មហាជន​: អ្នកប្រើប្រាស់​បណ្តាញ​សង្គម គប្បី​ប្រើ​ពាក្យពេជន៍​ឲ្យ​បាន​សមរម្យ

111

(​ភ្នំពេញ​)៖ ខណៈដែល​ចំនួន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក ដែលជា​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ ដ៏​ពេញនិយម បំផុត​សម្រាប់​មនុស្ស​ស្ទើ​គ្រប់​វ័យ​នៅ​កម្ពុជា​កំពុង​តែមាន​សន្ទុះ​កើនឡើង​ប្រជាពលរដ្ឋ មួយចំនួន​បាន​រិះគន់ថា​អ្នក​ប្រើ​ខ្លះ​បាន​ប្រើប្រាស់​ពាក្យពេជន៍ និង​កាយវិកា​យ​មួយចំនួន​មិន​សមរម្យ និង​អ​សិ​ល​ធម៌ ក្នុង​បណ្តាញ​ដែល​ប្រើ​ជាមួយ​ប្រព័ន្ធ​អ៊ិន​ធើ​ណេ​ត មួយ​នេះ​។​

​នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ អ្នកយក​ព័ត​មាន​ប្រចាំ​កាសែត​រស្មី​កម្ពុជា ធ្វើ​បទសម្ភាសន៍ ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដែល​រួមមាន សាស្ត្រាចារ្យ និ​សិ​ត្ស អ្នករត់​មូ​តូ​កង់​បី និង​អ្នកលក់​ភេ​ជ្ជៈ នៅ​ទីក្រុង ភ្នំពេញ ដោយ​ពួកគេ​បានលើកឡើង​ស្រដៀង​គ្នា​ថា បណ្តាញ​សង្គម​មួយ​នេះ គឺជា​ប្រព័ន្ធ ផ្សព្វផ្សាយ​មួយ​ដែល មាន​ឥទ្ធិពល និង​ឆាប់រហ័ស​ម្រា​ប់​អ្នក​ដែល​ចង់​ផ្សព្វផ្សាយ និង​ទទួល​ព័ត៌មាន ប៉ុន្តែ​អ្នកប្រើប្រាស់​មួយចំនួន បាន​ប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ​ខុស ដូចជា​និយាយ​ពាក្យអសុរស ប្រមាថ​អ្នក​ដ៏​ទៃ បង្ហោះ​រូបភាព​អាសអាភាស ប្រើពាក្យ​គំរាម អ្នក​ដ៏​ទៃ​ជាដើម​។ ករណីនេះ​ពួកគាត់ គិតថា បានធ្វើ​ឲ្យ​សីលធម៌​ក្នុងសង្គម​ខ្មែរ​ធ្លាក់ចុះ និង​ធ្វើ​ឲ្យ​អ្នកដទៃ​បានដឹង​ពី​អត្ត​ច​រិ​ក​អ្នកប្រើប្រាស់ ផងដែរ​។​

​គួរ​កត់សម្គាល់ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បាន ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ ដើម្បី​ប្រមាថ​ថ្នាក់ដឹកនាំ គំរាម​សម្លាប់ និង​ចោទប្រកាន់​អ្នកដទៃ ជាច្រើន​ករណី ហើយ​ក៏មាន​ករណីខ្លះ​ត្រូវ​មានទោស​រហូត​ជាប់ពន្ធនាគា​ផងដែរ​។​

​សូម​រម្លឹក​ផងដែរ​ថា កាលពី​ចុងខែ​មិថុនា​កន្លងទៅនេះ ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ថាបើ​ទោះជា​អ្នក​ទាំងនោះ​ទៅដល់​ទីណា​ក៏​សមត្ថកិច្ច ដឹង​ដែរ ដូចនេះ​អ្នក​ដែល​ប្រើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មិនត្រូវ​ប្រមាថ ឬ​គំរាម​អ្នកដទៃ​នោះទេ​។ មួយរយៈ ពេល​ចុង​ក្រោយនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចំនួន​ពីរ​ករណី​ហើយ បន្ទាប់ពី បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ ប្រមាថ និង​មួលបង្កាច់​អ្នកដទៃ​៕ ដោយ​: ពៅ និមល​