មហាសេដ្ឋី​ហុងកុង លោក លី កាស៊ី​ង បរិច្ចាគ ១២៧ លាន​ដុល្លារ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​អាជីវកម្ម​ក្នុងស្រុក​

286
ចែករម្លែក

​អង្គការ​មូលនិធិ​រប​ស់​គាត់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៤ តុលា​ថា បុរស​មាន​ជាងគេ​បំផុត​នៅ​ហុងកុង​លោក លី កាស៊ី​ង នឹង​បរិច្ចាគ ១ ពាន់​លាន​ដុល្លារ​ហុងកុង (១២៧ លាន​ដុល្លារ​អាម៉េរិក​) ដើម្បី​ជួយ​ដល់​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម​ក្នុងស្រុក ជា​ចំណាត់ការ​មួយ​ធ្វើ​ឡើងខណៈ​សេដ្ឋកិច្ច​របស់​ទីក្រុង​នេះ​រង​ផលប៉ះពាល់​ដោយ​ការតវ៉ា​បែប​ប្រជាធិបតេយ្យ​។​

​ពួក​មហាសេដ្ឋី​ហុងកុង​និង​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​បាន​រង​សម្ពាធ​ខ្លាំង​ពី​ទីក្រុង​ប៉េកាំង ព្រោះ​មិនបាន​ធ្វើ​អ្វី​គ្រប់គ្រាន់​ដើម្បី​សម្រាល​បញ្ហា​ផ្ទះសម្បែង​នៅក្នុង​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​ចិន​នេះ​។​

​លោក​លី​ក្លាយជា​មុខសញ្ញា​វាយប្រហារ​ដោយ​គណៈកម្មាធិការ​កិច្ចការ​នយោបាយ​និង​ច្បាប់​មជ្ឈិម​របស់​ចិន​កាលពី​ខែកញ្ញា​ពីបទ “​ចិញ្ចឹម​ដល់​ឧក្រិដ្ឋកម្ម​” បន្ទាប់ពី​លោក​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ចេះ​អាណិតអាសូរ​ដល់​ពួក​យុវជន ចំពេល​មានការ​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល ដែល​អង្រួន​ទីក្រុង​ហុងកុង​។​

​លោក​លី​បាន​និយាយថា​គាត់​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ដែល​ការអត្ថាធិប្បាយ​របស់គាត់​ទាក់ទង​នឹង​ការតវ៉ា​ត្រូវបាន​បកស្រាយ​ខុស ហើយ​បានបញ្ជាក់​ជាថ្មី​ថា​រាល់​សកម្មភាព​ណា​ដែល​រំលោភ​លើ​ច្បាប់​គឺ​មិនអាច​អត់ឱន​ឱ្យបាន​ឡើយ​។​

​អង្គការ Li Ka Shing Foundation បាន​និយាយថា អង្គការ​នឹង​ពិភាក្សា​ពី​វិធានការ​គាំទ្រ​ជាមួយ​រដ្ឋាភិបាល​ហើយនឹង​ធ្វើការ​បរិច្ចាគ​ប្រាក់ ខណៈ​សេដ្ឋកិច្ច​របស់​ហុងកុង​កំពុង​ជួប​ការ​ប្រឈម​មិន​ធ្លាប់មាន​ពីមុនមក​៕ ដោយ៖ កញ្ញាដាលីស

លោក លី កាស៊ី​ង