មហាសេដ្ឋី​អាមេរិក​នាំ​កូន​នាវាមុជទឹក​ទៅ​កន្លែង​ក្មេង​ជាប់​ក្នុង​ល្អាង​នៅ​ឈៀង​រ៉ៃ​

1328

​សហគ្រិន​អវកាស​អាមេរិក​លោក​អ៊ី​ឡូ​ន ម៉ា​សក៍ (Elon Musk )​បាន​សរសេរ​បង្ហោះ​ថា លោក​បាន​ស្ថិតនៅ​ក្នុងប្រទេស​ថៃ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​កក្កដា​ជាមួយនឹង​កូន​​នាវាមុជទឹក​មួយ នៅឯ​ល្អាង​រូងភ្នំ​ដែន​ជន់​លិច កន្លែង​ដែល​សមាជិក​៥​នាក់​នៃ​ក្រុមបាល់ទាត់​មួយ​កំពុង​នៅជាប់​ខ្លួន​នៅ​ទីនោះ​នៅឡើយ​។​

អ៊ី​ឡូ​ន ម៉ា​សក៍ អះអាងថាកូននាវានេះស្រាល​ល្មម​សំរាប់​សែង​ដោយ​អ្នក​មុជទឹក​២​នាក់ មាំ​​និង​តូច​ល្មម​ដើម្បី​ឆ្លងកាត់​ចន្លោះ​តូចចង្អៀត

​ម៉ា​សក៍ បាន​និយាយថា​” ទើប​វិល​មកពី​ល្អាង​ទី​៣”​។​

​នៅលើ​Instagram​លោក​បានបង្ហាញ​វីដេអូ​នៃ​ល្អាង​ដែល​ជន់​លិច ជាមួយ​អ្នក​ជួយសង្គ្រោះ​អមដោយ​សារ​ថា​” កូន​នាវា​ត្រៀមខ្លួន​រួចជាស្រេច​បើ​ត្រូវការ​វា​។​វា​ធ្វើឡើង​ពី​ផ្នែក​​នៃ​រ៉ុក្កែត​និង​ត្រូវដាក់​ឈ្មោះថា​Wild Boar(​ជ្រូកព្រៃ​)​ជា​ឈ្មោះ​យកតាម​ក្រុមបាល់ទាត់​យុវជន​នេះ​។​ទុក​វា​នៅក្នុង​ល្អាង​នេះ​ក្នុងករណី​អាចមាន​ប្រយោជន៍​នៅពេល​អនាគត​”​។​

​ល្អាង​ទី​៣ នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​មាត់​រូងភ្នំ​និង​ជា​មូលដ្ឋាន​សំរាប់​ពួក​អ្នក​ជួយសង្គ្រោះ​។​

​ពួក​អ្នក​នៅ​សេសសល់​៥​នាក់​នៅ​កំពុង​រង់ចាំ​ការជួយ​សង្គ្រោះ​នៅ​ចម្ងាយ​ប្រមាណ​២​គីឡូម៉ែត្រ​ពី​ល្អាង​ទី​៣​នេះ នៅ​ចំណុច​ពិបាក​ចូល​បំផុត​មួយ​។​

​តាំង​ពីមុនមក​មិនមាន​សញ្ញា​ណា​ដែលថា ផែនការ​ជួយសង្គ្រោះ​ថៃ​នឹង​ប្រើ​យាន​របស់លោក​ម៉ា​សក៍​។​

​គិត​មក​ត្រឹម​យប់​ថ្ងៃ​ចន្ទ ពួក​អ្នក​មុជទឹក​បាន​នាំ​ក្មេង​៨​នាក់​ចេញមកក្រៅ​ល្អាង ដូច្នេះ​នៅសល់​៥​នាក់​ទៀត​ក្នុងចំណោម​ក្រុមបាល់ទាត់​យុវជន​ដែលមាន​គ្នា​១៣​នាក់​នេះ​។​

​ការងារ​ជួយសង្គ្រោះ​ថៃ​មានការ​ចូលរួម​ពី​អ្នកជំនាញ​មកពី​ជុំវិញ​ពិភពលោក និង​ការស្លាប់​របស់​អ្នក​មុជទឹក​ថៃ​ម្នា​ក់ដោយ​ថប់ដង្ហើម បញ្ជាក់​ពី​គ្រោះថ្នាក់​នៃ​បេសកកម្ម​នេះ​។​

​មើលឃើញ​ការយកចិត្តទុកដាក់​ម​ក​ពី​គ្រប់​ទីកន្លែង​នៃ​ពិភពលោក លោក​ម៉ាស​ក៍​បានអោយ​គំនិត​មាន​ចាប់តាំងពី​ដាក់​ធុង​ឧស្ម័ន​ធំ​មួយ​នៅក្នុង​ល្អាង​និង​ប្រើ​រ៉ា​ដា​ក្រុមហ៊ុន​​របស់លោក​ដើម្បី​កំណត់​ទីតាំង​និង​ខួង​រូង​ចូល​សង្គ្រោះ និង​នៅ​ចុងក្រោយ​លោក​បាន​សុំ​ផ្តល់​កូន​នាវាមុជទឹក​។​

​លោក​បាន​ហៅថា​ជា​”​កូន​នាវា​ទំហំ​កូនក្មេង​ដែល​ប្រើ​បំពង់​បង្ហូរ​អុកស៊ីសែន​រាវ​របស់​រ៉ុក្កែត​Falcon​មួយ​ធ្វើជា​សំបក​។​វា​ស្រាល​ល្មម​សំរាប់​សែង​ដោយ​អ្នក​មុជទឹក​២​នាក់ មាំ​​និង​តូច​ល្មម​ដើម្បី​ឆ្លងកាត់​ចន្លោះ​តូចចង្អៀត​”​។​

​លោក​បន្ថែមថា មនុស្ស​នៅ​ខាងក្នុង មិនចាំបាច់​ហែល​ទឹក​ឬ​រៀន​ប្រើ​ធុង​ឧស្ម័ន​អុកស៊ីសែន​ទេ​៕​ដោយ​៖​វាសនា​

សាកល្បងមុននាំយកទៅថៃ