មហា​ធៀ និយាយថា សហការ​ជាមួយ​អាន់​វ៉ា​សំខាន់​ជាង​ការអនុញ្ញាត​អោយ​ណា​ជីប​បន្ត​កាន់អំណាច​

525
ចែករម្លែក
  • 16
    Shares

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​និយាយថា ការសហការ​ជាមួយ​លោក អាន់​វ៉ា អ៊ីប្រាហ៊ីម វា​សំខាន់​ជាង​អនុញ្ញាតអោយ​លោក ណា​ជីប រ៉ា​ហ្សាក់ បន្ត​គ្រប់​​គ្រង​ប្រទេស​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន New Straits Times​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៧​មេសា លោក​មហា​ធៀ បាន​និយាយថា​ទោះជា​ពីមុន​លោក​បាន​រិះគន់​លទ្ធ​​ភាព​របស់​អាន់​វ៉ា​ក្នុង​ការដឹកនាំ​ប្រទេស តែ​លោក​បាន​មើលឃើញ​ថា​លោក​ណា​ជីប​«​ជា​មេដឹកនាំ​អាក្រក់​ជាង​អាន់​វ៉ា​»​។​

​លោក​បាន​និយាយថា​«​ខ្ញុំ​គិតថា មាន​អាន់​វ៉ា​មក​ជំនួស​មនុស្ស​ដូច​ណា​ជីប វា​អាច​ទទួលយក​បាន​ជាង​ទុក​អោយ​ណា​ជីប​បន្ត​កាន់អំណាច ដូច្នេះ​ខ្ញុំ​បាន​សំរេចចិត្ត​ធ្វើការ​ជាមួយ​អាន់​​វ៉ា មិន​ថា​អ្វី​ខ្ញុំ​ធ្លាប់​និយាយ​ពី​មុន​អំពី​គាត់ អ្វី​ដែល​គាត់​និយាយ​ប្រឆាំង​ខ្ញុំ​កាលពីមុន​ទេ​។​បើ​យើង​មិន​ចាប់ដៃគ្នា​ទេ ណា​ជីប​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត ដែល​នឹង​គ្រោះថ្នាក់​ដល់​​ប្រទេសជាតិ​»​។​

មហា​ធៀ បាន​និយាយថា លោក​បាន​មើលឃើញ​ថា វា​សំខាន់​ដែល​ធ្វើការ​ជាមួយ​អាន់​វ៉ា អ៊ីប្រាហ៊ីម ដើម្បី​ដូរ​អតីត​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សាក់ មិន​ថា​អតីតកាល​យ៉ាងណាទេ​

​សូមបញ្ជាក់​ថា សវនាការ​លើ​រូប​លោក​ណា​ជីប ដែល​រង​ការចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​និង​លាង​លុយ ពាក់ព័ន្ធ​មូលនិធិ​រដ្ឋ​1MDB ត្រូវបាន​លើក​ពេល​ទៅ​ថ្ងៃ​១៤​ខែ​​ឧសភា ដោយសារ​សវនាការ​ពី​ថ្ងៃ​១៥​មេសា​ដល់​៣​ឧសភា ជាន់​គ្នា​នឹង​សវនាការ​មួយទៀត​របស់​ណា​ជីប​ដែរ ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន SRC International​ដែល​ជា​អតីត​សាខា​របស់ 1MDB​។​

​បើ​តាម​សារព័ត៌មាន​Bernama សវនាការ​នេះ​នឹង​ប្រើពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​១៤​ឧសភា ដល់​២១​មិថុនា ។​

​ធ្លាប់​ជា​បុគ្គល​មាន​អំណាច​ម្នាក់ ណា​ជីប​ប្រឈម​នឹង​ការចោទប្រកាន់​៤២ ពី​បទ​ប្រព្រឹត្ត​អំពើពុករលួយ​និង​លាង​លុយ ពាក់ព័ន្ធ​នឹង​លុយ​រាប់រយ​លាន​ដុល្លារ​ដែល​បាត់​ចេញ​ពី​មូលនិធិ​​រដ្ឋ តែ​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​គណនី​ធនាគារ​របស់​លោក​៕​ដោយ​៖​វាសនា​