មហាសេដ្ឋី​ហុងកុង​លោក លី កាស៊ី អំពាវនាវ​សុំ​សេចក្តីស្រឡាញ់​ពី​បាតុករ​

741
ចែករម្លែក

​បុរស​មាន​បំផុត​នៅ​ហុងកុង​លោក​លី កាស៊ី​ង កាលពី​ថ្ងៃ​សុក្រ​ទី​១៦​សីហា​បាន​ទទូច​សុំ​ប្រជាជន​អោយ​បង្ហាញ​«​ការស្រឡាញ់​ចិន ស្រឡាញ់​ហុងកុង​និង​ស្រឡាញ់​ខ្លួនឯង​» ក្នុង​ប្រតិកម្ម​​ជា​សាធារណៈ​លើកដំបូង​របស់​លោក​អំ​ពី​ការតវ៉ា​ប្រឆាំង​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ដែល​បាន​ធ្វើអោយ​ហុងកុង​ជាប់គាំង​និង​ជួប​អំពើហិង្សា​អស់​ពេល​ជាង​២​ខែ​មក​ហើយ​។​

​សារ​របស់​លី​នៅក្នុង​ការផ្សាយពាណិជ្ជកម្ម​នៅ​ទំព័រមុខ​របស់​កាសែត​ធំៗ​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នេះ បាន​ស្នើសុំ​សាធារណជន​ហុងកុង​«​បញ្ចប់​កំហឹង​ជាមួយ​នឹង​សេចក្តីស្រឡាញ់​»​និង​«​បញ្ឈប់​អំពើហិង្សា​» ។​ការផ្សាយ​ពាណិជ្ជកម្ម​នេះ​មាន​ចុះហត្ថលេខា​ដាក់ថា «​ពលរដ្ឋ​ហុងកុង លី កាស៊ី​ង​»​។​

​ការប្រឈមមុខ​អស់​ពេល​១១​សប្តាហ៍​រវាង​ប៉ូលិស​និង​អ្នកប្រឆាំង​តវ៉ា បាន​រុញ​ទម្លាក់​ហុងកុង​ចូល​ក្នុង​វិបត្តិ​អាក្រក់​បំផុត​របស់​ខ្លួន ចាប់តាំងពី​វា​ត្រូវបាន​អង់គ្លេស​ប្រគល់​អោយ​ចិន​​គ្រប់គ្រង​វិញ​នៅ​ឆ្នាំ​១៩៩៧ និង​ជា​ការ​ប្រឈម​ធំ​បំផុត​នឹង​អំណាច​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ពីង ចាប់តាំងពី​លោក​បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​២០១២​។​

​ចិន​បាន​ប្រដូច​ការប្រឆាំង​តវ៉ា​នេះ​ទៅ​នឹង​ភេរវកម្ម និង​បាន​ព្រមាន​ថា​វា​អាច​ជួប​ការប្រើ​កម្លាំង នៅពេល​ប្រធានាធិបតី​អាម៉េរិក ដូ​ណា​ល់ ត្រាំ បាន​អំពាវនាវ​អោយ​លោក​ស៊ី​ជួប​​ពួក​ប្រឆាំង​តវ៉ា​ដើម្បី​បន្ថយ​ភាព​តានតឹង​។​

​បាតុកម្ម​ធំៗ​ជា​ថ្មី​ទៀត​ត្រូវ​គេ​រំពឹងថា​នឹង​កើតមាន​នៅ​ចុង​សប្តាហ៍ ខណៈ​កងកម្លាំង​បង្ក្រាប​បាតុកម្ម​ចិន​ក៏​ត្រៀមខ្លួន​ជាស្រេច​។​មនុស្ស​ជាង​៧០០​នាក់​ត្រូវបាន​ចាប់ខ្លួន​ចាប់​តាំង​​ពី​ការប្រឆាំង​តវ៉ា​បាន​ចាប់ផ្តើម​កាលពី​ខែមិថុនា និង​ការបាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ត្រូវបាន​ប៉ូលិស​ប្រើ​លើ​បាតុករ​កាន់តែ​ញឹកញយ​ឡើង​។​

​ការជួបជុំ​ដែល​ត្រូវបាន​ដាក់ឈ្មោះថា «​សាមគ្កី​ជាមួយ​ហុងកុង អំណាច​ប្រជាជន​» ត្រូវបាន​អនុញ្ញាត​អោយ​ធ្វើ​នៅ​យប់​ថ្ងៃ​សុក្រ តែ​ប៉ូលិស​មិន​អនុញ្ញាត​អោយ​មាន​ការជួប​ជុំ​ផ្សេងៗ​​នៅ​ចុង​សប្តាហ៍​ទេ​។​

​លី ដែល​ជា​អតីត​ប្រធាន​ក្រុមហ៊ុន CK Hutchison Holdings​មិន​បាន​និយាយ​ពាក្យ​ណា​បង្ហាញ​ការគាំទ្រ​រដ្ឋាភិបាល ឬ​មេដឹកនាំ​ហុងកុង​លោកស្រី ការី ឡាំ ទេ ក្រៅ​តែ​ពី​លើក​​សរសើរ​សេរីភាព ការ​អធ្យាស្រ័យ​គ្នា​និង​នីតិរដ្ឋ​។​តែ​សេចក្តីថ្លែងការណ៍​មួយ​ចេញ​ដោយ​អ្នកនាំពាក្យ​នៅពេល​បន្ទាប់មក បាន​ស្រង់​សម្តី​លោក​លី ដែលថា «​ផ្លូវ​ទៅ​ន​រក ច្រើនតែ​​ត្រួសត្រាយ​ជាមួយនឹង​បំណងល្អ​។​យើង​ត្រូវ​ប្រយ័ត្នប្រយែង​អំពី​ផលវិបាក​ដែល​គ្មាន​នរណា​ចង់បាន​»​។​

​លោក​បាន​និយាយថា វា​សំខាន់​ដែល​វិនិយោគ​ទៅក្នុង​មនុស្ស​ជំនាន់​ក្មេងៗ សំរាប់​ផ្លែផ្កា​នាពេល​អនាគត​និង​សំរាប់​ហុងកុង ហើយ​«​ខ្ញុំ​គិតថា រដ្ឋាភិបាល​បាន​ឮ​សារ​នេះ​យ៉ាង​​ច្បាស់ និង​វា​បាន​ដាស់​អារម្មណ៍​របស់​គេ​អោយ​រក​ដំណោះស្រាយ​»៕​ដោយ​៖​វាសនា​

សារ​របស់​លោក​លី កាស៊ី​ង ក្នុង​ការផ្សាយពាណិជ្ជកម្ម​ក្នុង​កាសែត​ល្បីៗ​នៅ​ហុងកុង ស្នើសុំ​អោយ​សាធារណជន​«​បញ្ចប់​កំហឹង ដោយ​ជំនួស​មកវិញ​នូវ​សេចក្តីស្រឡាញ់​»​និង​«​បញ្ឈប់​​អំពើហិង្សា​»

#