មហាធៀនិយាយថាផែនការមជ្ឈិមបូព៌ារបស់ត្រាំមិនអាចទទួលយកបាន

171
ចែករម្លែក

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ បាននិយាយកាលពីថ្ងៃសៅរ៍ ទី៨ កុម្ភៈថា កិច្ចព្រមព្រៀងសន្តិភាពដែលស្នើឡើងរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលប្រកាសដោយប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំគឺ “មិនអាចទទួលយកបានជាដាច់ខាត” និង “អយុត្តិធម៌បំផុត”។

លោកមហាធៀបាននិយាយថា ផែនការសន្តិភាព ដែលត្រាំប្រសិទ្ធនាមថា “កិច្ចព្រមព្រៀងប្រចាំសតវត្សរ៍” នឹងប្រគល់ទីក្រុងហ្ស៊េរុយសាឡិមដ៏ពិសិដ្ឋដាក់លើចានប្រាក់ឱ្យទៅភាគីអ៊ីស្រាអែល ដោយមិនខ្វល់ចំពោះអារម្មណ៍របស់ប្រជាជនមូស្លីមនិងគ្រិស្តសាសនិករាប់លាននាក់នៅទូទាំងពិភពលោក។

លោកបណ្ឌិតមហាធៀបាននិយាយនៅក្នុងសុន្ទរកថាបើកសន្និសីទលើកទី ៣ នៃសម្ព័ន្ធសមាជិកសភាសម្រាប់អាល់ឃូដ (ឈ្មោះអារ៉ាប់សម្រាប់ទីក្រុងហ្ស៊េរុយសាឡិម) ថា “កិច្ចព្រមព្រៀងនេះនឹងបានត្រឹមតែនាំមកនូវជម្លោះកាន់តែច្រើននៅក្នុងតំបន់ហើយនឹងធ្វើឱ្យក្តៅក្រហាយដល់មនុស្សរាប់ពាន់លាននាក់នៅជុំវិញពិភពលោក”។

លោកមហាធៀក៏និយាយផងដែរថា ម៉ាឡេស៊ីនឹងមិនឈរនៅស្ងៀមមើលអ៊ីស្រាអែលគាបសង្កត់លើប៉ាឡេស្ទីននោះឡើយ។

លោកត្រាំបានបង្ហាញសំណើរបស់លោកនៅក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានកាលពីខែមុនរួមជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ។ ក្រុមមន្ត្រីប៉ាឡេស្ទីនមិនត្រូវបានគេឱ្យចូលមកពិគ្រោះយោបល់លើសំណើនេះទេ៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ ថាផែនការសន្តិភាពមជ្ឈិមបូព៌ារបស់ត្រាំមិនអាចទទួលយកបានឡើយ