មហាជន​ស្ញើ​ច​សរសើរ​ប៉ូលិស​ពីរ​នាក់​ដែល​សុខចិត្ត​ដឹក​ក្មេង​មាន​ជំងឺ​ទៅ​មន្ទីរពេទ្យ ពេល​ស្ទះចរាចរណ៍​ខ្លាំង​

864
ចែករម្លែក

ប៉ូលិស​ពីរ​នាក់​នៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ត្រូវបាន​មហាជន​កោតសរសើ​រយ៉ា​ង​ខ្លាំង តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយសារ​ពួកគេ​សុខចិត្ត​ផ្អាក​ភារកិច្ច​ដើម្បី​ជួយ​ដឹក​កុមារ​មាន ជំងឺ​ម្នាក់​ទៅ​មន្ទីរពេទ្យ ស្របពេល​ផ្លូវ​កំពុង​កកស្ទះ​ចរាចរណ៍​ខ្លាំង​។

​យោងតាម​សេចក្តីរាយការណ៍​ព័ត៌មាន​បានឱ្យដឹងថា ខណៈពេល​ប៉ូលិស​ចិត្តធម៌​ទាំងពីរ​ឈ្មោះ វូ ឌិ​ញ ណាំ (Vu Dinh Nam) និង​ឈ្មោះ ឌា​ន់ តាន់ ភូ (Doan Tan Phu) កំពុង​បញ្ជា​ចរាចរណ៍ នៅ​ចំណុច​ផ្លូវ​ប្រសព្វ​មួយ​ក្នុង​ទីក្រុង​នេះ​កាលពី ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ ខែមិថុនា ក៏​ស្រាប់​តែមាន​ស្ត្រី​ម្នាក់ ស្រែកយំ​សុំឱ្យ​ជួយ​។

​ស្ត្រី​រូបនោះ​បាន​អង្វរក​ទាំង​ទឹកភ្នែក​រហាម និង​ភ័យ​ស្លន់ស្លោ​ថា “​មេត្តាជួយ​សង្គ្រោះ​កូន​ខ្ញុំ​ផង​”​។
​គ្រាន់តែ​ក្រឡេកឃើញ​ក្មេង​មាន​សភាព​ស្លេកស្លាំង​ភ្លាម ប៉ូលិស​ទាំងពីរ​បាន​ខ្នះខ្នែង​ជួយ​ប្រាប់ផ្លូវ ទៅកាន់​មន្ទីរពេទ្យ ប៉ុន្តែ​ដោយ​ឃើញ​ចរាចរណ៍​ស្ទះ​ខ្លាំងពេក ពួកគេ​ក៏​សម្រេចចិត្ត​ជិះ​ម៉ូតូ​ដឹក​ក្មេង ទៅ​ពេទ្យ​ដោយផ្ទាល់​តែម្តង ខណៈ​ម្តាយ​ក្មេង​ជិះ​តាម​ពីក្រោយ​។

​នៅពេល​បញ្ជូន​ក្មេង​នោះ​ទៅដល់​មន្ទីរពេទ្យ ប៉ូលិស​ទាំងពីរ​ក៏​ត្រឡប់​ទៅ​កន្លែង​ដើម​វិញ ដើម្បី​បន្ត​ភារកិច្ច​របស់ខ្លួន​ដូច​ធម្មតា​។​

​ទិដ្ឋភាព​នៃ​ការជួយ​សង្គ្រោះ​ដ៏​រំភើបចិត្ត​នេះ ត្រូវបាន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Quang Chanh ថត​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយ​ក្នុងពេល​ដ៏​ខ្លី​ក៏ត្រូវ​គេ​ចុច Like ជាង ៦៥.០០០ ដង និង Share ជាង ២.៥០០ ដង​អមដោយ​ការ​ខំ​មិន​សរសើរ​មិន​ដាច់​ពី​មាត់​៕ ប្រែសម្រួលៈខុម