មហា​ធៀ និង​អាន់​វ៉ា ប្រជែង​គ្នា​ដឹកនាំ​ម៉ាឡេស៊ី ចំ​ពេល​ប្រទេស​ជួប​ចលាចល​នយោបាយ​

130
ចែករម្លែក

​មេដឹកនាំ​នយោបាយ​បាយ​ជើងចាស់​២​រូប គឺ​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ មហា​ធៀ ម៉ូ​ហា​ម៉ា​ត និង​អតីត​ឧបនាយករដ្ឋមន្ត្រី អាន់​វ៉ា អ៊ីប្រាហ៊ីម​ កាលពី​ថ្ងៃ​ពុធ​ទី​២៦​កុម្ភៈ​​បាន​អះអាង​រៀងខ្លួន​អំពី​បំណង​ចង់​កាន់តំណែង​ដឹកនាំ​ប្រទេស ទោះ​ជា​ពួកគេ​ទាំង​២​ទំនងជា​មិន​មាន​ការគាំទ្រ​ពី​សមាជិក​គ្រប់គ្រាន់​ដើម្បី​បង្កើត​រដ្ឋាភិបាល​​មួយ​។​

​ក្នុង​ការនិយាយ​ជា​សាធារណៈ​លើកដំបូង​ចាប់តាំងពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុមចម្រុះ Pakatan Harapan (PH) បាន​ដួលរលំ​កាលពី​ថ្ងៃ​ចន្ទ នាយក​រដ្ឋ​មន្ត្រីស្តី​​ទី មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​និយាយថា លោក​ស្វះស្វែង​បង្កើត​រដ្ឋាភិបាល​ឯកភាព​ជាតិ​មួយ​មក​ពី​មជ្ឈដ្ឋាន​នយោបាយ​បែកបាក់​ទាំងអស់​។​

​ដោយ​ទទួលស្គាល់ថា​ប្រទេស​កំពុង​ជួប​ភាពវឹកវរ​នយោបាយ លោក​មហា​ធៀ បាន​និយាយថា​«​តាម​ការយល់ឃើញ​របស់​ខ្ញុំ​មិន​ថា​ត្រូវឬ​ខុសទេ​ ​នយោបាយ​និង​ន​​យោ​បាយ​បក្ស​ត្រូវ​ទុក​ទៅ​ម្ខាង​នៅ​ពេល​ឥឡូវ​។​បើ​អនុញ្ញាត ខ្ញុំ​នឹង​ព្យាយាម​បង្កើត​រដ្ឋបាល​មួយ​ដែល​មិន​លម្អៀង​ទៅ​បក្ស​ណាមួយ ​គឺ​ឲ្យអាទិភាព​តែ​លើ​ផល​ប្រ​​យោ​ជន៍ជាតិ​»​។​

​នាយករដ្ឋមន្ត្រី​ស្តីទី មហា​ធៀ ម៉ូ​ហា​ម៉ា​ត​(​ឆ្វេង​)​ចង់​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ តែ​អាន់​វ៉ា អះអាងថា ​លោក​បាន​ការគាំទ្រ​ពី​សមាជិក​សភា​៩២​រូប​​ដែល​ល្មម​បង្កើត​រដ្ឋាភិបាលចម្រុះមួយ​។

​តែ​បន្ទាប់​ពី​មហាធៀ​ឡើងថ្លែង​តាម​ទូរទស្ស​ន៍​បាន​បន្តិច ប្រធាន​គណបក្ស​Parti Keadilan Rakyat (PKR)​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម បាន​និយាយថា​ លោក​មាន​​ការគាំទ្រ​ពី​សមាជិក​សភា​៩២​រូប ដើម្បី​ក្លាយជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​។​

​ទោះជា​យ៉ាងណា វា​នៅ​ខ្វះ​សំឡេង​ភាគច្រើន​ធម្មតា​១១២​កៅអី សម្រាប់​បង្កើត​រដ្ឋាភិបាល​មួយ​។​

​បើ​តាម​សារព័ត៌មាន​ក្នុងស្រុក ក្រុមចម្រុះ​PH​នេះ​ដំបូង​ចង់​ឲ្យមហាធៀ​បន្ត​តំណែង​នាយរដ្ឋមន្ត្រី តែ​បានដ​កការគាំទ្រ​វិញ​ក្រោយ​ពី​មហាធៀ​ចង់​បង្កើត​រដ្ឋា​ភិ​​បាល​បង្រួបបង្រួម​ជាតិ​មួយ ដែល​រួម​បញ្ចូលទាំង​បក្សប្រឆាំង​Umno និង​Parti Islam SeMalaysia (PAS)​។​

​ការតស៊ូ​អំ​ណាច​រវាង​មហា​ធៀ វ័យ​៩៤​ឆ្នាំ​និង​អាន់​វ៉ា វ័យ​៧២​ឆ្នាំ ដែល​ជា​អតីត​អនុប្រធាន​និង​គូសត្រូវ​របស់​មហាធៀ​បានបង្កើត​រូបសណ្ឋាន​នយោបាយ​នៅ​ក្នុង​ ប្រ​​ទេ​ស​មួយ​នេះ​អស់​ពេល​ជាង​២​ទសវត្សរ៍​មក​ហើយ និង​កំពុង​ដើរតួ​ជា​ឬ​សគល់​នៃ​វិបត្តិ​បច្ចុប្បន្ន​។​

​មហា​ធៀ បាន​លាឈប់​ពី​នាយក​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ដួលរលំ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុមចម្រុះ​PH បន្ទាប់ពី​សមាជិក​សភា​របស់​គណបក្ស​របស់​លោក​ផ្ទា​​ល់​និង​ក្រុម​ឧទ្ទាម​ខ្លះ​ក្នុង​បក្ស PKR​របស់​អាន់​វ៉ា បាន​ដកខ្លួន​ចេញ​ទៅ​ចង​សម្ពន្ធភាព​ជាមួយ​ក្រុមប្រឆាំង​។​

​ទោះជា​យ៉ាងណា ស្តេច​ម៉ាឡេស៊ី បាន​តែងតាំង​លោក​មហា​ធៀ ជា​នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​រហូត​ទាល់តែ​មាន​នាយក​រដ្ឋមន្ត្រី​ថ្មី​៕​ប្រែ​សម្រួល​៖​វាសនា​/Ha