មហាសេដ្ឋី​ផុត​លេខ​របស់​ដា​ណឺ​ម៉ាក​ បាត់បង់​កូន​បីនាក់​ក្នុង​ការផ្ទុះ​គ្រាប់បែក​នៅ​ស្រីលង្កា​

314
ចែករម្លែក

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ម៉ូត​សម្លៀកបំពាក់​ទាន់សម័យ​របស់លោក​ប៉ូវ​សេន​ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​ មេសា​ថា បុរស​មាន​ជាងគេ​បំផុត​របស់​ដា​ណឺ​ម៉ាក លោក អ៊ែន​ឌ័​រ ហូល ប៉ូវ​សេន (Anders Holch Povlsen) និង​ប្រពន្ធ​របស់គាត់​បាន​បាត់បង់​កូន​បីនាក់​ក្នុងចំណោម​កូន​បួន​នាក់​របស់​ពួកគេ នៅក្នុង​ការវាយ ប្រហារ​កាលពី​ថ្ងៃអាទិត្យ​នៅ​ស្រីលង្កា​។​

​អ្នកនាំពាក្យ​រូប​នោះបាន​បដិសេធ​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែ​ម ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដា​ណឺ​ម៉ា​កបាន​និយាយថា ក្រុមគ្រួសារ​របស់​ពួកគេ​បាន​ឈប់សម្រាក​លំហែកាយ​នៅ​ប្រទេស​ស្រីលង្កា​។​

​យោងតាម​សារព័ត៌មាន BBC បានឱ្យដឹងថា កូន​ម្នាក់​ក្នុងចំណោម​កូនៗ​របស់ លោក​ប៉ូវ​សេន​ បាន​បង្ហោះ​រូបថត​មួយ​នៅលើ Instagram កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ដែល​បង្ហាញថា​ថត​នៅ​ប្រទេស​ស្រីលង្កា​។​

​លោក​ប៉ូវ​សេន ​អាយុ ៤៦ ឆ្នាំ ​គឺជា​ម្ចាស់​ក្រុមហ៊ុន​ម៉ូត​សម្លៀកបំពាក់​ទាន់សម័យ Bestseller ដែល​រាប់បញ្ចូល​ទាំង​ម៉ាក​ល្បីៗ​ដូចជា Vero Moda និង Jack&Jones និង​ជា​អ្នកមាន​ភាគហ៊ុន​ធំ​នៅ​ក្រុមហ៊ុន​លក់រាយ​តាម​អន​ឡាញ Asos ខណៈ​កាន់​ភាគហ៊ុន​ធំ​នៅក្នុង​ក្រុមហ៊ុន Zalando ផងដែរ​។​

​យោងតាម​កាសែត New York Times គាត់​ក៏​ជា​ម្ចាស់​ដី​ធំជាងគេ​នៅ​ស្កុ​តឡែ​ន​ផងដែរ​។ ទស្សនា​វ​ដ្តី Forbes បាន​និយាយថា គាត់​កាន់កាប់​ដីធ្លី​ជាង ១ ភាគរយ​នៃ​ដី​ទាំងអស់​នៅ​ស្កុ​តឡែ​ន​។​

​យ៉ាងហោចណាស់​មនុស្ស ២៩០ នាក់​រួមទាំង​អ្នកទេសចរ ៣៩ នាក់​ត្រូវបាន​សម្លាប់​នៅ​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ព្រះវិហារ​និង​សណ្ឋាគារ​ប្រណីត​កាលពី​ថ្ងៃអាទិត្យ​ ដែលជា​ថ្ងៃបុណ្យ​អ៊ី​ស្ទើរ (Easter) ដែល​វា​ជា​អំពើហិង្សា​ដ៏​អាក្រក់​បំផុត​ដែល​ស្រីលង្កា​បាន​ជួបប្រទះ ចាប់តាំងពី​ការបញ្ចប់​សង្គ្រាមស៊ីវិល​កាលពី ១០ ឆ្នាំមុន​៕ ដោយ៖ កញ្ញាដាលី/Ha

លោក អ៊ែន​ឌ័​រ ហូល ប៉ូវ​សេន និង​ភរិយា​បាន​បាត់បង់​កូន​បីនាក់​នៅក្នុង​ការវាយប្រហា​រ​នៅ​ស្រីលង្កា
#