មន្រ្ដីក្រសួងសុខាភិបាល អះអាងថា អត្រា​ស្លាប់​របស់​ទារក​និង​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​នៅ​កម្ពុជា​ថយចុះ​ប៉ុន្តែ​នៅតែ​ខ្ពស់​ជាងគេ​នៅ​តំបន់​អាស៊ី​

488
ចែករម្លែក

ដោយ:​បាយ័ន​/​ខេត្តសៀមរាប ​៖ លោក ឈួ អ៊ី​ម៉េង អនុរដ្ឋលេខាធិការ​ក្រសួង សុខា ភិបាល មានប្រសាសន៍ថា ក្រសួងសុខាភិបាល​ចាត់ទុក ការងារ​សុខភាព​មាតា​និង​ទារក ជា​ការងារ​អាទិភាព ស្របទៅតាម​គោលនយោបាយ​ជាតិ​ក្នុងការ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា​និង​កុមារ ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រេចបាន​នូវ​ស​មិ​ទ្ឋ​ផល ដោយ​កាត់បន្ថយ​អត្រា​ស្លាប់​របស់​មាតា​ឱ្យ​ថយចុះ​ជិត​៣​ដង គឺ​ពី​៤៣៧នាក់​។​

លោក​ឈួ អ៊ី​ម៉េង​ក្នុងឱកាស​បើក​អង្គសិក្ខាសាលា​ប្រចាំឆ្នាំ ដើម្បី​ពិនិត្យឡើងវិញ អំពី​សុខភាព​របស់​កុមារ និង វឌ្ឍនភាព​នៃ​ការអនុវត្ត ការថែទាំ​ជា​សា​វន្ត​ទារក​ទើបនឹង​កើត​នៅ​ប្រទេស​កម្ពុជា (រូបថត : បាយ័ន)

ក្នុងចំណោម​ទារក​កើត​រស់​១០០.០០០​នាក់​ក្នុង​ឆ្នាំ​២០០០ មក​នៅ​ប្រមាណ​១៧០​នាក់​ក្នុងចំណោម​ទារក​កើត​រស់​១០០.០០០​នាក់​នៅក្នុង​ឆ្នាំ​២០១៤ ខណៈ​អត្រា​ស្លាប់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​បាន​ថយចុះ​ជិត​៤​ដង ពី​១២៤​នាក់​ក្នុងចំណោម​កើត​រស់​១.០០០​នាក់​នៅ​ឆ្នាំ​២០០០ មក​នៅ​៣៥​នាក់ ក្នុងចំណោម​ទារក​កើត​រស់​១.០០០​នាក់​នៅក្នុង​ឆ្នាំ​២០១៤ និង អត្រា​ស្លាប់ទា​រកបាន​ថយចុះ​ពី​៣៧​នាក់ ក្នុងចំណោម​ទារក​កើត​រស់​១.០០០​នាក់​នៅ​ឆ្នាំ​២០០០ មក​នៅ​១៨​នាក់ ក្នុងចំណោម​ទារក​កើត​រស់​១.០០០​នាក់​នៅ​ឆ្នាំ​២០១៤​។​

លោក​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល មានប្រសាសន៍​បែបនេះ ក្នុងឱកាស​បើក​អង្គសិក្ខាសាលា​ប្រចាំឆ្នាំ ដើម្បី​ពិនិត្យឡើងវិញ អំពី​សុខភាព​របស់​កុមារ និង វឌ្ឍនភាព​នៃ​ការអនុវត្ត ការថែទាំ​ជា​សា​វន្ត​ទារក​ទើបនឹង​កើត​នៅ​ប្រទេស​កម្ពុជា ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​សោមា​ទេវី ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដោយ មាន​ការអញ្ជើញ​ចូលរួម​ពី​តំណាង​ដៃគូរ​អភិវឌ្ឍន៍​សុខាភិបាល និង​ថ្នាក់ដឹកនាំ​នាយកដ្ឋាន កម្មវិធី​ជាតិ​និង​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​សុខាភិបាល រាជធានី​ខេត្ត​ទាំង​២៥ និង​អ្នកទទួលបន្ទុក​ការងារ​សុខភាព មាតា​និង​ទារក ផងដែរ​សរុប​ចំនួន​១៦០​នាក់ ។

លោក ឈួ អ៊ី​ម៉េង មានប្រសាសន៍​ទៀតថា ផ្អែក​តាម​របាយការណ៍​នេះ អាច​បញ្ជាក់ បាន​ថា កម្ពុជា​អាច​នឹង​ឈានទៅ​សម្រេចបាន​គោលដៅ​ក្នុង​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ព​ន្លឿ​ន​ការកាត់បន្ថយ​អាត្រា​ស្លាប់​របស់​មាតា​និង​ទារក​និង​ផែនការ​សកម្មភាព​រយៈ​ពេល​៥​ឆ្នាំ​សម្រាប់​ការថែទាំ​ទារក ដែល​បានកំណត់​អត្រា​ស្លាប់​របស់​ទារក​ឱ្យ​ថយ​ចុះមក​នៅ ត្រឹម​១៤​ក្នុងចំណោម​ទារក​កើត​រស់​១.០០០​នាក់​នៅ​ឆ្នាំ​២០២០​។

ប៉ុន្តែ​អត្រា​នេះ បើ​ប្រៀបធៀប​ជាមួយ​អត្រា​ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ និង​អត្រា​ស្លាប់​របស់​ទារ​កនៅ​កម្ពុជា ទៅនឹង​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន ឃើញថា អាត្រា​ស្លាប់​នេះ កម្ពុជា​យើង​ស្ថិតនៅ​ខ្ពស់​ជាងគេ​នៅឡើយ ។​

លោក ឈួ អ៊ី​ម៉េង មានប្រសាសន៍​បន្ថែមទៀត​ថា ដើម្បីឱ្យ​ការថែទាំ​សុខភាព​កុមារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត សូម​អំពាវនាវ​ឱ្យមាន​កិច្ច​សហការគ្នា​ឱ្យបាន​ជិត​ស្និ​ទ្ឋ រវាង​ស្ថាប័ន​និង​ដៃគូរ​អភិវឌ្ឍ​នានា ដើម្បី​ពង្រឹងគុណភាព​នៃ​សេវា​ថែទាំ​ទាំង​នៅ​ថ្នាក់ជាតិ​និង​នៅ​ថ្នាក់ក្រោម​ជាតិ និង​បន្ត​គាំទ្រ​បច្ចេកទេស​ថវិកា​ក្នុងការ​អនុវត្ត​ផែនការ​សកម្មភាព​សម្រាប់​ការថែទាំ​កុមារ​និង​ការថែទាំ​ជា​សារវន្ត​ទារក​ទើបនឹង​កើត ជាពិសេស​ពង្រីក​ការ​គ្របដណ្តប់​នៃ​ការពង្រឹង​គុណភាព​សេវា​ថែទាំ​ជា​សារវន្ត​ទារក​ទើបនឹង​កើត​ទៅ​ខេត្ត​ផ្សេងៗ​ទៀត ៕B/