មន្ទីរ​ផែនការ ប៉ាន់​ស្មានថា ចំនួន​ពលរដ្ឋ​នៅក្នុង​ខេត្តកោះកុង​កើន​ច្រើន

906
ចែករម្លែក

ដោយ​:​សុ​ផានី​តា​/​កោះកុង ៖ ចំនួន​ពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​ទឹកដី​ខេត្តកោះកុង នឹង​កើនឡើង​ច្រើនជាង​មុន ក្រោយ​សម្ភាសន៍ និង​សរុប​ពិនិត្យ​ទិន្នន័យ​នៃ​ការធ្វើ​ជំ​រឿ​ប្រជាជន​សម្រាប់​ឆ្នាំ​២០១៩​រួចរាល់​។ បើតាម​លោក អៀ​ត វណ្ណា ប្រធាន​មន្ទីរ​ផែនការ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជំ​រឿ​ទូទៅ​ប្រជាជន​កម្ពុជា​ប្រចាំ​ខេត្តកោះកុង លោក​នឹង​ខិតខំ​ជំរុញ​ធ្វើយ៉ាងណា​ឱ្យ​មន្ត្រី​ចុះ​រាប់​ចំនួន​ប្រជាជន​អោយអស់ ទោះបីជា​ពេលយប់ ឬ​ថ្ងៃ​ក៏ដោយ​។​

​ខណៈ​លំហូរ​ប្រជាពលរដ្ឋ​តាម​បណ្តា​ខេត្ត​ក្រុង​ផ្សេងៗ​បានមក​រស់នៅ ប្រកប​អាជីវកម្ម និង​បម្រើ​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ពិសេស​គឺ​ក្រុង​ខេមរភូមិន្ទ​តែម្តង​។ គឺ​ឃើញ​មាន​ចំនួន​ច្រើន​ជា​បន្តបន្ទាប់ ដូច្នេះ​ការធ្វើ​ជំ​រឿ​ប្រជាជន​ទូទៅ​ឆ្នាំ​២០១៩​នឹង​កើនឡើង​ដូចគ្នា​ដែរ​។ ខណៈ​សព្វថ្ងៃនេះ កោះកុង​មាន​ប្រជាពលរដ្ឋ​រស់នៅ​សរុប​ប្រមាណ​១៣​មឺ​ុ​ន​នាក់​។​

​លោក​អៀ​ត វណ្ណា ប្រធាន​មន្ទីរ​ផែនការ និង​ជា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជំ​រឿ​ទូទៅ​ប្រជាជន​ប្រចាំ​នៅ​ខេត្តកោះកុង បានឱ្យដឹង​នៅ​ថ្ងៃទី​៤ ខែមីនា ថា ក្រុមការងារ​ធ្វើ​ជំ​រឿ​មាន​មន្ត្រី​ជិត​៤០០​នាក់ នៅ​ខេត្តកោះកុង ចុះ​ស្រង់​ស្ថិត​ព័ត៌មាន​ពិតប្រាកដ​ផ្ទាល់ មាត់​ពី​ជីវភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​មូលដ្ឋាន សម្រាប់ធ្វើ​ជំ​រឿ​ទូទៅ​នូវ​ប្រជារាស្ត្រ​លើក​ទី​៣ តាំងតែ​ពីថ្ងៃ​ទី​៣ ខែមីនា មកម្ល៉េះ​។ ក្រោយពី​ពួកគេ​មាន​ទទួល​សិក្សា​វគ្គប​ណ្តុះ បណ្តាល​ចំនួន​២​លើក មុននឹង​អនុវត្ត​ការងារ​ផ្ទាល់​តាម​មូលដ្ឋាន​គោលដៅ​។​

ប្រធាន​មន្ទីរ​ផែនការ​កោះកុង ពន្យល់​ដែរ​ថ មន្ត្រី​ដែល​ចុះ​សម្ភាសន៍ និង​កត់​ស្រង់​ស្ថិត​ជំ​រឿ​ប្រជាជន​សម្រាប់​ឆ្នាំ​២០១៩ ក្នុង​គោលបំនង​ដើម្បី​ដឹង​ច្បាស់​អំពី​ចំនួន និង​ជីវភាព​ពលរដ្ឋ គ្រា​ដែរ​ការងារ​ជំ​រឿង​នៅ​កម្ពុជា ធ្វើឡើង​រៀងរាល់​១០​ឆ្នាំ​ម្តង​។ ពោលគឺ ការងារ​ជំ​រឿ​ពុំមែន​ជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ សម្រាប់​អនុវត្ត ប្រសិន​ណា​ប្រជាពលរដ្ឋ និង​ពាក់ព័ន្ធ​ចូលរួម​សហការ​សម្របសម្រួល​។ ទោះយ៉ាងណា នៅ​ថ្ងៃ​ដំបូង​នៃ​ការចុះ​ជំ​រឿង​តាម​ខ្នង​ផ្ទះ គឺ​ប្រជាពលរដ្ឋ​មាន​កិច្ចសហការ​ផ្តល់ព័ត៌មាន​ពិតប្រាកដ​ដែល​ខ្លួន​មានមក​កាន់​ក្រុមមន្ត្រី​ជំ​រឿ​បាន​យ៉ាង​ល្អប្រសើរ​។​

ដើម្បី​ទទួលបាន​ជោគជ័យ​នៃ​ការធ្វើ​ជំ​រឿ​ប្រជាជន លោក អៀ​ត វណ្ណា បាន​សុំ​កិច្ច សហការ​ជា​អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ស្រុក​ក្រុង​ឃុំ​សង្កាត់​ភូមិ​ទាំងអស់​ជួយ​សម្រប សម្រួល​ផងដែរ ទោះបីជា​ពលរដ្ឋ​រវល់​បំពេញការងារ​រកស៊ី ឬ​នៅតាម​បណ្តា​កោះ​ក៏ដោយ ក៏ត្រូវ​ធ្វើ​ជំ​រឿ​អោយបាន​ដូចគ្នា មិន​ថា​ពេលយប់ ឬ​ពេល​ថ្ងៃ​នោះទេ​។​

ពាក់ព័ន្ធ​នឹង​ការធ្វើ​ជំ​រឿ​ប្រជាជន​ឆ្នាំ​២០១៩​នេះដែរ អ្នកស្រី អៀ ឃុន និង​លោក ហួត សុផាន់ ជា​ពលរដ្ឋ​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ បានលើកឡើង​ស្រដៀង​គ្នា​ថា ពួកគាត់​ពួកគាត់​ពេញចិត្ត​សហការ​ផ្តល់​ចម្លើយ​ពាក់ព័ន្ធ​អំពី​ស្ថានភាព​គ្រួសារ​ពួកគាត់​មាន​ជូន​មន្ត្រី ដោយ​មិន​លាក់បាំង​នោះទេ ដើម្បី​អាចអោយ​រដ្ឋាភិបាល​រៀបចំ​ផែនការអភិវឌ្ឍន៍​សង្គម​ជាតិ​កាន់តែ​មាន​ភាព​រីកចម្រើន​បន្តទៀត​។​

ទន្ទឹម​នោះ លោក ហួត សុផាន់ និង​អ្នកស្រី អៀ ឃុន សំណូមពរ​ដល់​បងប្អូន​ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកោះកុង ក៏ដូចជា​ទូទាំងប្រទេស​កម្ពុជា នាំគ្នា​ចូលរួម​សហការ​ផ្តល់ព័ត៌មាន​អោយបាន​ប្រាកដប្រជា​តាម​កម្រង​សំណួរ​របស់​ក្រុមមន្ត្រី​ធ្វើ​ជំ​រឿង ដើម្បីអោយ​រដ្ឋាភិបាល​បាន​ដឹងឮ​ពី​ស្ថានភាព​នាបច្ចុប្បន្ន​នៃ​ចំនួន​ប្រជាពលរដ្ឋ​។​
​ការងារ​ធ្វើ​ជំរឿន​ទូទៅ​ប្រជាជន ឆ្នាំ​២០១៩ គ្រោង​ចំណាយ​ជាង ៨​លាន​ដុល្លារ ដែលជា​កញ្ចប់​ថវិការ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​។​  បើតាម​ប្រមុខ​រដ្ឋាភិបាល ទិន្នន័យ​ជំរឿន​នឹង​ផ្ដល់​ជា​សូចនាករ សម្រាប់​ការតាមដាន និង​ត្រួតពិនិត្យ​ការសម្រេចបាន​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​របៀបវារៈ​ឆ្នាំ​២០១៦-២០៣០​។​

​គួររម្លឹកថា កម្ពុជា បានរៀបចំ​ធ្វើ​ជំរឿន​ប្រជាជន​កម្ពុជា បាន​ចំនួន​២​ដង​រួចមកហើយ ដោយ​ទី​១ គឺ​នៅ​ឆ្នាំ​១៩៩៨ និង​ទី​២-​ឆ្នាំ​២០០៨ ដែល​ស្របតាម​ច្បាប់​ស្តីពី​ស្ថិតិ ដោយ​កំណត់​នូវ​កាតព្វកិច្ច របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ ត្រូវ​ចូលរួម​សហការ​ក្នុង​ការធ្វើជំរឿន​។ ជាក់ស្តែង ការធ្វើជំរឿន​ទាំង​៣​លើក​នេះ មាន​ការជួយជ្រោមជ្រែង​ពី​អង្គការ​ដៃគូ ដូចជា​អង្គការ​UNFPA អង្គការ​JICA រាជរដ្ឋាភិបាល​ជប៉ុន និង​ប្រទេស​អាល្លឺម៉ង់​។​

ការធ្វើជំរឿន​ផ្លូវការ​លើកដំបូង​កាលពី​ឆ្នាំ​១៩៩៨ កម្ពុ​ជាមាន​ពលរដ្ឋ​ចំនួន​១១,៤៣៧,៦៥៦​នាក់ ហើយ​ឡើងដល់ ១៣,៣៩៥,៦៨២​នាក់​នៅ​ឆ្នាំ​២០០៨ ។ នៅ​ឆ្នាំ​២០១៥ អង្គការសហប្រជាជាតិ បាន​ប៉ាន់ប្រមាណ​ថា ចំនួន​ប្រជាជន​កម្ពុជា​កើន​ដល់​១៥,៥៨​លាន​នាក់​៕B/