មហាសេដ្ឋី​អចលនទ្រព្យ​ឈរលើ​កំពូល​បញ្ជី​អ្នកមាន​ទ្រព្យ​ស្តុកស្តម្ភ​របស់​ចិន ខណៈ​ម្ចាស់​ក្រុមហ៊ុន Wanda ធ្លាក់​ពី​លេខ ១ មក​លេខ ៥

547

​មហាសេដ្ឋី​អចលនទ្រព្យ លោក ស៊ូ ចៀ​យីន (Xu Jiayin) បាន​ឡើង​ឈរលើ​កំពូល​តារាង​នៃ​បញ្ជី​អ្នកមាន​បំផុត​របស់​ចិន បន្ទាប់ពី​ទ្រព្យសម្បត្តិ​របស់គាត់​បា​ន​កើនឡើង​បួន​ដង ដោយ​ធាក់​លោក វ៉ាង ចៀន​លីន (Wang Jianlin) ចេញពី​តំណែង​លេខ​១​ជា​យូរអង្វែង​របស់គាត់​។​

​បញ្ជី​អ្នកមាន ហៅថា Hurun Report ដែលជា​បញ្ជី​ល្បីល្បាញ​បំផុត​អំពី​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​របស់​ចិន​បាន​ប៉ាន់ប្រមាណ​ថា ទ្រព្យសម្បត្តិ​របស់លោក ស៊ូ ស្ថាបនិក​ក្រុមហ៊ុន​អភិវឌ្ឍន៍ Evergrande បាន​កើន​ឡើងដល់ ៤៣ ពាន់​លាន​ដុល្លារ ដែល​ធ្វើឱ្យ​គាត់​ឡើង ៩ លេខ ធៀប​នឹង​ឆ្នាំមុន​។​

​របាយការណ៍​នៃ​បញ្ជី​អ្នកមាន​នេះ​បានឱ្យដឹងថា លោក​វ៉ាង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​និង​កម្សាន្ត Dalian Wanda Group បាន​ធ្លាក់ចុះ​ពី​លេខ ១ ទៅ​លេខ ៥ ដោយសារ​ទ្រព្យសម្បត្តិរ​បស់​គាត់​បាន​ធ្លាក់ចុះ ២៨ ភាគរយ​មក​នៅត្រឹម ២៣ ពាន់​លាន​ដុល្លារ​។ លោក​វ៉ាង​បាន​កាន់កាប់​តំណែង​កំពូល​នេះ​ចាប់តាំងពី​ឆ្នាំ ២០១៣ មកម្ល៉េះ​។​

​ការប្រែប្រួល​នេះ​ឆ្លុះបញ្ចាំង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុងការ​រឹតបន្តឹង​លើ​ក្រុមហ៊ុន​នានា​ដែល​បង្កើន​បំណុល​ដើម្បី​ធ្វើ​វិនិយោគទុន​នៅក្រៅ​ប្រទេស និង​ជំរុញ​ឱ្យ​សហគ្រិន​ផ្តោតលើ​កំណើន​ក្នុងស្រុក​វិញ​។​

​ក្រោម​ការដឹកនាំ​របស់​លោក​វ៉ាង ក្រុមហ៊ុន Dalian Wanda បានចាប់ផ្តើម​ជា​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ ហើយ​ក្រោយមកទៀត​បាន​ពង្រីក​ខ្លួន​ចេញ​ក្រៅប្រទេស ដោយ​ទិញ​ស្ទូ​ឌី​យ៉ូ​ហូលីវូដ បណ្តាញ​រោងភាពយន្ត​អាមេរិក ក្រុមបាល់ទាត់​អេ​ស្ប៉ា​ញ​ជាច្រើន​ក្លិប និង​ក្រុមហ៊ុន​ផលិត​នាវា​ទំនើប​របស់​អង់គ្លេស​។​

​ប៉ុន្តែ​មហិច្ឆតា​ជា​សកល​របស់លោក​ត្រូវបាន​រារាំង នៅពេល​ក្រុង​ប៉េកាំង​បាន​ពង្រឹង​ការគ្រប់គ្រង​លើ​ការវិនិយោគ​ក្រៅប្រទេស​ដើម្បី​ទប់ស្កាត់​ការចំណាយ​ហួសប្រមាណ​ទៅលើ​វិស័យ​កម្សាន្ត​នៅ​បរទេស និង​ការចំណាយ​លើ​កីឡា​បរទេស ដែល​មិនមាន​ប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន​និង​ដើម្បី​ចៀសវាង​ការធ្លាក់ចុះ​នៃ​ទុនបម្រុង​បរទេស​របស់​ប្រទេស​ចិន​៕ ដោយ៖ កញ្ញាដាលីស

មហាសេដ្ឋី​អចលនទ្រព្យ លោក ស៊ូ ចៀ​យីន
លោក វ៉ាង ចៀន​លីន