មហាអំណាចពិភពលោកយល់ស្របលើផែនការថ្មីដើម្បីសន្តិភាពលីប៊ី

122
ចែករម្លែក

មេដឹកនាំពិភពលោកបានប្តេជ្ញាកាលពីថ្ងៃអាទិត្យទី១៩មករាដើម្បីបញ្ចប់រាល់ការជ្រៀតជ្រែករបស់បរទេសនៅក្នុងសង្គ្រាមលីប៊ីនិងរក្សាទុកបម្រាមនាំចូលអាវុធនៅឯកិច្ចប្រជុំកំពូលទីក្រុងបែរឡាំង ដែលជាផ្នែកមួយនៃផែនការទូលំទូលាយដើម្បីបញ្ចប់ជម្លោះវិលវល់មិនចេះចប់នេះ។

ប្រធានាធិបតីរុស្ស៊ីតួកគីនិងបារាំងបានស្ថិតក្នុងចំណោមមេដឹកនាំពិភពលោកដែលបានចុះហត្ថលេខាលើផែនការបញ្ឈប់ការជ្រៀតជ្រែកក្នុងសង្គ្រាម ដូចជាតាមរយៈលក់អាវុធ បញ្ជូនកងទ័ព ឬផ្តល់ហិរញ្ញប្បទានជាដើម។

ប៉ុន្តែកិច្ចពិភាក្សានេះខកខានមិនបានផ្តល់នូវ “ការសន្ទនាសំខាន់” រវាងភាគីជម្លោះ គឺបុរសខ្លាំង ខាលីហ្វា ហាហ្វថា និងលោក ហ្វាយ៉េស អាល់សារ៉ាច ប្រមុខរដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅទីក្រុងទ្រីប៉ូលី ឬ ឱ្យភាគីទាំងពីរចុះកិច្ចព្រមព្រៀងលើបទឈប់បាញ់ជាអចិន្រ្តៃយ៍នោះឡើយ។

លោកស្រី អ៊ែនជេឡា មឺគែល ម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ បាននិយាយថា “យើងមានស្ថានភាពខុសគ្នាខ្លាំងនៅប្រទេសលីប៊ី ដែលការធានាឱ្យមានបទឈប់បាញ់ត្រូវគោរពភ្លាមៗគឺមិនងាយស្រួលក្នុងការធានាបាននោះឡើយ។ ប៉ុន្តែខ្ញុំសង្ឃឹមថា តាមរយៈសន្និសីទថ្ងៃនេះ យើងនឹងមានឱកាសដែលបទឈប់បាញ់នឹងបន្តទៅមុខទៀត”។

រដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ បានទទួលស្គាល់ថា នៅតែមានសំណួរមួយចំនួនអំពីថាតើការប្តេជ្ញាចិត្តគោរពបទឈប់បាញ់អាចត្រូវបានត្រួតពិនិត្យបានល្អនិងមានប្រសិទ្ធភាពឬយ៉ាងណានោះទេ។

ប៉ុន្តែលោកបាននិយាយថាលោក “មានសុទិដ្ឋិនិយមថានឹងមានអំពើហិង្សាតិចជាងមុននិងឱកាសដើម្បីចាប់ផ្តើមការសន្ទនា ដែល (ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ) លោក ហ្គាស សាឡេម បាននិងកំពុងព្យាយាមសម្របសម្រួលរវាងភាគីជម្លោះនៅលីប៊ី”៕ ដោយ៖ កញ្ញាដាលីស

មេដឹកនាំពិភពលោកយល់ព្រមលើផែនការថ្មីដើម្បីសន្តិភាពនៅលីប៊ី