មហា​ធៀ និយាយថា​លោក​មិនទាន់​លាឈប់​ដរាបណា​នៅ​មិនទាន់​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​

208
ចែករម្លែក

​បណ្ឌិត មហា​ធៀ ម៉ូ​ហា​ម៉ា​ត បានបញ្ជាក់​ថា លោក​នឹង​មិន​ទាន់​ចុះចេញ​ពី​តំណែង​ពី​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ទេ ដរាបណា​លោក​នៅ​មិន​ទាន់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រទេស​។​

​លោក​ថា បញ្ហា​នោះ​រួមមាន ការរក​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ដែល​បាន​បាត់​ពី​មូលនិធិ​1MDB​នោះ​មក​វិញ ស្វែងរក​និង​នាំ​មក​វិនិច្ឆយ​ទោស​ហិរញ្ញិ​ក​កំពុង​រត់គេចខ្លួន ឡូ​វ ទែ​ក​​ហូ និង​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​សេវាសាធារណៈ​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​Financial Times​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​វិច្ឆិកា លោក​មហា​ធៀ បាន​និយាយថា​មិន​មាន​កាលបរិច្ឆេទ​ជាក់លាក់​សំរាប់​លោក​​ចុះចេញ​ពី​តំណែង​នៅឡើយ​ទេ​។​

​លោក​ថា «​ពេលវេលា​ជាក់លាក់​អាស្រ័យ​លើ​បញ្ហា​ដែល​យើង​ប្រឈម​។​ខ្ញុំ​មាន​បទពិសោធន៍​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ ដូច្នេះ​គេ​ត្រូវការ​ខ្ញុំ​ដោះស្រាយ​បញ្ហា​មុន​ខ្ញុំ​ចុះចេញ​ពី​តំណែង​។​ពេល​​ខ្ញុំ​ត្រូវ​បាន​តែងតាំង​ក្នុង​មុខតំណែង​នេះ ខ្ញុំ​បាន​និយាយ​ថា​ហើយ​ថា​ខ្ញុំ​នឹង​មិន​នៅ​អចិន្ត្រៃយ៍​ទេ មាន​ន័យ​ថា​ខ្ញុំ​នឹង​មិន​នៅ​ពេញ​អាណត្តិ​ទេ​»​។​

​នៅពេល​ត្រូវ​បាន​សួរថា​តើ​លោក​នៅ​តែ​រក្សា​សម្តី​ថា​នឹង​ប្រគល់​អំណាច​ទៅ​អោយ​ប្រធាន​គណបក្ស Parti Keadilan Rakyat លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម ដដែល​ឬ លោក​មហា​ធៀ បាន​តប​វិញ​ថា លោក​នឹង​ធ្វើ​តាម​ការសន្យា​។​

​លោក​ក៏​បាន​សួរ​អំពី​ការលើកឡើង​ដែល​ថា លោក​នឹង​មិន​ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​និង​ថា​លោក​ត្រូវមាន​ការប្រុងប្រយ័ត្ន​នៅក្នុង​ការតែងតាំង​អ្នក​ស្នង​តំណែង ដោយសារ​​ធ្លាប់​មាន​កំហុស​។​

​នៅពេល​ត្រូវ​បាន​សួរ​ថា​ហេតុដែល​លោក​ស្ទាក់ស្ទើរ​ក្នុង​ការប្រគល់​អំណាច​ភ្លាមៗ មានន័យថា​លោក​យល់ថា​ក្នុង​កាលៈទេសៈ​នេះ​មានតែ​រូប​លោក​ម្នាក់​គត់​ដែល​សម​នឹង​ដឹកនាំ​ម៉ាឡេ​​ស៊ី លោក​បណ្ឌិត​មហា​ធៀ បាន​តប​ថា​«​នៅពេលនេះ ប្រហែល​»​។​

​មុន​នេះ​ប៉ុន្មាន​ថ្ងៃ លោក​មហា​ធៀ បានបញ្ជាក់​សាជាថ្មី​ថា អ្នក​ត្រូវ​ស្នង​តំណែង​ពី​លោក គឺ​លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម មិនមែន​លោក អា​ហ្ស៍​មីន អា​លី ។​លោក​ក៏​បាន​អះអាងថា លោក​​នឹង​ចុះ​ចេញពី​តំណែង​មុន​ការបោះឆ្នោត​សកល​លើក​ក្រោយ​។​

​បើ​តាម​លោក​មហា​ធៀ មាន​មនុស្ស​ជាច្រើន​បាន​សុំអោយ​លោក​កាន់តំណែង​ដល់​ការបោះឆ្នោត​លើក​ក្រោយ តែ​វា​ជា​គំនិត​របស់​គេ ហើយ​លោក​រក្សា​ពាក្យសន្យា​គឺ​ត្រូវ​ចុះ​ចេញ​​ពី​តំណែង​នៅ​មុន​ការបោះឆ្នោត ទោះជា​យ៉ាងណា​លោក​ចៀសវាង​ផ្តល់​កាលបរិច្ឆេទ​ជាក់លាក់​អំពី​ការលាឈប់​ឬ​ប្រគល់​អំណាច​ទៅ​អ្នក​ផ្សេង​៕​ដោយ​៖​វាសនា​

មហា​ធៀ​(​ស្តាំ​) បាន​បញ្ជាក់​ជា​ថ្មី​ថា​លោក​នឹង​រក្សា​ការ​សន្យាថា​នឹង​ប្រគល់​អំណាច​ទៅ​លោក​អាន់​វ៉ា​(​ឆ្វេង​) តែ​មិន​កំណត់ពេល​ជាក់លាក់​ទេ​