មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ជីក​ប្រឡាយ​រំដោះ​ទឹកភ្លៀង​ក្នុងភូមិ​ស្ទឹង​ថ្មី

873
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: ប្រឡាយ​រំដោះ​ទឹកភ្លៀង​មួយ​មាន​ប្រវែង​២០០​ម៉ែត្រ ត្រូវបាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ជីក​ប្រឡាយ ដើម្បី​រំដោះ​ទឹកភ្លៀង​ដើម្បី​ត្រៀម​បង្ការ​ជំនន់​ទឹកភ្លៀង​ក្នុង​ក្រុង​សៀមរាប​។ ប្រឡាយ​ថ្មី​នេះ ត្រូវបាន​ជីក​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​លោក គឹម ប៊ុណ្ណា ប្រធាន​មន្ទីរ​សា​ធារ​ការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​និយាយថា សព្វថ្ងៃ​នៅ​ខេត្តសៀមរាប មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​បណ្តាល​ឲ្យ​ប្រឡាយ​ខ្លះ​ទឹក​ហូរ​មិនទាន់ ចាំបាច់​ត្រូវតែ​ជីក​ដើម្បី​ការពារ ខ្លាចក្រែង​ទឹកភ្លៀង​ជន់​ខ្លាំង​ហូរ​មិនទាន់​។​

​លោក​បាន​បន្តថា មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ស្តារ​នូវ​លូបង្ហូរទឹក​តាម​ដងផ្លូវ​ក្នុង​ក្រុង​សៀមរាប និង​ប្រឡាយ​រំដោះ​ទឹកភ្លៀង ដោយហេតុថា​ក្នុងឆ្នាំនេះ ទឹកភ្លៀង​មាន​ចំនួន​ច្រើនជាង​បណ្តា​ឆ្នាំកន្លងមក​។​

​សូម​បញ្ជាក់ដែរថា នៅ​ក្រុង​សៀមរាប តាម​លូ ប្រឡាយ ដែល​សម្រាប់​រំដោះ​ទឹកភ្លៀង ទឹក​កខ្វក់ នៅជាប​ញ្ហា​ប្រឈម​នៅឡើយ ព្រោះថា លូ​និង​ប្រឡាយ​ទាំងនោះ ត្រូវបាន​កកស្ទះ​ដោយសារ​សម្រាម​គ្រប់​ប្រភេទ ព្រោះថា​ការហូបចុក​របស់​ប្រជាពលរដ្ឋ​មួយចំនួន មិនបាន​យក​កាកសំណល់​ទៅ​ដាក់​ក្នុង​ធុងសម្រាម​ឲ្យ​បានល្អ​ជាប្រចាំ​នោះទេ គឺ​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នោះ គាត់​បោះចោល​ពាសវាល ពាសកាល ធ្វើអោយ​សំរាម​ហូរ​ធ្លាក់​ទៅ​លូ ប្រឡាយ ជាហេតុ​ធ្វើអោយ​កកស្ទះ​ទឹក​ហូរ​៕ ល​