មន្ទីរ​សុខាភិបាល​រាជធានី បាញ់ថ្នាំ​សម្លាប់​មូស​តាម​ខណ្ឌ សង្កាត់ និង​សហគមន៍​ក្រីក្រ​នានា​ក្នុង​រាជធានី ដើម្បី​បង្ការ​ទប់ស្កាត់​ជម្ងឺគ្រុនឈាម​

89
ចែករម្លែក

​ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​ ៖ លោក វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ សីហា​នេះ​ថា មន្ទីរ​បាន​បើក​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​តាម​ស្ថាប័នរដ្ឋ សាលារៀន វត្ត​អារាម ខណ្ឌ សង្កាត់ ភូមិ និង​សហគមន៍​ក្រីក្រ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បង្ការ​ទប់ស្កាត់​ជម្ងឺគ្រុនឈាម ខណៈដែល​ជម្ងឺ​នេះ​កំពុងតែ​វាយលុក​យ៉ាង​ខ្លាំងក្លា​និង​បានសម្លាប់​កុមារ​ជាច្រើន​នាក់​នោះ​។​

លោក​បន្តថា ពាក់ព័ន្ធ​នឹង​ការងារ​នេះ យុទ្ធ​នាកាល​ជំហាន​ទី​១ បានចាប់ផ្តើម​កាលពី​ខែមករា​ដល់​ខែកក្កដា ឆ្នាំ​២០១៩ ដោយ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានធ្វើ​យុទ្ធនាការ​បាញ់ថ្នាំ​សម្លាប់​មូស​បាន​ចំនួន​១២៦​លើក ដោយ​ប្រើប្រាស់​ម៉ា​ស៊ូ​ត​អស់​ចំនួន​
៥២៤០​លីត្រ​និង​សាំង​អស់​ចំនួន​១១៧៥​លីត្រ​និង​ថ្នាំ​សម្លាប់​មូស​៤០៩​លីត្រ​។ ចំនួន​ករណី​គ្រុនឈាម​ចាប់ពី​សប្តាហ៍​ទី​១​រហូតដល់​សប្តាហ៍​ទី​៣១​នៃ​ឆ្នាំ​២០១៩​មាន​ចំនួន​៥២២៨​នាក់ រយៈពេល​ដូចគ្នា​មាន​ចំនួន​៣១៨៣​នាក់​នៅក្នុង​ឆ្នាំ​២០១៨​។ កុមារ​ស្លាប់មាន​ចំនួន​៨​នាក់​ក្នុងចំណោម​៥២២៨​ករណី បើ​គិត​ត្រឹម​ចុង​សប្តាហ៍​ទី​៣១​នេះ ។​

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​បានបញ្ជាក់​បន្ថែមថា អនុវត្តតាម​ការណែនាំ​និង​ការយក​ចិត្តទុកដាក់​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជម្រុញ​អោយ​មន្ទីរ អនុវត្ត​យុទ្ធ​នាកាល​ជំហាន​ទី​២ ដោយ​ចាប់ពី​កក្កដា ដល់​ខែកញ្ញា ២០១៩​នេះ ។ លោក​បញ្ជាក់ថា ការបាញ់​ថ្នាំ​មូស​នេះ​យើង​បាញ់​នៅ​ទូទាំង​សង្កាត់​នៅក្នុង​ខណ្ឌ​ទាំង​១៤ លើកលែងតែ​ខណ្ឌ ៥​នៅ​កណ្តាល​ក្រុង មាន​សង្កាត់​ខ្លះ​យើង​មិនបាន​បាញ់​ទេ ។

ការបាញ់​ថ្នាំ​មូស​នេះ​គឺ​ខាង​មន្ទីរ​អនុវត្តតាម​ទិន្នន័យ​ដែល​យកមក​ពី​មន្ទីរពេទ្យ​កុមារ​ជាតិ​និង​មន្ទីរពេទ្យ​គន្ធបុប្ផា​។ បើ​ទិន្នន័យ​បញ្ជាក់ថា​នៅក្នុង​សង្កាត់​ណា ខណ្ឌ​ណា មាន​អត្រា​នៃ​ជំងឺគ្រុនឈាម​កើតឡើង​ច្រើន​ចំពោះ​កុមារ​នៅក្នុង​សង្កាត់​នោះ មន្ទីរ​នឹងធ្វើ​សកម្មភាព​បាញ់ថ្នាំ​មូស​នៅក្នុង​សង្កាត់​នោះ អោយបាន​ច្រើនជាងគេ​ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​និង​បង្ការ​ឱ្យបាន នូវ​គ្រុនឈាម​ដែល​បាននិងកំពុង​វាយលុក​យ៉ាង​ខ្លាំងក្លា​នៅក្នុង​រាជធានី​ភ្នំពេញ​នេះ​។ គ្មាន​ជម្រក​មូស​ខ្លា គ្មាន​មូស​ខ្លា​គ្មាន​មូស​ខ្លា គ្មាន​ការចំលង​ជំងឺគ្រុនឈាម ។​

ក្នុងនាម​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក​ងី មាន​ហេង សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋរ​ដែលរស់នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា​ទាំងអស់គ្នា​។ លោក​ថា ទឹក​ដក់​ថ្លា​ជា​ជម្រក​មូស​ខ្លា (​ទឹក​ដក់​នៅក្នុង​សំបក​កង់ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ដប វត្ថុ​ដក់​ទឹកភ្លៀង …. ជា​ជម្រក​មូស​ខ្លា​)​។

យើង​រួមគ្នា​លុបបំបាត់​ជម្រក​មូស​ខ្លា នៅក្នុង​សហគម​ន៏​របស់​យើង ដើម្បី​រួមចំណែក​ទុបស្កាត់​ការចម្លង​ជំងឺគ្រុនឈាម​។ មូស​ខ្លា​ជា​ភ្នាក់ងារ​ចំលងជំងឺ​គ្រុនឈាម រីឯ​មូស​អង្កាម​មិនមែនជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​ទេ​។ ការ​ទុកដាក់​សំបក​កង់ឡាន ម៉ូតូ​ហាលភ្លៀង​នៅក្នុង​សហគម​ន៏ គឹជា​ការបង្កើត​ជម្រក​មូស​ខ្លា​ក្រោយពេល​ភ្លៀង​ធ្លាក់​។​

មូស​ខ្លា​មិន​ពង​ដាក់​ក្នុង​ទឹកស្អុយ លូ និង​ទឹកល្អក់​ទេ​។ មូស​ខ្លា​ពង​ដាក់​ក្នុង​ទឹក​ដក់​ថ្លា គ្មាន​ក្លិនស្អុយ ទឹក​ក្នុង​ថូផ្កា ទឹក​ក្នុង​ទម្រ​ជើង​ទូ​ចាន ទឹក​ដក់​នៅក្នុង​ចាន​ស្នោ​និង​កែវ​ជ័រ​ដែល​ចោល​ហាលភ្លៀង ទឹក​ដក់​លើ​ថង់​ប្លា​ស្ទិ​ក​ចោល​ហាលភ្លៀង ។​ល​។​ការដាក់​អា​បែ​ត​ក្នុង​ពាង​និង​អាងទឹក​ដើម្បី​សម្លាប់​ដង្កូវទឹក​ជាការ​រួមចំណែក​ទុបស្កាត់​ការកកើត​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​៕​B/