មហាសន្និបាត​អ​.​ស​.​ប​ថ្កោលទោស​ទណ្ឌកម្ម​របស់​អា​ម៉េ​រិ​កលើ​គុយបា​ជិត​៦០​ឆ្នាំ​

206
ចែករម្លែក

​មហាសន្និបាត​អ​.​ស​.​ប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​វិច្ឆិកា​បាន​ថ្កោលទោស​ការដាក់ទណ្ឌកម្ម​របស់​អាម៉េរិក​ដែលមាន​អាយុកាល​ជិត ៦០ ឆ្នាំ​ទៅលើ​ប្រទេស​គុយបា​សម្រាប់​ឆ្នាំ​ទី ២៨ ជាប់ៗ​គ្នា ដោយ​អំពាវនាវ​ឱ្យ​បញ្ឈប់​ទណ្ឌ​កម្មនេះ ដោយ​ការបោះឆ្នោត​ក្នុង​សំឡេង ១៨៧ ទល់នឹង ៣​។​

​មានតែ​អ៊ីស្រាអែល​និង​ប្រេ​ស៊ី​ល​ទេ​ដែល​បាន​បោះឆ្នោត​ជាមួយ​សហរដ្ឋ​អាម៉េរិក​ប្រឆាំងនឹង​សេចក្តីសម្រេច​នេះ​។ សម្ព័ន្ធមិត្ត​អាម៉េរិក​ពីរ​ផ្សេងទៀត​គឺ​អ៊ុយ​ក្រែ​ន​និង​កូ​ឡុំ​ប៊ី​បោះ​អនុប្បវាទ​។​

​ដាក់ទណ្ឌកម្ម​ដំបូង​នៅ​ថ្ងៃទី ១៩ ខែតុលា​ឆ្នាំ ១៩៦០ ជាការ​ឆ្លើយតប​ទៅនឹង​ការធ្វើជា​តូបនីយកម្មរ​បស់​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា​លើ​រោងចក្រ​ចម្រាញ់​ប្រេង​គ្រប់គ្រង​ដោយ​សហរដ្ឋ​អាម៉េរិក​និង​បាន​ពង្រីក​ទណ្ឌកម្ម​ក្នុង​ឆ្នាំ ១៩៦២ ទណ្ឌកម្ម​នេះ​គឺជា​កេរ្តិ៍ដំណែល​បន្សល់​ពី​អរិភាព​សង្គ្រាមត្រជាក់រ​វាង​ប្រទេស​ទាំងពីរ​។​

​ទណ្ឌកម្ម​របស់​អាម៉េរិក​លើ​គុយបា​ត្រូវបាន​ថ្កោលទោស​ថា “​អនាធិប្បតេយ្យ​” និង “​អមនុស្សធម៌​” ក្នុងអំឡុង​ការជជែក​ដេញដោល​ដោយ​មហាសន្និបាត​រយៈពេល ២ ថ្ងៃ​។​

​ក្នុង​ឆ្នាំ ២០១៦ សហរដ្ឋ​អាម៉េរិក​បាន​បោះ​អនុប្បវាទ​ជា​លើកដំបូង​នៅក្នុង​ការបោះឆ្នោត​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ ចំពេល​មាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជាមួយ​គុយបា​ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា​។​

​ប៉ុន្តែ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​បាន​ប្រែ​ទៅជា​សោះកក្រោះ​ចាប់តាំងពី​លោក​ដូ​ណា​ល់ ត្រាំ​មកដល់​សេត​វិមាន​។​

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​គុយបា​លោក ព្រូ​ណូ រ៉ូ​ឌ្រី​ហ្គេ​ស បាន​ចោទប្រកាន់ថា “​មានការ​កើនឡើង​នៃ​ភាព​គឃ្លើន​ប្រឆាំងនឹង​គុយបា​” ក្រោម​ការដឹកនាំ​របស់​លោក​ត្រាំ ដោយ​គាត់​និយាយថា​រដ្ឋបាល​ត្រាំ “​មិនបាន​លាក់បាំង​នូវ​ចេតនា​របស់ខ្លួន​ក្នុងការ​ខ្ទប់​ដង្ហើម​សេដ្ឋកិច្ច​របស់​គុយបា​និង​បង្កើន​ការបំផ្លិចបំផ្លាញ​ការខ្វះខាត​និង​ការឈឺចាប់​ដល់​ប្រជាជន​ខ្លួន​”​។​

​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា​អះអាងថា ការដាក់ទណ្ឌកម្ម​នេះ​បាន​បង្ក​ការខាតបង់​សេដ្ឋកិច្ច​គុយបា​សរុប​ចំនួន ១៣៨ ពាន់​លាន​ដុល្លារ​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​លោកស្រី ខេ​ល​លី ក្រា​ហ្វ បាន​ស្តីបន្ទោស​របប​គុយបា ដោយ​ចោទប្រកាន់ថា​បាន​រំលោភ​លើ​ប្រជាជន​របស់ខ្លួន​និង​ធ្វើឱ្យមាន​អស្ថិរភាព​ក្នុង​តំបន់​។​

​លោកស្រី​និយាយថា “​យើង​មិន​ទទួលយក​ការទទួលខុសត្រូវ​ចំពោះ​ការរំលោភ​ទាំងនេះ​ទេ​”៕ ដោយ៖ កញ្ញាដាលីស