មរកត​និង​រតនា រួមគ្នា​ចេញ​បទ​ចម្រៀង​ថ្មី ចាក់​ដោត​អ្នក​ស្តាប់​

239
ចែករម្លែក

​ភ្នំពេញ​៖ ម្ចាស់​បទ “​មួយជីវិត​” គឺ​កញ្ញា គង់ កែវ​មរកត បាន​បញ្ចេញស្នាដៃ​សម្តែង ក្នុង​បទ​ចម្រៀង​បែប​សាច់រឿង ស្នេហា​ស៊ីជម្រៅ​ថ្មី​មួយ មាន​ឈ្មោះថា “​ផ្លូវចិត្ត ផ្លូវ​ស្នេហ៍​” ខណៈ​តារាចម្រៀង លោក​សយ រតនា ក៏បាន​បញ្ចេញស្នាដៃ​រួមគ្នា​លើកដំបូង ជាមួយរ​នាង ដែល​បទ​ថ្មី​នេះ ធ្វើឱ្យ​ចាក់​ដោត​ដល់​បេះដូង​របស់​ទស្សនិកជន​។​ចាប់ដៃ​សម្តែង​រួមគ្នា និង​អមដោយ​បទ​ចម្រៀង​មនោសញ្ចេតនា យ៉ាង​ពិ​រោះ​រណ្តំ គង់ កែវ​មរកត និង សយ រតនា បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ពួកគេ​ពេញចិត្ត​ជាខ្លាំង ។ ពេញចិត្ត ព្រោះតែ​សាច់រឿង​ស្នេហា​ប្រទាក់ក្រឡា មនោសញ្ចេតនា និង​កម្សត់​ខ្លាំង និង​មាន​បទ​ចម្រៀង យ៉ាង​ពិ​រោះ​រណ្តំ​ចិត្ត​របស់​ពួកគេ​ផងដែរ​។

​តារាចម្រៀង​ស្រី គង់ កែវ​មរកត បាន​លើកឡើងថា នាង​ពិតជា​ពេញចិត្ត​សម្រាប់​ស្នាដៃ​រួមគ្នា​លើកដំបូង​នេះ ហើយក៏​បំពេញចិត្ត​ទស្សនិកជន ដែល​រង់ចាំ​ការបញ្ចេញ​ស្នាដៃ​ថ្មី ។ បទ​ចម្រៀង​នេះ ក៏​ចូលរួម​សម្តែង​ពី​សំណាក់​តារា​សម្តែង​ប្រុស​លោក ជៀប ប៊ុន​ឈី​វ ហៅ ហ៊ា​ឈី​វ កាន់តែ​ប្លែក​ក្រោយ​ចាប់ដៃ​ច្រៀង និង​សម្តែង​ក្នុង​សាច់រឿង​ស្នេហា ដែល​ផលិត​ដោយ​ផលិតកម្ម មរតក​មេ​ឌៀ ។ ថ្លែង​ស្រដៀង​គ្នា​នេះដែរ លោក សយ រតនា បាន​លើក​ឡើ​ថា ទាំង​បទ​ចម្រៀង និង​សាច់រឿង​ពិតជា​ល្អ​ជាប់ចិត្ត និង​អាច​ទាក់ចិត្ត​មិត្ត​យុវវ័យ​បាន​ច្រើន​។ លោក​បាន​និយាយថា ក្រៅ​ពីបទ​ចម្រៀង​ថ្មី លើកដំបូង​រួមគ្នា អ្នកនិពន្ធ​វ័យក្មេង​រូបនេះ បង្ហើប​ថា ក៏​នឹង​បញ្ចេញស្នាដៃ​ច្រៀង និង​សម្តែង​រួមគ្នា​ជាមួយ​តារា​ស្រី​ស្រស់​សោភា​រូបនេះ​ផងដែរ​។

​សូម​បញ្ជាក់ដែរថា សយ រតនា គឺជា​អ្នកនិពន្ធ​វ័យក្មេង ដែល​ធ្លាប់​និពន្ធ​បទ​ចម្រៀង​ល្បីៗ នៅ​ផលិតកម្ម​ថោ​ន​។ លោក​ក៏​ជា​តារាចម្រៀង ដែល​ធ្លាប់​ទទួលបាន​ការគាំទ្រ តាមរយៈ​បទ​ចម្រៀង​មួយចំនួន ដូចជា​បទ ”​មួយជីវិត​” បទ​”​បង​មិន​យំ​ទេ គ្រាន់តែ​ទឹកភ្នែក​ហូរ​” ជាដើម​។ ខណៈ គង់ កែវ​មរកត ត្រូវបាន​គេ​ស្គាល់​ថា ជា​អតីត​បេក្ខជន​លេចធ្លោ ក្នុង​កម្មវិធី​ប្រកួត​បទ​ចម្រៀង Cambodia Idol រដូវ​កាល​ទី​៣ ។ នាង​ធ្លាប់​ទទួលបាន​ការគាំទ្រ​ច្រើន តាមរយៈ​បទ ”​មួយជីវិត “ និង​បទ ”​ផ្លូវ​ស្នេហ៍​” ជាដើម ៕ ដោយ​៖ បូ​រិ​ន​