មហា​ធៀ​៖ មេដឹកនាំ​ហុងកុង​គួរ​លាឈប់​ដោយសារតែ​ការតវ៉ា​ប្រឆាំង​នៅ​ហុងកុង​

406
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​ហក់​ចូល​ក្នុង​រឿង​ប្រទូសរ៉ាយ​អំពី​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​នៅ​ហុងកុង ដោយ​កាលពី​ថ្ងៃ​សុក្រ​ទី​៤​តុលា​លោក​បាន​និយាយ​​ថា នាយក​ប្រតិបត្តិ​ហុងកុង​លោកស្រី​ការី ឡាំ គួរ​លាឈប់​ដើម្បី​បន្ថយ​ភាព​តានតឹង​។​

​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត និង​លោកស្រី ការី ឡាំ នាយក​ប្រតិបត្តិ​ហុងកុង​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​ទស្សនៈ​របស់​លោក​អំពី​បញ្ហា​នៅក្នុង​ទីក្រុង​នេះ មេដឹកនាំ​វ័យ​៩៤​ឆ្នាំ​នេះ​បាន​លើកឡើង​អំពី​លទ្ធភាព​នៃ​ការ​កើត​ឡើង​វិញ​ព្រឹត្តិការណ៍​បង្ក្រាប​នៅ​ទីលាន​​ធៀន​អាន​មិន​នា​ឆ្នាំ​១៩៨៩​ដោយ​ទាហាន​ចិន បើសិនជា​ការតវ៉ា​នៅ​តែ​បន្ត​។​

​លោក​មហា​ធៀ បាន​និយាយថា « ការពិត​គឺ​ថា លោកស្រី ឡាំ កំពុង ជា​អ្នករងគ្រោះ​ទ្វេ​។​លោកស្រី​ត្រូវគោរព​ចៅហ្វាយ តែ​ក្នុងពេល​ជាមួយ​គ្នា​លោកស្រី​ត្រូវ​សួរ​មនសិការ​ខ្លួនឯង​។​​លោកស្រី​ដឹង​អំពី​ផលវិបាក​នៃ​ការប្រឆាំង​ជំទាស់​ច្បាប់​បត្យាប័ន ។​វា​បាន​កើតឡើង​នៅ​ចិន ក្នុង​បញ្ហា​ធៀន​អាន​មិន​។​ប្រជាជន​ដែល​ធ្វើបាតុកម្ម​ក៏​ជា​សាច់ញាតិ​របស់​ទាហាន​នៅ​​ក្នុង​តំបន់​នោះ ដូច្នេះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​គឺ​គេ​បញ្ជូនទាហាន​ពី​តំបន់​ផ្សេង និង​ចាត់ការ​ភ្លាមៗ​ដើម្បី​បញ្ចប់​បាតុកម្ម​»​។​

​លោក​បាន​បន្ថែមថា «​ខ្ញុំ​គិតថា នៅ​ទី​បញ្ចប់​ទៅ នោះ​ជា​អ្វី​ដែល​ចិន​នឹងធ្វើ តែ​ក្នុងនាម​ជា​អ្នកមើលការខុសត្រូវ ខ្ញុំ​គិតថា​យក​ល្អ​គាត់​គួរ​លាឈប់​»​។​

​ការលើកឡើង​របស់​អ្នកនយោបាយ​ជើងចាស់​រូប​នោះ​អំពី​បញ្ហា​ហុងកុង កើត​ឡើង​បន្ទាប់ពី​កាលពី​ខែ​កញ្ញា​លោក​បាន​លើកឡើង​ថា ការប្រឆាំង​តវ៉ា​ដែល​ឥឡូវ​ឈាន​ចូល​ខែ​ទី​៥ ​បង្ហាញ​កំហិត​នៃ​គំរូ​អភិបាលកិច្ច​ហុងកុង​ស្តីពី​« ប្រទេស​មួយ ប្រព័ន្ធ​ពីរ​»​។​

​លោក​បាន​ប្រាប់​សារព័ត៌មាន​ជប៉ុន​NHK​ថា «​ខ្ញុំ​មិនដែល​គិតថា ប្រទេស​មួយ​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ពីរ​ផ្សេង​គ្នា​អាច​ដំណើរការ​បាន​យូរ​ទេ​។​ប្រាកដ​ណាស់ វា​បាន​កើតឡើង​។​ខ្ញុំ​​គិត​ថា​នៅ​ទីបញ្ចប់ នឹង​មាន​តែ​មួយ​ប្រព័ន្ធ​»៕​ដោយ​៖​វាសនា​

​មហា​ធៀ បាន​និយាយថា នៅ​ទីបំផុត​ចិន​អាច​បញ្ជូន​កងកម្លាំង​ពី​ដីគោក​ចូល​ដើម្បី​ដោះស្រាយ​ភាពវឹកវរ​រ៉ាំរ៉ៃ​នៅ​ហុងកុង​