មហា​ព្យុះ Mangkhut​ត្រៀម​វាយប្រហារ​ហ្វីលីពីន វៀតណាម​និង​ចិន​

139

ព្យុះធំមួយកំពុងតម្រង់មកកាន់ហ្វីលីពីន ហើយអាចប៉ះវៀតណាមក្នុងដំណើររបស់វាទៅកាន់សមុទ្រចិនខាងត្បូង។

កាលពីថ្ងៃសុក្រទី១៤កញ្ញា ការត្រៀមបំរុងស្ថិតក្នុងកំរិតខ្ពស់បំផុតនៅហ្វីលីពីនខណៈព្យុះម៉ាងឃុត(Mangkhut)​អាចនឹងបុកត្រង់មកដីគោកប្រទេសនេះនៅមិនដល់២៤ម៉ោងទៀត ជាមួយនឹងល្បឿនខ្យល់២៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយនឹងល្បឿនខ្យល់ជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះម៉ាងឃុតត្រូវបានចាត់ទុកជាព្យុះខ្លាំងបំផុតដែលវាយប្រហារហ្វីលីពីននៅឆ្នាំនេះ

មនុស្សរាប់ម៉ឺននាក់បានចាកចោលផ្ទះរបស់គេនៅចុងឆ្នេរខាងជើងប្រទេស នៅមុនការមកដល់របស់ព្យុះ ដែលត្រូវបានគេចាត់ទុកថាខ្លាំងបំផុតនៅឆ្នាំនេះ។ហាងនិងអ្នកស្រុកនៅលើកោះលូហ្សូន បានបិទទ្វារ ខ្ទាស់បង្អួចឬរុះដំបូលដើម្បីកុំអោយខ្យល់បំផ្លាញ។

ទឹកជំនន់និងការបាក់ដីនៅតំបន់ភ្នំបង្កឡើងដោយព្យុះជាការព្រួយបារម្ភខ្ពស់នៅហ្វីលីពីន។ជាមធ្យមព្យុះប្រមាណ២០វាយប្រហារហ្វីលីពីនក្នុងមួយឆ្នាំៗ ដោយសម្លាប់មនុស្សរាប់រយនាក់។

វៀតណាមក៏កំពុងត្រៀមខ្លួនក្នុងកំរិតខ្ពស់ផងដែរ ខណៈព្យុះអាចវាយប្រហារប្រទេសនេះនៅដើមសប្តាហ៍ក្រោយ។គិតមកត្រឹមព្រឹកថ្ងៃសុក្រ ព្យុះនេះនៅចម្ងាយតែ៦៨០គីឡូម៉ែត្រពីកោះលូហ្សូនរបស់ហ្វីលីពីន ជាមួយល្បឿនជាង២០០គីឡូក្នុងមួយម៉ោង។

តំបន់ខាងជើងនិងបណ្តាខេត្តភាគកណ្តាលឈៀងខាងជើងដូចជាថាញ់ហ័រនិងង៉េ អាន អាចរងព្យុះនេះខ្លាំងជាងគេ។

ឧបនាយករដ្ឋមន្រ្តីវៀតណាមកាលពីថ្ងៃសុក្របានបើកកិច្ចប្រជុំគ្រាអាសន្នមួយជាមួយអាជ្ញាធរមូលដ្ឋានដើម្បីចាត់វិធានការបន្ទាន់នានាដើម្បីបង្ការការបាត់បង់អាយុជីវិតមនុស្សនិងខូចខាតទ្រព្យសម្បត្តិ។

ព្យុះម៉ាងឃុតត្រូវរំពឹងថានឹងឆ្ពោះទៅសមុទ្រចិនខាងត្បូងនៅរសៀលថ្ងៃសៅរិ៍។ជាមួយនឹងល្បឿនខ្យល់ជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោងនិងមុខខ្យល់ដល់ទៅ៩០០គីឡូម៉ែត្រ ព្យុះម៉ាងឃុតត្រូវបានចាត់ទុកជាព្យុះខ្លាំងបំផុតដែលវាយប្រហារហ្វីលីពីននៅឆ្នាំនេះ។មនុស្សរាប់លាននាក់ស្ថិតនៅចំផ្លូវរបស់វា។

ព្យុះម៉ាងឃុត ត្រូវគេព្យាករណ៍ថានឹងធ្វើដំណើរទៅកាន់ឆ្នេរខាងត្បូងដែលមានមនុស្សរស់នៅច្រើនរបស់ចិន រួមទាំងក្រុងហុងកុង នៅចុងសប្តាហ៍នេះ៕ដោយ៖វាសនា 

ប្រជាជនហ្វីលីពីនត្រៀមនិងភៀសខ្លួននៅមុនពេលព្យុះចូលមកដល់