មហាសេដ្ឋី​ពាន់​លាន លោក ជេ​ហ្វ​រី អេប​ស្តា​ញ “​ធ្វើអត្តឃាត​” នៅក្នុង​ពន្ធនាគារ​

409
ចែករម្លែក

ក្រុមមន្ត្រី​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាម៉េរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ទី ១០ សីហា​ថា អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​និង​ជា​មហាសេដ្ឋី​ពាន់​លាន​ជនជាតិ​អាម៉េរិក លោក​ជេ​ហ្វ​រី អេប​ស្តា​ញ (Jeffrey Epstein) បានធ្វើ​អត្តឃាត​នៅក្នុង​ពន្ធនាគារ ខណៈ​រង់ចាំ​ការកាត់ទោស​ពីបទ​ជួញដូរ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ​សម្រាប់​សេវា​ផ្លូវភេទ​។​

​ក្រសួងយុត្តិធម៌​អាម៉េរិក​បាន​និយាយថា លោក​អេប​ស្តា​ញ ជា​ជន​រំលោភ​កុមារ​ដែល​ត្រូវបាន​ផ្តន្ទាទោស និង​ដែល​បាន​រាប់អាន​មិត្តភក្តិ​ជា​អ្នកនយោបាយ​និង​តារា​ល្បីៗ​ជាច្រើន​ឆ្នាំ​មកនេះ ត្រូវគេ​រកឃើញ​បាត់មាត់បាត់ក​នៅក្នុង​គុក​នៅឯ​មជ្ឈមណ្ឌល​កែប្រែ​នៃ​ក្រុង​ញូវយ៉ក ដែល​ទំនង​ស្លាប់​ដោយសារ​ធ្វើអត្តឃាត​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួង​បាន​បន្ថែមថា គាត់​ត្រូវបាន​រកឃើញ​បាត់មាត់ឈឹង​នៅ​ម៉ោង​ប្រហែល ៦ និង ៣០ នាទី​ព្រឹក​ថ្ងៃ​សៅរ៍ និង​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ញូវយ៉ក កន្លែង​ដែល​គាត់​ត្រូវ​បានប្រកាស​ស្លាប់​។​

​ក្រសួង​បាន​និយាយថា “FBI កំពុង​ស៊ើបអង្កេត​លើ​ឧបទ្ទវ​ហេតុនេះ​”​។​

​កាសែត​ញូវយ៉ក​ថែម​ស៍​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃទៀត​បាន​ដកស្រង់​សម្តី​មន្ត្រី​ម្នាក់​ដោយ​និយាយថា លោក​អេប​ស្តា​ញ​បាន​ចងក​សម្លាប់ខ្លួន​។​

​ការិយាល័យ​ពិនិត្យ​សុខភាព​នៃ​ទីក្រុង​ញូវយ៉ក​បានបញ្ជាក់​ពី​ការស្លាប់​របស់​អេប​ស្តា​ញ ប៉ុន្តែ​មិនបាន​និយាយ​អ្វី​មូលហេតុ​បណ្តាល​ស្លាប់​នោះទេ​។ ការិយាល័យ​នេះ​និយាយថា​ការស៊ើបអង្កេត​ផ្នែក​វេជ្ជសាស្ត្រ​ត្រូវបាន​បើក​៕ ដោយ៖ កញ្ញាដាលីស

លោក​ជេ​ហ្វ​រី អេប​ស្តា​ញ ធ្វើអត្តឃាត​នៅក្នុង​គុក​នៅ​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​សៅរ៍