មន្ទីរ​បញ្ច​កោណ ៖ ចិន​នាំមុខគេ​ក្នុង​វិស័យ​បច្ចេកវិជ្ជា​យោធា​មួយចំនួន​

544
ចែករម្លែក
  • 211
    Shares

​ការវាយតម្លៃ​របស់​ម​ន្ទីរ​បញ្ច​កោណ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៥​មករា​បាន​បង្ហាញថា ចិន​កំពុង​ជិត​ដាក់ពង្រាយ​ប្រព័ន្ធ​អាវុធ​ទំនើប​បំផុត​មួយចំនួន​របស់​ពិភពលោក ហើយ​ក្នុង​ករណីខ្លះ​បាន​វ៉ា​ឈ្នះ​គូប្រជែង​របស់ខ្លួន​រួចទៅហើយ​។​

​របាយការណ៍​មិន​សម្ងាត់​មួយ​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​របស់​ក្រសួងការពារជាតិ​បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្កើត​នូវ​ដំណើរ​អភិវឌ្ឍន៍​វិស័យ​យោធា​ដ៏​ធំធេង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដោយសារតែ​ច្បាប់​ក្នុងស្រុក​បាន​បង្ខំ​ឱ្យ​ដៃគូ​បរទេស​ប្រគល់​អាថ៌កំបាំង​បច្ចេកទេស​ជា​ថ្នូរ​ដើម្បី​បាន​ចូលក្នុង​ទីផ្សារ​ធំ​ទូលាយ​របស់​ចិន​។​

​ជា​លទ្ធផល​នៃ​ការ “​ទទួលបាន​បច្ចេកវិជ្ជា​តាម​គ្រប់​មធ្យោបាយ​ដែល​អាច​ប្រើ​បាន​” ប្រទេស​ចិន​ឥឡូវនេះ​កំពុង​ឈានមុខ​គេ​លើ​បច្ចេកវិជ្ជា​ជាច្រើន​រួមទាំង​ការ​រចនា​ម៉ូត​នាវា​របស់​កងទ័ពជើងទឹក​របស់ខ្លួន ការផលិត​មី​ស៊ី​ល​ចម្ងាយ​មធ្យម​ព្រមទាំង​មី​ស៊ី​ល​លឿន​ជាង​សំឡេង កន្លែង​ដែល​វា​អាច​ហោះ​គ្រប់ពេល​នៃ​ល្បឿន​របស់​សំឡេង​និង​ឆ្លងកាត់​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​បាន​យ៉ាង​ងាយ​។​

​របាយការណ៍​ដែលមាន​ចំណងជើង​ថា “​កម្លាំងយោធា​ចិន​” បានសរសេរថា “​លទ្ធផល​នៃ​វិធីសាស្ត្រ​ចម្រុះ​ក្នុងការ​ទទួលបាន​បច្ចេក​វិជ្ជា​នានា ធ្វើឱ្យ PLA (​កងទ័ព​រំដោះប្រជាជន​) កំពុង​ជិត​ដាក់ពង្រាយ​ប្រព័ន្ធ​អាវុធ​ទំនើប​បំផុត​មួយចំនួន​នៅក្នុង​ពិភពលោក​។ ក្នុង​វិស័យ​ខ្លះ ចិន​បាន​នាំមុខ​ពិភពលោក​រួចទៅហើយ​”​។​

​របាយការណ៍​នេះ​កត់សម្គាល់ថា​ការកើនឡើង​កម្លាំងយោធា​ចិន​អាច​មានន័យថា​ចិន​មាន​សមត្ថភាព​ខ្ពស់​ខាងជើង​អាកាស សមុទ្រ អវកាស​និង​ក្នុង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ដែល​នឹង​ធ្វើឱ្យ​ចិន​អាច​ដាក់ចេញ​នូវ​ឆន្ទៈ​របស់ខ្លួន​នៅក្នុង​តំបន់​”​។​

​ការយកចិត្តទុកដាក់​ជាពិសេស​សម្រាប់​ក្រុង​ប៉េកាំង​គឺ​លទ្ធភាព​នៃ​ការប៉ះទង្គិច​គ្នា​ជា​លើកចុងក្រោយ​បំផុត​ជាមួយ​តៃវ៉ាន់ ដែល​ចិន​មើលឃើញថា​ជា​ផ្នែក​នៃ​ទឹកដី​របស់ខ្លួន​។​

​ប៉េកាំង​និយាយថា​ខ្លួន​នឹងមិន​ស្ទាក់ស្ទើរ​ក្នុងការ​ប្រើ​កម្លាំង​ទេ ប្រសិនបើ​ក្រុង​តៃប៉ិ​ប្រកាស​ជា​ផ្លូវការ​នូវ​ឯករាជ្យភាព​ឬ​ក្នុងករណី​មាន​អន្តរាគមន៍​ពី​ខាងក្រៅ​រួមទាំង​សហរដ្ឋអាមេរិក ដែលជា​សម្ព័ន្ធមិត្ត​ក្រៅផ្លូវការ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​កោះ​នេះ​៕ ដោយ៖ កញ្ញាដាលីស

យាន​រ៉ុក្កែត Long March 3B របស់​ចិន​បាញ់​បង្ហោះ​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨