មហាក្សត្រ​ម៉ាឡេស៊ី ឈប់​ក្បួន​រថយន្ត​តាមផ្លូវ​ដើម្បី​ពិនិត្យ​សុខទុក្ខ​ជនរងគ្រោះ​ក្នុង គ្រោះថ្នាក់​ចរាចរណ៍​មួយ​

723
ចែករម្លែក

​អ្នកបើកបរ​ជនជាតិ​ម៉ាឡេស៊ី ម្នាក់​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្រុង​ពូ​ត្រា ចា​យ៉ា (Putrajaya) ប្រទេស​ម៉ាឡេស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែមិថុនា បានទទួល នូវ​ការជួយ​សង្គ្រោះ​ពី​មនុស្ស​ម្នាក់​ដែល​អ្នក​នឹក​ស្រមៃ​មិនឃើញ នោះ​គឺ​ព្រះមហាក្សត្រ​។​

​ព្រះ​ចៅ​ស៊ូតង់ អាប់​ឌុល​ឡា រី​អា​យ៉ា​ទុ​ត​ឌី​ន (Sultan Abdullah Ri’ayatuddin) ដែល​កំពុង យាង​តាម​ក្បួន​រថយន្ត​ឆ្ពោះទៅ​ចូលរួម​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​ប្រចាំ​សប្តាហ៍​បាន​បញ្ជា ឱ្យ​រថយន្ត​ឈប់​ដើម្បី​ជួយ​ជនរងគ្រោះ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។​

​រូបថត​ប៉ុន្មាន​សន្លឹក​ដែល​បង្ហាញ​ពី​សកម្មភាព​ព្រះ​ចៅ​ស៊ូតង់​អាប់​ឌុល​ឡា​ឈរលើ ចិញ្ចើម ផ្លូវ​ពិនិត្យមើល​សុខទុក្ខ​ជនរងគ្រោះ ខណៈ​អង្គរក្ស​របស់​ទ្រង់​ឈរ​មើល​ត្រូវបាន បង្ហោះ​តាម​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម Instagram របស់​ព្រះរាជវាំង អ៊ី​ស្តា​ណា ណេ​ហ្គា​រ៉ា (Istana Negara)​។

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន គេ​ក៏បាន​សង្កេតឃើញ​ព្រះ​ចៅ​ស៊ូតង់ អាប់​ឌុល​ឡា នៅ​ហាង​មាន់​បំពង KFC នៅ​តេ​មឺ​ឡូ (Temerloh)​ក្បែរ​វិមាន​រដ្ឋ​របស់​ទ្រង់ ផងដែរ ដោយ​ទ្រង់​ឈរ​តាម​ជួរ​រង់ចាំ​ក្រយា (​អាហារ​) របស់​ទ្រង់​ដូច​រាស្ត្រសាមញ្ញ​គួរ ឱ្យ​គោរព​បំផុត​៕ ប្រែ​សម្រួលៈ ខុម​