មហាសេដ្ឋី​ជនជាតិ​ថៃ​ម្ចាស់​ក្លិប Leicester ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​រួមជាមួយ​មនុស្ស ៤ នាក់​ផ្សេងទៀត​

1209
ចែករម្លែក

​មហាសេដ្ឋី​ជនជាតិ​ថៃ​ម្ចាស់​ក្លិប Leicester City បាន​ស្លាប់ នៅពេលដែល​ឧទ្ធម្ភាគចក្រ​របស់គាត់​បាន​ធ្លា​ក់នៅ​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ពី​កីឡដ្ឋាន​របស់​ក្លិប​កាលពី​ថ្ងៃ​សៅរ៍ ទី​២៧ តុលា​។​

​ក្លិប​នេះ​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២៨​តុលា ដោយ​បញ្ជាក់ថា​លោក វី​ចៃ ស្រី​វ៉ា​ត់​ដា​ណា​ប្រា​ផា និង​មនុស្ស ៤ នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់​នៅពេលដែល​ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់​ពីលើ​មេឃ​ហើយ​ឆាបឆេះ​នៅ​ចុង​ភាគ​ខាងកើត​នៃ​កីឡដ្ឋាន King Power Stadium នៅ​ម៉ោង​ប្រហែល ៨ និង ៣០ នាទី​យប់​។​

​គេ​បាន​និយាយថា បុរស​វ័យ ៦០ ឆ្នាំ​រូបនេះ​ដែល​បាន​ទិញ​ក្លិប​នេះ​ក្នុងតម្លៃ ៣៩ លាន​ផោន (៥០ លាន​ដុល្លារ​) ក្នុង​ឆ្នាំ ២០១០ និង​បាន​នាំឱ្យ​ក្លិប​ក្លាយជា​ជើងឯក​ក្របខ័ណ្ឌ Premier League ជា​លើកដំបូង​ក្នុង​ឆ្នាំ ២០១៥-១៦ គឺជា “​បុរស​ដ៏​អស្ចារ្យ​”​។​

​ក្លិប​នេះ​បាន​បន្ថែមទៀតថា “​វា​គឺជា​សោកស្តាយ​និង​ខូចចិត្ត​យ៉ាង​ជ្រាលជ្រៅ​ដែល​យើង​បញ្ជាក់ថា ប្រធាន​របស់​យើង លោក វី​ចៃ ស្រី​វ៉ា​ត់​ដា​ណា​ប្រា​ផា គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ទាំងនោះ​ដែល​បាន​បាត់បង់​ជីវិត​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​នៅពេលដែល​ឧទ្ធម្ភាគចក្រ​ដឹក​គាត់​និង​មនុស្ស​៤​នាក់​ផ្សេងទៀត​បាន​ធ្លាក់​នៅ​ខាងក្រៅ​កីឡដ្ឋាន King Power Stadium​។ គ្មាន​នរណាម្នាក់​ក្នុងចំណោម​មនុស្ស​៥​នាក់​នៅលើ​យន្តហោះ​នៅ​រស់រានមានជីវិត​នោះឡើយ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្លិប​បានឱ្យដឹង​ទៀតថា “​ការ​បួងសួង​ចម្បង​របស់​មនុស្ស​គ្រប់គ្នា​នៅ​ក្លិប​គឺ​នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​លោកស្រី​វ៉ា​ត់​ដា​ណា​ប្រា​ផា និង​ក្រុមគ្រួសារ​នៃ​អ្នក​ដែល​នៅលើ​យន្តហោះ នៅ​គ្រា​នៃ​ការបាត់បង់​ដែល​មិនអាច​និយាយបាន​នេះ​។​

“​ចំពោះ​លោក​វី​ចៃ ពិភពលោក​បាន​បាត់បង់​បុរស​ដ៏​អស្ចារ្យ​។ បុរស​ចិត្តល្អ បុរស​មានចិត្ត​សប្បុរស និង បុរស​ម្នាក់​ដែល​ជីវិត​របស់គាត់​គឺ​ត្រូវបាន​កំណត់ដោយ​ក្តី​ស្រឡាញ់ ដែល​គាត់​លះបង់​ដើម្បី​គ្រួសារ​និង​អ្នក​ដែល​គាត់​បាន​ដឹកនាំ​ដោយ​ជោគជ័យ​។​

“Leicester City គឺជា​គ្រួសារ​ដែល​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​គាត់​។ វា​ប្រៀប​បី​ដូចជា​គ្រួសារ​មួយ​ដែល​យើង​នឹង​សោកសៅ​ចំពោះ​ការស្លាប់​របស់គាត់​និង​នៅតែ​បន្ត​នូវ​ចក្ខុវិស័យ​សម្រាប់​ក្លិប​មួយ​ដែល​ឥឡូវនេះ​គឺជា​មរតក​របស់គាត់​។​

“​សៀវភៅ​មរណៈទុក្ខ​ដែល​នឹង​ត្រូវបាន​ចែករំលែក​ជាមួយ​គ្រួសារ​លោកស្រី​វ៉ា​ត់​ដា​ណា​ប្រា​ផា នឹងត្រូវ​បាន​បើក​នៅ​ពហុ​កីឡដ្ឋាន King Power Stadium ចាប់ពី​ម៉ោង ៨ ព្រឹក​ថ្ងៃ​អង្គារ​ទី ៣០ ខែតុលា​ដល់​អ្នកគាំទ្រ​ដែល​ចង់​គោរព​គាត់​”​។​

​ក្លិប​និយាយថា សៀវភៅ​អន​ឡាញ​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​នឹងត្រូវ​ដាក់​នៅលើ​វេ​ប​សាយ​សម្រាប់​អ្នកគាំទ្រ​ដែល​មិនអាច​មកដល់​កីឡដ្ឋាន​ដើម្បី​សម្តែង​ការគោរព​។

​ក្លិប​និយាយទៀតថា ការប្រកួត​របស់​ក្រុម​ឈុត​ធំ​នៅ​ថ្ងៃ​អង្គារ​ទី ៣០ តុលា​ជាមួយ​ក្រុម Southampton ក្នុង​ក្របខ័ណ្ឌ EFL Cup និង ការប្រកួត​របស់​ក្រុមយុវជន​ជាមួយ​ក្រុម Feyenoord ក្នុង​ក្របខ័ណ្ឌ Premier League International Cup នឹងត្រូវ​ផ្អាក​៕ ដោយ៖ កញ្ញាដាលីស

លោក វី​ចៃ ស្រី​វ៉ា​ត់​ដា​ណា​ប្រា​ផា និង​មនុស្ស ៤ នាក់​ផ្សេងទៀត​ត្រូវបាន​សម្លាប់​នៅពេលដែល​ឧទ្ធម្ភាគចក្រ​បាន​ធ្លាក់​ពីលើ​មេឃ​ហើយ​ឆាបឆេះ​នៅ​ចុង​ភាគ​ខាងកើត​នៃ​កីឡដ្ឋាន King Power Stadium នៅ​ម៉ោង​ប្រហែល ៨ និង ៣០ នាទី​យប់
#