មន្ទីរ​ព្យាបាល​ឯកជន​ត្រូវបញ្ជូន​អ្នកជំងឺ​សង្ស័យ​មាន​មេរោគ​របេង​

461
ចែករម្លែក
  • 2
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​គោលបំណង​សំដៅ​លុបបំបាត់​ជំងឺរបេង លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ជំរុញ​ឲ្យ​សេវា​ឯកជន​ទាំងអស់​ត្រូវ​ប​ញ្ជួ​ន​អ្នកជំងឺ​សង្ស័យ​មាន​មេរោគ​របេង​មកកាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​រដ្ឋ​ ដើម្បី​ទទួលបាន​ការត្រួតពិនិត្យ​និង​ព្យាបាល​ជំងឺ​ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​កម្មវិធី​ជាតិ​កម្ចាត់​ជំងឺរបេង​និង​ហង់​សិន​ត្រូវធ្វើ​ការសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្លីនិក​ឬ​មន្ទីរ​ព្យាបាល​ឯកជន​នានា​ដើម្បី​ទទួល​អ្នកជំងឺ​ដែល​សង្ស័យ​មាន​មេរោគ​របេង​យកមក​ព្យ​បាល​នៅតាម​មន្ទីរពេទ្យ​សាធារណៈ​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​សំដៅ​ឈាន​ឆ្ពោះទៅ​លុបបំបាត់​ជំងឺរបេង​នៅ​ឆ្នាំ​២០៣០​ខាងមុខនេះ​។​

​ថ្លែង​នៅក្នុង​ពិធី​បើក​សន្និបាត​ការងារ​កំចាត់​រោគរបេង​ទូទាំងប្រទេស​លើក​ទី​២៤​កាលពី​ថ្ងៃទី​២៨​មីនាឆ្នាំ​២០១៩ ​នៅ​សណ្ឋាគារ​ភ្នំពេញ​លោក​សាស្ត្រាចារ្យ​ ម៉ម​ប៊ុនហេង​ បាន​មានប្រសាសន៍ថា​៖ ​អ្នកជំងឺ​របេង​ដែល​ទទួលបាន​ការព្យាបាល​នៅតាម​មន្ទីរពេទ្យ​សាធារណៈ​នេះ​មាន​អត្រា​ជាសះស្បើយ​១០០​ភាគរយ​។​ដោយសារ​មានការ​តាមដាន​ច្បាស់លាស់​ ដោយ​ឲ្យ​អ្នកជំងឺ​ត្រូវ​លេបថ្នាំ​ឲ្យ​បាន​ទៀង​ទាត់​និង​គ្រប់​ចំនួន​ដើម្បី​ជៀសវាង​កុំ​ឲ្យ​មាន​ភាពស៊ាំ​ថ្នាំ​របេង​ដែល​នាំ​ឲ្យ​មានការ​លំបាកក្នុងការ​ព្យាបាល​ទៅ​ថ្ងៃក្រោយ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ផ្ទុយទៅវិញ​បើ​ព្យាបាល​នៅតាម​សេវា​ឯកជន​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកជំងឺ​មិនជា​សះស្បើយ​និង​មាន​ភាពស៊ាំ​ថ្នាំ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ចំណាយ​ថវិកា​អត់​ប្រយោជន៍​ទៀតផង ​ព្រោះ​ពួកគេ​មិនបាន​តាមដាន​អ្នកជំងឺ​ឲ្យ​បាន​ត្រឹមត្រូវ​។​អ្នកជំងឺ​ខ្លះ​ពេល​ព្យាបាល​មាន​សភាព​ធូ​ស្បើយ​ហើយក៏​ឈប់​លេបថ្នាំ​ខណៈ​ការព្យាបាល​ជំងឺរបេង​មាន​រយៈ​រហូតដល់​៦​ខែ​ទើប​ជាសះស្បើយ​ ហើយ​រាល់​ការពិនិត្យ​និង​ព្យាបាល​គឺ​មិនមាន​ការបង់ប្រាក់​អ្វី​ឡើយ​។

​​លោក​រដ្ឋមន្ត្រី​សុខាភិបាល​បាន​ណែនាំ​ឲ្យ​មន្ត្រី​កម្មវិធី​ជាតិ​កម្ចាត់​រោគរបេង​និង​ហង់​សិន​ចុះ​ពិនិត្យ​នៅតាម​គ្លីនិក​មន្ទីរ​ព្យាបាល​និង​ឱសថស្ថាន​នានា​ដើម្បី​ស្វែងរក​ថ្នាំ​របេង​ ហើយ​ក្នុងករណី​រកឃើញ​ត្រូវ​ដកហូតយក​មកវិញ​ជាបន្ទាន់​។​ទន្ទឹមនឹងនេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​ជំរុញ​ឲ្យ​កម្មវិធី​ជាតិ​ពង្រឹង​ការបណ្តុះបណ្តាល​ស្តីពី​ជំងឺរបេង​ដល់​មន្ត្រី​បម្រើ​ការងារ​នៅតាម​សេវា​ឯកជន​ទាំងនោះ​ដើម្បី​ឲ្យ​ពួកគេ​សហការ​ផ្តល់ព័ត៌មាន​ទាក់ទិន​នឹង​អ្នកជំងឺ​សង្ស័យ​មាន​មេរោគ​របេង​ប​ញ្ជួ​ន​មក​ព្យាបាល​នៅតាម​សេវាសាធារណៈ​ឲ្យ​បាន​ទាន់ពេលវេលា​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក​សាស្ត្រាចារ្យ​ម៉ម ​ប៊ុនហេង ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កុមារ​ដែលមាន​ជំងឺរបេង​ត្រូវធ្វើ​ការពិនិត្យ​រក​ជំងឺរបេង​ដល់​ក្រុមគ្រួសារ​របស់​កុមារ​ទាំងនោះ​ផងដែរ​ដើម្បី​ដាក់​ការព្យាបាល​ឲ្យ​ទាន់ពេលវេលា​។​លោក​វេជ្ជបណ្ឌិត​ម៉ៅ​តាន់​អ៊ាង​ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​រោគរបេង​និង​ហង់​សិន​បាន​មានប្រសាសន៍ថា ​បច្ចុប្បន្ន​នេះ​កម្មវិធី​ជាតិ​មាន​សេវា​ព្យាបាល​ជំងឺរបេង​សរុប​ចំនួន​ជាង​១៣០០​កន្លែង​នៅ​ទូទាំងប្រទេស​ហើយ​រាល់​ការពិនិត្យ​និង​ព្យាបាល​គឺ​មិនមាន​ការបង់ប្រាក់​អ្វី​ឡើយ​៕S/Ha

​ចំណងជើង​រូបថត​៖​ពិធី​បើក​សន្និបាត​ការងារ​កម្ចាត់​រោគរបេង​ទូទាំងប្រទេស​លើក​ទី​២៤​កាលពី​ព្រឹក​ថ្ងៃទី​២៨​មីនា​នៅ​សណ្ឋាគារ​ភ្នំពេញ​(​រូបៈ​សុផល​)