មហាសេដ្ឋី​ថៃ ដែល​អង្រួន​នយោបាយ​ថៃ បង្ហាញ​ការតស៊ូ​អត់ធន់ ខណៈ​ពួក​សត្រូវ​ហ៊ុមព័ទ្ធ​ជុំវិញខ្លួន​

483
ចែករម្លែក

​មេដឹកនាំ​ជា​មហាសេដ្ឋី​ថ្មី​បំផុត​និង​សកម្ម​បំផុត​នៅក្នុង​នយោបាយ​ថៃ​រូបនេះ​និយាយថា លោក “​ត្រៀមខ្លួន​ជាស្រេច​” ដើម្បី​ដើរចូល​គុក ខណៈ​ករណី​ផ្នែក​ច្បាប់​កំពុង​ហ៊ុមព័ទ្ធ​ជុំវិញ​គណបក្ស​ផ្តោតលើ​យុវជន​របស់លោក​ក្នុងពេល​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់ពី​គណបក្ស​នេះ​ទទួលបាន​សំឡេងឆ្នោត​រាប់លាន​នៅក្នុង​ការបោះឆ្នោត​ទូទៅ​។​

​លោក​ថា​ណា​ថន ជឿ​ង​រុងរឿង​គិត (Thanathorn Juangroongruangkit) ដែលជា​អ្នកនយោបាយ​ថ្មីថ្មោង​ពោរពេញ​ដោយ​ប្រជាប្រិយភាព ដែល​របៀបវារៈ​នយោបាយ​ថ្មីចែស​របស់គាត់​អំពី​កំណែទម្រង់សង្គម​និង​សេដ្ឋកិច្ច​បាន​ឆក់យក​បេះដូង​មនុស្ស​កើត​ជំនាន់​ទសវត្សរ៍​ឆ្នាំ​២០០០ និង​បាន​អង្រួន​របប​យោធា​កាន់អំណាច​នោះ នឹង​បង្ហាញមុខ​នៅ​គណៈកម្មការ​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​ទី​៣០​មេសា​នេះ​ដើម្បី​ពន្យល់​ពី​ការផ្ទេរ​ភាគហ៊ុន​ជម្លោះ​។​

​នេះ​គឺជា​ចំណាត់ការ​ចុងក្រោយ​បំផុត​មួយ​ធ្វើឡើង​ប្រឆាំងនឹង​លោក​ថា​ណា​ថន​និង​គណបក្ស​អនាគត​ឆ្ពោះទៅមុខ​របស់គាត់ ដែល​បាន​ធានា​ទទួលបាន​សំឡេងឆ្នោត​គាំទ្រ​ជាង ៦ លាន​សន្លឹក​នៅក្នុង​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី ២៤ មីនា ប៉ុន្តែ​ឥឡូវនេះ​កំពុង​រង​នូវ​បណ្តឹង​ផ្លូវច្បាប់​ដាច់ដោយឡែក​ពីគ្នា​ចំនួន ១៦ ករណី​។​

​លោក​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មេសា​ពី​ភូមិគ្រឹះ​របស់គាត់​នៅ​ជាយក្រុង​បាងកក​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​បានដឹង​តាំងពី​ថ្ងៃ​ដែល​យើង​បានចាប់ផ្តើម​បង្កើត​គណបក្ស​នេះ​ថា ការគំរាមកំហែង​នឹង​កើតឡើង​ឆាប់​ឬ​យូរ​ជាង​នេះ​។ វា​កើតឡើង​ឆាប់​ជាង​ការដែល​យើង​គិត​ទៅទៀត​”​។​

​គណៈកម្មាការ​បោះឆ្នោត​បា​ន​ដាក់​បញ្ហា​ប្រឈម​ពិតប្រាកដ​និង​ភ្លាមៗ​ជាច្រើន​មកលើ​លោក​ថា​ណា​ថន​។​

​គណៈកម្មការ​បោះឆ្នោត​ត្រូវគេ​រំពឹងថា​នឹងធ្វើ​សេចក្តីសម្រេចចិត្ត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​ជុំវិញ​ការចោទប្រកាន់ថា លោក​ថា​ណា​ថន​បាន​បំពាន​ច្បាប់បោះឆ្នោត ដោយ​កាន់កាប់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​។​

​លោក​ថា​ណា​ថន​អាយុ ៤០ ឆ្នាំ​បាន​ទទូចថា ភាគហ៊ុន​នោះ​ត្រូវបាន​បោះបង់ចោល​ប៉ុន្មាន​សប្តាហ៍ មុនពេល​ដែល​លោក​បាន​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត ដោយ​ទាត់ចោល​ការចោទប្រកាន់​នោះ​ថា​ជា “​ការវាយប្រហារ​បុគ្គល​នយោបាយ​”​។​

​គណៈកម្មការ​បោះឆ្នោត​អាច​ផ្អាក​លោក​ថា​ណា​ថន​ពី​សកម្មភាព​នយោបាយ ដែលជា​កណ្តាប់ដៃ​វាយ​ដ៏​ខ្លាំង​មួយ​មកលើ​ចលនា​ដ៏​ក្លៀវក្លា​របស់គាត់​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​អំណាច​ជាតា​រា​របស់គាត់​និង​ការសន្ទនា​តាម​បណ្តាញ​សង្គម ដែល​គាត់​បានចាប់ផ្តើម​ជាមួយ​អ្នកបោះឆ្នោត​វ័យក្មេង​។​

​គណៈកម្មការ​បោះឆ្នោត​ក៏​អាច​បញ្ជូន​រឿងក្តី​របស់គាត់​ទៅកាន់​តុលាការ​ជាន់ខ្ពស់ ដែល​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​យ៉ាងធ្ងន់ធ្ង​រ​ពីបទ​រំលោភបំពាន​ច្បាប់បោះឆ្នោត ហើយ​ទីបំផុត​អាច​នឹង​រំលាយ​គណបក្ស​របស់គាត់​ចោល​តែម្តង​។​

​គាត់​ក៏​ប្រឈម​នឹង​ការចោទប្រកាន់​ពីបទ​បះបោរ​ផងដែរ ដែលមាន​ស្ថាន​ទម្ងន់ទោស​ជាប់គុក ៧ ឆ្នាំ​។ ប៉ុន្តែ​លោក​ថា​ណា​ថន​បានបង្ហាញ​ការតស៊ូ​អត់ធន់ ខណៈដែល​សត្រូវ​នយោបាយ​របស់គាត់​កំពុង​ហ៊ុមព័ទ្ធ​ជុំវិញខ្លួន​។​

​មហាសេដ្ឋី​គ្រឿងបន្លាស់​រថយន្ត​រូបនេះ​បាន​តប​វិញ​ថា “​ខ្ញុំ​បាន​ត្រៀម​ទាំង​ចិត្ត​ទាំង​កាយ​សម្រាប់​អ្វីៗ​ដែល​នឹង​កើតឡើង​”៕ ដោយ៖ កញ្ញាដាលីស

លោក​ថា​ណា​ថន ជឿ​ង​រុងរឿង​គិត មេបក្ស​អនាគត​ឆ្ពោះទៅមុខ