មហាសេដ្ឋី​និង​ជា​បេក្ខជន​សង្ឃឹម​ក្លាយជា​ប្រធានាធិបតី​របស់​តៃវ៉ាន់ លោក ធឺ​រី ហ្គោ ទទួល​តម្រុយ​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​

717
ចែករម្លែក

​លោក ធឺ​រី ហ្គោ (Terry Gou) ដែលជា​បុរស​មានទ្រព្យ​សម្បត្តិ​ស្តុក​ស្ត​ម​បំផុត​និង​ជា​បេក្ខជន​សង្ឃឹម​ក្លាយជា​ប្រធានាធិបតី​របស់​តៃវ៉ាន់ បាន​និយាយថា លោក​បាន​ជួប​លោក​ដូ​ណា​ល់ ត្រាំ​នៅក្នុង​សេត​វិមាន​កាលពី​ថ្ងៃ​ពុធ​ទី​១​ឧសភា​ជាមួយ​មេដឹកនាំ​អាមេរិក ដោយ​ព្រមាន​លោក​ថា ការងារ ដែល​លោក​នឹងធ្វើ​នោះ គឺ “​ពិបាក​ណាស់​”​។​

​លោក​ហ្គោ ដែលជា​ប្រធាន​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស Foxconn បានធ្វើ​សេចក្តីប្រកាស​ដ៏​ភ្ញាក់ផ្អើល​មួយ​កាលពី​ខែ​មុន​ថា លោក​គ្រោង​នឹង​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ក្នុងការ​បោះឆ្នោត​នា​ខែមករា​ឆ្នាំក្រោយ បន្ទាប់ពី​ប្រកាសថា ស្តេច​នាគរាជ​បាតសមុទ្រ​ឈ្មោះ ម៉ាត់​ស៊ូ បាន​ជំរុញ​ឱ្យ​គាត់​ធ្វើ​ដូច្នេះ​។​

​មហាសេដ្ឋី​វ័យ ៦៩ ឆ្នាំ​រូបនេះ​កំពុង​ស្វះ​ស្វែងរក​ការតែងតាំង​ពី​គណបក្សប្រឆាំង​ដែល​ស្និទ្ធស្នាល​ជាមួយ​ប៉េកាំង គឺ​បក្ស​គូ​មីង​តាំង (KMT) ប៉ុន្តែ​រោងចក្រ​ដ៏​ធំ​របស់គាត់​នៅ​ចិនដីគោក​បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ថា​លោក​នឹងមាន​ភាពកក់ក្តៅ​ជ្រុល​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​អ្នកនយោបាយ​តៃវ៉ាន់​ជាច្រើន​នាក់​បានធ្វើ​ដំណើរ​ទៅកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​សង្ឃឹមថានឹង​ទទួលបាន​ការគាំទ្រ​ពី​ក្រុម​ជនអន្តោប្រវេសន៍​ដែល​រស់​នៅលើ​កោះ​តៃវ៉ាន់ និង ក្រុមមន្ត្រី​មាន​ឥទ្ធិពល​របស់​អាមេរិក​។​

​ប៉ុន្តែ​មានតែ​លោក​ហ្គោ​ម្នាក់​គត់ ដែល​អាច​ពិភាក្សា​មួយ​ទល់នឹង​មួយ​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ​។​

​លោក​ហ្គោ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​បន្ទាប់ពី​កិច្ចប្រជុំ​នោះ​ថា “​ប្រសិនបើ​ខ្ញុំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ចិន (​តៃវ៉ាន់​) ខ្ញុំ​នឹង​ក្លាយជា​អ្នកបង្កើត​សន្តិភាព ហើយ​នឹងមិន​ក្លាយជា​អ្នកបង្កើត​បញ្ហា​ទេ​…​ខ្ញុំ​នឹង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​តៃវ៉ាន់​និង​សហរដ្ឋអាមេរិក​”​។​

​គាត់​ក៏បាន​អួតអាង​អំពី​ការ​មាន​ទំនាក់ទំនង​ជាមួយ​សេត​វិមាន​ផងដែរ​ក្នុងការ​ដៀមដាម​មួយ​ដាក់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ដែល​កំពុង​កាន់អំណាច ដែល​តែង​បង្ហាញ​ការសង្ស័យ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​លោក​បាន​និយាយថា “​យើង​បានទទួល​ការគួរ​សម្តែង​ការ​សម​ខ្ពង់ខ្ពស់​បំផុត (​ការអញ្ជើញ​) ទៅកាន់​ការិយាល័យ​ពងក្រពើ​។ ប្រាប់​ខ្ញុំ​មក រហូតមកទល់​ពេលនេះ តើ​មន្ត្រី DPP មាន​សមត្ថភាព​បែបនេះ​ដែរឬទេ​?”​។ ក្រោយមក​បន្តិច​លោក​បានបង្ហាញ​អ្នកយកព័ត៌មាន​នូវ​ទ្រនាប់​ពែង​និង​ប៊ិក​ដែលមាន​ឆ្លាក់​ហត្ថលេខា​របស់លោក​ត្រាំ​។​

​នៅពេល​សួរថា​តើ​លោក​ត្រាំ​បាន​ប្រាប់​អ្វី​ដល់​គាត់ លោក​ហ្គោ​បាន​និយាយថា “​គាត់​បាន​ឆ្លើយថា (​ធ្វើជា​ប្រធានាធិបតី​) ជាការ​ងារ​ដ៏​លំបាក​”​។​

​លោក​ហ្គោ​បាន​បង្កើត​លុយរាប់​ពាន់​លាន​របស់គាត់​តាមរយៈ​ក្រុមហ៊ុន Foxconn ដែល​បាន​ដំឡើង​ទូរស័ព្ទ​របស់ Apple និង Huawei ក៏ដូចជា​ផលិត​គ្រឿងបន្លាស់​និង​គ្រឿង​លម្អ​អេ​ឡិច​ត្រូ​និ​ច​ដទៃទៀត​សម្រាប់​ម៉ាក​សញ្ញា​អន្តរជាតិ​សំខាន់ៗ​ជាច្រើន​។​

​ភាគច្រើន​នៃ​ការវិនិយោគ​របស់លោក​ហ្គោ​គឺ​នៅក្នុង​ប្រទេស​ចិន ដោយ​ជួល​កម្មករ​ជាង​មួយ​លាន​នាក់​នៅក្នុង​ប្រទេស​ចិន កន្លែង​ដែល​កម្លាំង​ពលកម្ម​ថោក​បាន​ជួយ​ជំរុញ​ដល់​ការកើនឡើង​នៃ​ទ្រព្យធន​របស់​ក្រុមហ៊ុន​។​

​ក្រុមហ៊ុន Foxconn បាន​ប្តេជ្ញា​បង្កើត​រោងចក្រ​ផលិត​អេក្រង់​ក្នុង​ទំហំ​ទឹកប្រាក់ ១០ ពាន់​លាន​ដុល្លារ​នៅ​រដ្ឋ​វី​ស្កុន​ស៊ីន​របស់​អាមេរិក ដោយ​បង្កើត​ការងារ​ចំនួន ១៣.០០០ តំណែង ជាមួយ​លោក​ត្រាំ​និង​លោក​ហ្គោ​បាន​ចូលរួម​ក្នុង​ពិធី​កាត់​ខ្សែបូ​សម្ភោ​ធ​ជាមួយគ្នា​កាលពី​ពីរ​ឆ្នាំមុន​។​

​ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះមក គម្រោង​នេះ​បាន​ទទួលរង​ការវាយប្រហារ​ដោយ​ភាពមិនប្រាកដប្រជា​ជុំវិញ​ចំនួន​ការងារ​ដែល​នឹងត្រូវ​បង្កើតឡើង និង​ការកាត់បន្ថយ​ពន្ធ​ដ៏​ធំ ដែល​នឹង​ផ្តល់ជូន​ដល់​ក្រុមហ៊ុន Foxconn៕ ដោយ៖ កញ្ញាដាលីស

លោក ធឺ​រី ហ្គោ