មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល ព្រមានគ្រូពេទ្យរដ្ឋមិនត្រូវយកអ្នកជំងឺទៅព្យាបាលនៅគ្លីនិចផ្ទាល់ខ្លួន

132
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចេញការព្រមានផ្ទាល់មាត់ទៅដល់ក្រុមគ្រូពេទ្យនៅកម្ពុជាទាំងអស់ហាមអ្នកជំងឺពីមន្ទីរពេទ្យរដ្ឋទៅពិនិត្យព្យាបាលនៅគ្លីនិចឯកជនរបស់ខ្លួន។ ការប្រព្រឹត្តបែបនេះ គឺវាខុសក្រមសីលធម៌វិជ្ជាជីវៈ បង្កអត្រាគ្រោះថ្នាក់ដល់ជនរងគ្រោះកម្រិតខ្ពស់ ជាពិសេសប្រឈមចំពោះមុខច្បាប់តែម្តង។

ក្រុមគ្រូពេទ្យទាំងអស់ដែលកំពុងបំពេញការងារជួយសង្រ្គោះមនុស្ស កុំអួងអាងថាខ្លួនខ្លាំងពូកែ ឬគិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើអោយប៉ះពាល់សុវត្ថិភាពអ្នកជំងឺតាមរយៈការដឹកជញ្ជូនអ្នកជំងឺទៅគ្លីនិចផ្ទាល់ខ្លួន ដោយជាទង្វើខុសច្បាប់ និងខ្វះក្រមសីលធម៌វិជ្ជាជីវៈជាពេទ្យ។

នេះជាការថ្លែងក្រើនរម្លឹករបស់លោកសាស្រ្តចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាលក្រោយឡើងថ្លែងក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវវេជ្ជសាស្រ្តបន្ត លើកទី៤ នៅខេត្តកោះកុង។ លោកសាស្រ្តាចារ្យ សង្កត់ធ្ងន់កាលពីថ្ងៃទី១ ខែវិច្ឆិកា ទៀតថា ប្រសិននៅតែបន្តប្រព្រឹត្តអំពើខុសឆ្គង ហើយបង្កគ្រោះថ្នាក់ដល់សុខសុវត្ថិភាពអ្នកជំងឺ និងប្រឈមចំពោះមុខច្បាប់ពុំរួចខ្លួនបានឡើយ ករណីធ្វើឱ្យអ្នកជំងឺស្លាប់ក្នុងប្រការណាមួយ។

រដ្ឋលេខាធិការកស្រួងសុខាភិបាល កត់សម្គាល់ដែរថា ទោះបីជា សព្វថ្ងៃនេះ ក្រុមគ្រូពេទ្យមួយចំនួនធំបានគោរពតួនាទីការងារ និងក្រមសីលធម៌វិជ្ជាជីវៈក៏ដោយ ក៏មានមួយចំនួនតូចនៅតែមានភាពខ្ជីខ្ជាយ តាមរយៈបញ្ចូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋអោយទៅគ្លីនិចផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពអ្នកជំងឺ និងប្រយោជន៍អ្នកជំងឺយ៉ាងខ្លាំង ខណៈវិស័យឯកជនគ្មានឧបករណ៍បច្ចេកទេសវេជ្ជសាស្រ្តគ្រប់គ្រាន់នឹងជួយសង្រ្គោះព្យាបាល។

តបនឹងការព្រមានរបស់រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ហូរ សុហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល និងលោកវេជ្ជបណ្ឌិត ពិន សិរីវឌ្ឍនៈ អនុប្រធានមន្ទីរបង្អែកខេត្តកោះកុង អះអាងរួមគ្នាថា បាតុភាពបញ្ចូនអ្នកជំងឺអោយទៅសម្រាកព្យាបាលនៅផ្ទះ ឬគ្លីនិចរបស់គ្រូពេទ្យ ពុំកើតមានទេ ដោយសារតែគណៈគ្រប់គ្រងមន្ទីរពេទ្យដាក់ចេញនូវវិធានការថ្មីៗទៅតាមគោលការណ៍ណែនាំរបស់ក្រសួង និងមន្ទីរសុខាភិបាលជាច្រើនដល់ក្រុមគ្រូពេទ្យនាពេលបច្ចុប្បន្ន។

អ្នកគ្រប់គ្រងសេវាសុខាភិបាលរដ្ឋទាំងពីរ គូសបញ្ជាក់ថា មន្ទីរពេទ្យបង្អែកពួកគាត់ បាននឹងកំពុងយកចិត្តទុកដាក់ពិនិត្យ និងផ្តល់សេវាព្យាបាលអ្នកជំងឺ ទៅតាមលក្ខណៈបច្ចេកទេសវិនិច្ឆ័យ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងឧបករណ៍វេជ្ជសាស្រ្តទំនើបៗដែលមាន ដើម្បីបង្កើនទំនុកចិត្តពីអ្នកមកទទួលសេវា ប្រសិនស្ថានភាពអ្នកជំងឺធ្ងន់ធ្ងរពេក នឹងបញ្ចូនទៅសង្រ្គោះបន្ទាន់នៅរាជធានីភ្នំពេញ។

កាលពីពាក់កណ្តាលខែកញ្ញា កន្លងទៅ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ធ្លាប់ស្នើដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងទាំងមូល ចាំបាច់ត្រូវបានមកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺផ្សេងៗនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត ឬគ្លីនិចឯកជន ដែលមានលិខិតអនុញ្ញាតពីមន្ទីរសុខាភិបាល ជៀសវាងប៉ះពាល់សុខភាព និងគ្រោះថ្នាក់ប្រកាសណាមួយ។ ចំពោះអង្គភាពសេវាសុខាភិបាលឯកជនណា ហួសសុពលអាជ្ញាបណ្ណលិខិតអនុញ្ញាត ត្រូវប្រញាប់មកចុះស្ថិតបន្តសុពល ភាពប្រើប្រាស់របស់ខ្លួន។

តាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកោះកុង ប្រចាំខែសីហា ឆ្នាំ២០១៩ បង្ហាញថា បច្ចុប្បន្ន មានឱសថស្ថាន សេវាពិគ្រោះព្យាបាលអ្នកជម្ងឺ កន្លែងធ្វើធ្មេញ និងព្យាបាលជម្ងឺភ្នែកសរុបជិត១១០ទីតាំង។ កន្លងទៅ បានចុះបង្ក្រាប និងបិទទីតាំងបណ្តោះអាសន្ននូវពេទ្យធ្មេញចំនួន២កន្លែងក្នុងក្រុងខេមភូមិន្ទ។

ហើយក្នុង១ឆ្នាំៗ ក្រសួងសុខាភិបាលកម្ពុជា ចុះបណ្តុះបណ្តាលបង្កើនចំណេះដឹងសមត្ថភាពវិជ្ជាជីវៈដល់ក្រុមគ្រូពេទ្យកម្រិតឧត្តមតាមបណ្តារាជធានី និងខេត្តជាប្រចាំ ក្នុងគោលបំនងដើម្បីផ្តល់ភាពមាំទាំពីវិធីសាស្រ្តពិនិត្យព្យាបាលរោគសញ្ញាអ្នកជំងឺដែលធ្លាប់កើតមាន និងមិនទាន់មានតាមជំនាញឯកទេសសំខាន់ៗដល់គ្រូពេទ្យអោយទាន់ស្ថានភាពការណ៍វឌ្ឍន៍៕B/