មហា​ធៀ ត្រូវ​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​កំពូល​ចិន​ក្នុង​ដំណើរ​ទស្សនកិច្ច​សំរាប់​ទំនាក់ទំនង​ទ្វេភាគី​និង​ការពិនិត្យ​សើរើ​គំរោង​ធំៗ​

2765
ចែករម្លែក

នាយករដ្ឋមន្រ្តីថ្មីរបស់ម៉ាឡេស៊ី លោកមហាធៀ​ ម៉ូហាម៉ាត នឹងទៅដល់ក្រុងប៉េកាំងនៅថ្ងៃសុក្រទី១៧សីហា ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកវិលទៅកាន់ប្រទេសមហាអំណាចអាស៊ីនេះបន្ទាប់ពីបានធ្វើដូចគ្នាកាលពី១៧ឆ្នាំមុន។

ក្នុងអំឡុងដំណើរទស្សនកិច្ច៥ថ្ងៃរបស់លោកនៅចិន លោកនឹងជួបពិភាក្សាជាមួយមេដឹកនាំជាន់ខ្ពស់ៗចិន រួមមានប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីលី ឃឹឈាំង ព្រមទាំងអ្នកជំនួញនៅក្រុងហាងចូវនិងក្រុងប៉េកាំង។

មេដឹកនាំវ័យ៩៣ឆ្នាំនេះក៏មានគំរោងធ្វើដំណើរដ៏មមាញឹកផងដែរ ដោយគ្រោងនឹងទៅទស្សនាទីស្នាក់ការក្រុមហ៊ុនយក្សAlibaba និងក្រុមរថយន្តGeely នៅក្រុងហាងចូវមុនពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងដើម្បីជួបមេដឹកនាំចិន។

ដំណើរទស្សនកិច្ចនេះត្រូវបានភាគីទាំងពីរចាត់ទុកជាឱកាសកំណត់ទំនាក់ទំនងការទូតទ្វេភាគីឡើងវិញក្រោមការដឹកនាំរបស់គណបក្សPakatan Harapan (PH) របស់មហាធៀ ដែលបានចូលកាន់អំណាចកាលពីខែឧសភាកន្លងទៅ។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយទីភ្នាក់ើងារសារព័ត៌មានចិនស៊ីនហួរ លោកបណ្ឌិតមហាធៀ បាននិយាយថា ទំនាក់ទំនងជាមួយចិនមានសារសំខាន់ណាស់និងរដ្ឋាភិបាលថ្មីរបស់លោកចង់បាន”ទំនាក់ទំនងជិតស្និទ្ធ”ជាមួយប្រទេសជិតខាងដែលធំជាង។

លោកក៏បាននិយាយថាទស្សនៈរបស់លោកអំពីចិននៅតែមិនផ្លាស់ប្តូរចាប់តាំងពីលោកធ្វើជានាយករដ្ឋមន្រ្តីដំបូងចាប់ពីឆ្នាំ១៩៨១ដល់២០០៣ និងថា លោកមានជំនឿថាប្រទេសទាំងពីរនឹងអាចដោះស្រាយការខ្វែងគំនិតគ្នាដោយមេត្រីភាព។

ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃ១៦សីហា ក្រសួងការបរទេសម៉ាឡេស៊ីបានហៅដំណើរទស្សនកិច្ចនេះថាជា”ព្រឹត្តិការណ៍សំខាន់ជាប្រវត្តិសាស្រ្តថ្មីមួយនៃទំនាក់ទំនងទ្វេភាគី” និងថាវានឹងកំណត់សសរយុទ្ធសាស្រ្តថ្មីសំរាប់ធ្វើអោយមាំមួនឡើងកិច្ចសហការទ្វេភាគី។

មុនក្រុមចម្រុះPH ទម្លាក់ក្រុមBarisan Nasionalពីអំណាច ខ្លួនបានចោទប្រកាន់គណបក្សកាន់អំណាចគ្រានោះថាលក់ផលប្រយោជន៍ជាតិ ដោយធ្វើកិច្ចសន្យាធំៗជាមួយរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជនចិន។

បណ្តាញផ្លូវដែកឆ្នេរខាងកើតតំលៃ២០.០០០លានដុល្លារនិងកិច្ចសន្យាមួយដើម្បីសាងសង់បំពង់បង្ហូរប្រេង២តំលៃ២.៣០០លានដុល្លារ បានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីរដ្ឋាភិបាលក្រុងគូឡាឡាំពួរចោទសួរអំពីតំលៃនិងការពិតដែលថាលុយត្រូវបានបង់សំរាប់ការងារដែលមិនទាន់ត្រូវបានធ្វើចប់៕ដោយ៖វាសនា

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ ម៉ូហាម៉ាត (ឆ្វេង)ត្រូវជួបមេដឹកនាំចិន រួមទាំងប្រធានាធិបតីស៊ី ជីនពីង នៅក្នុងដំណើរទស្សនកិច្ចនៅចិនរបស់លោក

#