីរ៉ង់​។ ក្នុងពេល​ជាមួយគ្នា​នោះ លោក​Patrick Shanahan បាន​និយាយ​​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា កងទ័ព​និង​សព្វាវុធ​ទាំងនេះ នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ប្រឆាំង​ការគំរាមកំហែង​តាម​អាកាស ជើង​ទឹក​និង​ជើងគោក នៅ​តំបន់​នោះ​”​។​

​សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែមថា​ការវាយប្រហារ​ថ្មីៗ​ដោយ​អ៊ីរ៉ង់​អាច​បញ្ជាក់​នូវ​ភាពជឿជាក់​ដែលថា​យើ​សង​ប្រឈម​ឥរិយាបថ​អរិភាព​ដោយ​កងកម្លាំង​អ៊ីរ៉ង់​និង​ក្រុម​គ្នា​​របស់​ពួកគេ​ដែល​គំរាមកំហែង​កងទ័ព​និង​ផលប្រយោជន៍​របស់​សហ​រដ្ឋ​អាម៉េរិក​នៅ​ទូទាំង​តំបន់​នេះ​។​

​អ៊ីរ៉ង់​ត្រូវបាន​ស្តីបន្ទោស​ដោយ​សហរដ្ឋ​អាម៉េរិក​ចំពោះ​ការវាយប្រហារ​ថ្មីៗ​នេះ​ទៅ​លើ​នាវា​ដឹក​ប្រេង​ច្រើន​គ្រឿង​នៅ​ក្នុង​តំបន់​នោះ ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេធ​ថា​ខ្លួន​មិន​ជាប់​ពាន់​ព័ន្ធ​​នឹង​ការវាយប្រហារ​នោះទេ​៕​ដោយ​៖​សុខា​/sn