មន្ទីរ​សុខាភិបាល​កោះកុង ប​ញ្ចូ​ន​ពលរដ្ឋ​មាន​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​ទៅ​វះកាត់ នៅ​រាជធានី​ភ្នំពេញ​

1244
ចែករម្លែក

ដោយ​: សុ​ផានី​តា / កោះកុង​: អាជ្ញាធរ និង​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង នៅ​ថ្ងៃទី​១៣ សីហា​នេះ បានសម្រេច​ប​ញ្ចូ​ន​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​ចំនួន​៧​នាក់ ឡើងទៅ​វះកាត់​ព្យាបាល​បន្ត​នៅឯ​រាជធានី​ភ្នំពេញ​។ កា​រប​ញ្ចូ​ន​ពលរដ្ឋ​មាន​ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ដុះ​កន្ទុយថ្លែន​នេះ ធ្វើឡើង​ក្រោយ​មាន​ក្រុមគ្រូពេទ្យ​មូលនិធិ​ចក្ខុ​ខ្មែរ ចុះមក​ពិនិត្យ​រោគសញ្ញា​ជំងឺ​ជាបឋម​ដោយ​ឥតគិតថ្លៃ​រយៈពេល​២​ថ្ងៃ កាលពីដើម​ខែសីហា កន្លងទៅ​។​

​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ចំនួន​៧​នាក់​ដែលមាន​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ ត្រូវបាន​លោកស្រី មិថុនា ភូ​ថង និង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង រៀបចំ​ជួល​រថយន្ត​១​គ្រឿង ដឹក​ជ​ញ្ចូ​ន​ទៅ​វះកាត់​ព្យាបាល​បន្ត​នៅ​មន្ទីរ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ឲ្យ​ជាសះស្បើយ ក្រោម​ជំនួយ​គាំទ្រ​របស់​មូលនិធិ​ចក្ខុ​ខ្មែរ​។​

​លោក ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ថ្លែង​ប្រាប់ថា ក្រុមគ្រូពេទ្យ​រកឃើញ​ពលរដ្ឋ មាន​ជំងឺ​ធ្ងន់ធ្ងរ​ចំនួន​៤៥​នាក់ ក្នុងចំណោម​ពលរដ្ឋ​ដែល​បានមក​ពិនិត្យ និង​ព្យាបាល​បឋម​ចំនួន​៤៤៥​នាក់ កាលពី​ថ្ងៃទី​៣ ខែសីហា កន្លងទៅ​។ ជាក់ស្តែង គ្រូពេទ្យ​ជំនាញ​កំណត់​ចំនួន​ពលរដ្ឋ​មាន​ជំងឺ​តែ​៤៥​នាក់​ប៉ុណ្ណោះ ដែល​នឹងត្រូវ​វះកាត់​ព្យាបាល ស្នាក់នៅ និង​ហូបចុក ដោយ​មិន​គិតថ្លៃ​អ្វី​ទាំងអស់​។​

​ប្រធាន​មន្ទីរ​សុខាភិបាល បញ្ជាក់ដែរថា ពលរដ្ឋ​ត្រៀម​វះកាត់​ព្យាបាល​ភ្នែក​នៅ​រាជធានី​ភ្នំពេញ អាជ្ញាធរ​បាន​ដឹក​ប​ញ្ចូ​ន​តែ​ចំនួន​៧​នាក់​ប៉ុណ្ណោះ រីឯ​ពលរដ្ឋ​៣៨​នាក់​ផ្សេងទៀត មានលទ្ធភាព​បានធ្វើ​ដំណើ​រ​តាមរយៈ​មធ្យោបាយ​ផ្ទាល់ខ្លួន​ជាមួយ​ក្រុមគ្រួសារ​។

​លោក ទៅ ម៉ឹង បន្ថែមថា ប្រជាពលរដ្ឋ​ដែលមាន​ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ដុះ​កន្ទុយថ្លែន នឹងត្រូវ​វះ​ព្យាបាល​នៅ​ថ្ងៃទី​១៤ សីហា ស្អែក​នេះ ដើម្បី​កាត់បន្ថយ​ភាព​ងងឹត​របស់​ពលរ​ដ្ឋ​រងគ្រោះ តាមរយៈ​ក្រុមគ្រូពេទ្យ​ជំនាញ​មកពី​ប្រទេស​អូស្ត្រាលី​។​

​អំឡុង​បេសកម្ម​ទទួល​ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​បឋម​ជូន​ពលរដ្ឋ កាលពី​ថ្ងៃទី​៣ ខែសីហា នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង លោក សៅ វណ្ណ​សិរី​វុ​ធ អ្នកសម្របសម្រួល​មូលនិធិ​ចក្ខុ​ខ្មែរ ធ្លាប់​បង្ហាញ​ការព្រួយបារម្ភ​ពី​អត្រាកំណើន​ចំនួន​ពលរដ្ឋ​កើត​ជំងឺ​ភ្នែក​នៅ​កម្ពុជា​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ព្រោះតែ​ពួកគាត់​ខ្វះ​ការយល់ដឹង​អនាម័យ​ថែទាំ​ភ្នែក ឬ​រង​ការប៉ះទង្គិច​ភ្នែក​កាល​វ័យ​នៅ​ក្មេង​។ តាម​ពិនិត្យ​សង្កេត ក្នុងចំណោម​មនុស្ស​៣​នាក់​មាន​ម្នាក់​ហើយ​ដែល​ប្រឈម​នឹង​ជំងឺ​ភ្នែក​ដុះ​កន្ទុយថ្លែន និង​ភ្នែក​ឡើងបាយ​នេះ​។​

​គួរ​កត់សម្គាល់ថា មុននឹង​មក​ពិនិត្យ និង​ព្យាបាល​ជំងឺភ្នែកឡើងបាយ និង​ភ្នែក​កន្ទុយថ្លែន​នៅ​ខេត្តកោះកុង មូលនិធិ​ចក្ខុ​ខ្មែរ​បានទទួល​ព្យាបាល​ពលរដ្ឋ​ជិត​១​ពាន់​នាក់​ហើយ​ដែលមាន​ជំងឺ​ភ្នែក ចាប់ពី​តាំង​ខែមីនា រហូតមកដល់​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៨​។ ពលរដ្ឋ​ដែល​ទទួលបាន​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​បឋម រួមមាន​៖ ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ និង​ខេត្តតាកែវ​៕ ល​