មន្ទីរ​សាធារណការ​ខេត្តសៀមរាប​ជួសជុល​ស្ពានឈើ​មួយកន្លែង​ក្នុង​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ​

946
ចែករម្លែក

​ដោយ​: ស​/​រ – សៀមរាប​: ស្ពានឈើ​ចាស់​ទ្រុឌទ្រោម​មួយកន្លែង​នៅ​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ត្រូវបាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បានធ្វើការ​ជួសជុល​ថ្មី​ឡើងវិញ ដើម្បី​បំរើ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទៅមក​។​ជាពិសេស​ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល លែង​លំបាក​ដូច​មុន​។​

​ស្ពានឈើ​ដែលមាន​ការ​ទ្រុឌទ្រោម​នេះ បានធ្វើ​ការជួសជុល​កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ រហូតដល់​ថ្ងៃទី​១៦ ខែមិថុនា​នេះ បានសម្រេច​រួចរាល់​ជា​ស្ថាពរ​ហើយ ហើយ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​មក​បាន​ស្រួល​ផងដែរ​។​

​ស្ពានឈើ​ខូចខាត​នេះដែរ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មួយ​ខ្សែ ក្នុង​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែលជា​ប្រភេទ​ស្ពានឈើ​ចាស់ កសាង​អស់​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​បច្ចុប្បន្ន​ស្ពាន​នេះ​បាន​ខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ដោយ​មើលឃើញ​ការលំបាក​លំបិន​នេះ លោក គឹម ប៊ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​បញ្ជូន​ជំនាញ​ស្ពាន ថ្នល់ ទៅ​ជួសជុល​ជាបន្ទាន់ ហើយ​ប្រើ​ពេលវេលា​យ៉ាងខ្លី​បំផុត អោយ​រួចរាល់​ជា​ស្ថាពរ​។​

​លោក គឹម ប៊ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​បញ្ជាក់ថា ស្ពាន​មាន​សារសំខាន់​ណាស់​ក្នុងការ​ធ្វើដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ នៅតាម​ជនបទ​ដាច់ស្រយាល​ហើយ​ពួកគាត់​ចាប់ពីពេលនេះ​តទៅ លែង​លំបាក​តទៅទៀត​ហើយ​៕ ល​

#