មន្ទីរ​បញ្ច​កោណ ចំណាយ​លើ​ក្ដាម​បង្កង​មួយខែ​អស់​ជិត ៥ លាន​ដុល្លារ​

224
ចែករម្លែក

អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ​មួយ​ឈ្មោះ OpenTheBooks ដែល​ព្យាយាម​នាំមក​នូវ តម្លាភាព និង​ប្រសិទ្ធភាព​ដល់​ថវិកា​សហព័ន្ធ​បាន​លាតត្រដាង​ថា រដ្ឋាភិបាល​សហព័ន្ធ របស់​សហរដ្ឋអាមេរិក បាន​ស៊ីចាយ​ខ្ជះខ្ជាយ ដោយ​ចំណាយ​អស់​រហូតដល់​ទៅ ៤,៦ លាន​ដុល្លារ​គ្រាន់តែ​ទៅលើ​អាហារ​ប្រណីតៗ​ដូចជា​ក្ដាម និង​បង្កង​នៅ​ខែ​ចុង ក្រោយ​នៃ​ឆ្នាំសារពើពន្ធ​ឆ្នាំ​២០១៨​។
​ ​
​យោងតាម​របាយការណ៍​ដែលមាន​ចំណងជើង​ថា “The Federal Government’s Use-It-Or-Lose-It Spending Spree” (​រដ្ឋាភិបាល​សហព័ន្ធ​ចំណាយ​ហួស ប្រមាណ តែបើ​មិន​ចាយ រដ្ឋ​នឹង​ដកយក​វិញ​) បង្ហាញថា បណ្តា​ទីភ្នាក់ងារ​សហព័ន្ធ​បាន​ចំណាយ សរុប​រហូតដល់​ទៅ ៩៧ ពាន់​លាន​ដុល្លារ​ទៅលើ​កិច្ចសន្យា​នានា​កាលពី​ឆ្នាំមុន កើនឡើង ១៦ ភាគរយ​ធៀប​នឹង​ឆ្នាំសារពើពន្ធ​២០១៧​។
​ ​
នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នៃ​ឆ្នាំសារពើពន្ធ​២០១៨ បណ្តា​ទីភ្នាក់ងារ​បាន​បង្កើន​ការចំណាយ របស់ខ្លួន​រហូតដល់​ទៅ ៥៣ ពាន់​លាន​ដុល្លារ ដែល​ច្រើនជាង​ការចំណាយ​ក្នុង​ខែកក្កដា ទាំងមូល​ទៅទៀត​។
​ ​
​ច្បាស់​ណាស់ នេះ​មិនមែនជា​រឿង​ថ្មី​ទេ ដោយនៅ​ខែ​ចុងក្រោយ​នៃ​ឆ្នាំសារពើពន្ធ នីមួយៗ បណ្តា​ទីភ្នាក់ងារ​តែងតែ​ខំប្រឹង​ចំណាយ​ឱ្យអស់​នូវ​ថវិកា​ប្រចាំឆ្នាំ​ដែល​នៅសល់​។ ហើយ​បើ​ពួកគេ​មិន​ធ្វើបែបនេះ​ទេ​នឹងមាន​ការព្រួយបារម្ភ​ខ្លាច​សភា​អនុម័ត​ថវិកា​តិចជាង រាល់ដង​នៅ​ឆ្នាំក្រោយ​៕ ប្រែ​សម្រួលៈ ខុម