មហា​វិនាសកម្ម​ជា​សកល​ក្នុង​វិស័យ​ទេសចរណ៍​ដោយសារ CoronaVirus

254
ចែករម្លែក

ដោយ​:​លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ វើ​លដ៍ អិ​ច​ប្រេ​ស​និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា សមាគម​ទេសចរណ៍​កម្ពុជា

​កូ​រ៉ូ​ណាវី​រុស​(​កូ​វីដ​១៩) ឆ្នាំ​២០២០ ម្នាក់ៗ​កំពុង​បន់ព្រះ​សំពះ​ទេវតា​សុំ ឲ្យ​ជំងឺ​នេះ សាបរលាប ទៅវិញ ហើយ​ជា​ពេលដែល​មនុស្ស​ខ្លាច​មនុស្ស​ជាង​ខ្លាច​ខ្មោច ស​ង្គ្រឺ​ត​ធ្មេញ​ដាក់គ្នា​ក៏​មិនដឹង ។ បបូរមាត់​លាប​ក្រេ​ម​ក៏​មិនដឹង​ស្អាត ។​ប្រុស​មិនដឹងថា​ប្រុស ស្រី​ក៏​មិនដឹងថា​ស្រី​។ សាច់ញាតិ ផៅសន្តាន ប្តី​ប្រពន្ធ​កូនចៅ​មើលគ្នា​មិន​ស្គាល់​។ មិន​ហ៊ាន​ប៉ះគ្នា​មិន​ហ៊ាន​ជិតគ្នា​ព្រោះ​មុខមាត់ ហ៊ុមព័ទ្ធ​ទៅដោយ​ម៉ាស់​ជិតឈឹង និង​រអា​ឆ្លង​រោគ​ទៅវិញទៅមក ប្រើ​ម៉ាស់ អាល់កុល ជែ​ល សាប៊ូ រាប់មិនអស់ មើលទៅ​ហាក់បី ដូចជា​ផែនដី​នេះ​កំពុងតែ​ជួសជុល​ដើម្បី​បរិស្ថាន​ល្អ ខ្យល់​បរិសុទ្ធ ទាំង​លើ​អាកាស​លើគោក​និង​ក្នុង​ទឹក​ឲ្យ​ល្អ​ឡើងវិញ​ដើម្បី​ទុក​ជូន​បន្តទៅ​មនុស្ស​ជំនាន់​ក្រោយ ទៀត​យ៉ាង​ដូច្នោះ ។​

​ខ្ញុំបាទ​មិនមែន​ទស្សនវិទូ ឬ​សេដ្ឋវិទូ​ទេ​ទាន ប៉ុន្តែ​ទាំង​បទពិសោធន៍​និង​អាជីវកម្ម​ក្នុង​វិស័យ ទេសចរណ៍ ជិត​៣០​ឆ្នាំកន្លងមក ទោះបីជា​កើត​ជំងឺសារ (Sars) ឆ្នាំ​២០០១, សង្គ្រាម​ម​ជ្ឈឹ​ម​បូព៌ា (Invasion of Iraq) ឆ្នាំ​២០០៣,​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​(Worldwide Economic Crisis)​ឆ្នាំ​២០០៨ , ជំងឺ​អេ​ច​វ័ន​អែន​វ័ន​(H1N1)​ឆ្នាំ​២០០៩ ,​ជំងឺ​អេ​បូ​ឡា​(Ebola)​ឆ្នាំ​២០១៤, ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម ភេរវ​ករ​ឆ្នាំ​២០១៤(Global War on Terrorism)​ការប្រកាស​បង្កើត​សង្គ្រាម​ពាណិជ្ជកម្ម​(Trade War US-China) ឆ្នាំ​២០១៨ ក៏​អន្តរ​វិស័យ​ក្នុងការ​ផ្គត់ផ្គង់​និង​ផ្តល់​សេវាកម្ម​ក​ទាំង​តូច​ទាំង​ធំ​ទាំង​ខ្ពស់ មធ្យម​ទាប​មិនដែល​នៅ​ទ្រឹង​ឬ​បញ្ឈប់​នូវ​សង្វាក់​របស់ខ្លួន​ឡើយ ។

​ពេលនេះ​ម៉ោង​នេះ​ថ្ងៃនេះ​ជាង​ពេលណាៗ​ទាំងអស់ ចង់​ស្រែក​ក៏​ស្រែក​មិនកើត​ចង់​យំ​ក៏​យំ​មិន ចេញពី ព្រោះ​អ្វី​ខ្ញុំ​បានឃើញ​ពី​ផលប៉ះពាល់​ដ៏​មហាសាល​ដល់​វិស័យ​ទេសចរណ៍​ដែលជា​វិស័យ នាំ​សំណាង​ដល់​គ្រប់​សាសន៍​និង​គ្រប់​វ័យ​ក្នុង​ពិភពលោក​។ កន្លងមក​ថ្មីៗ​នេះ​អង្គការ​ទេ​សចណ៍ ពិភពលោក​(UNWTO)​បានធ្វើការ​ទស្សន៍ទាយ​ពី​ផលប៉ះ ពាល់​ដែល​វិស័យនេះ​នឹង​ទទួលផល​អវិជ្ជមាន​រាប់ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ វិស័យនេះ​បាន​ឈានមុខ​និង​ដឹកនាំ​វិស័យ​ផ្សេងៗ​ទៀត​ឲ្យ​រស់រានមានជីវិត និយាយ​ដោយឡែក​តែ​ក្នុង​អន្តរ​វិស័យ​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​តែមួយ​ប៉ុណ្ណោះ​ដែល​កំពុងតែ​ដួល​បណ្តើរៗ​ដោយ​មិនបាច់​ច្រាន ហើយក៏​គ្មាន​គូប្រកួត​ប្រជែង​ណា​បន្ថែម​ទុនវិនិយោគ​ដើម្បី​ចាប់យក ចំណែក​ទីផ្សារ​ទៀត​ដើម្បី​វាយបំបាក់​គូប្រជែង​របស់ខ្លួន​ក្នុងអំឡុងពេល​នេះដែរ​ក្នុងនោះ​មាន ជាអាទិ៍​

១. ក្រុមហ៊ុន​អាកាសចរណ៍​(Airlines) និង​ឧទ្ធម្ភាគចក្រ​(Helicopter):​ជា​ក្រុមហ៊ុន​វិនិយោគ​ក្នុង​លំហរ អាកាស ដែល​វិនិយោគ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ត្រូវយក​យន្តហោះ​ទាំងអស់​មក​ចត​ចោល ប្រៀប​បីដូច​ជា​រថយន្ត​ដែល​ខូច​យក​ចូល​យានដ្ឋាន​រង់ចាំ​ជួសជុល​យ៉ាង​ដូច្នោះ បាន​បញ្ឈប់​បញ្ឈរ ជើងហោះហើរ​។ បញ្ឈប់​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​។ អ្នកបើក​យន្តហោះ​ខ្លះ​គាត់​ថា​គាត់​ស្ទាត់​នឹង បើក​បក្សី​ស្លាប​ដែក​ហោះហើរ​លើ​អាកាស តែ​ពេលនេះ​គាត់​មិនអាច​បញ្ជា​រថយន្ត​រប​ស់គា​ត់ ឲ្យ​ហោះ​ដូច​យន្តហោះ​បានឡើយ​។ ក្រូម​ហ៊ុន​បាន​កាត់​ប្រាក់​បៀរ​វត្ស៍ និង​កាត់​ម៉ោង​ធ្វើការ រហូតដល់​បិទ​សកម្មភាព​អាជីវកម្ម​របស់ខ្លួន​ក្នុងពេល​បន្តិចទៀតនេះ​ដោយ​ហេតុផល​មិនមាន​ទេសចរ​និង​អ្នកដំណើរ​។​

២.​អាកាសយានដ្ឋាន​(Airport): ងើយ​មើល​ទៅលើ​ឃើញ​យន្តហោះ​ខ្លះ​កំពុង​សុំ​សិទ្ធ​ចុះចត រីឯ​ខ្លះទៀត​ក៏​ហោះ​ត្រុយ​ឡើងទៅ​លើ​អាកាសារ​ដោយ​ក្នុង​លំហរ​ពោរពេញ​ទៅដោយ​ខ្សែ​អាកាសចរណ៍​ខ្វាត់ខ្វែង​ដេរដាស់ ជាទី​កន្លែង​សំចត​និង​ឆ្លងកាត់​របស់​អាកាសចរ​ណ៍​ទាំង​តូច​ទាំង​ធំ​ហើយ ម្ខាង​ទៀត​នៃ​ព្រលាន​ជា​កន្លែង​ដែល​រថយន្ត​តូចធំ​ទាំង​ទំនើប​និង​មធ្យម​ដាក់​ភ្ញៀវ ឬ​អ្នកដំណើរ ដើម្បី​បន្តដំណើរ​របស់ខ្លួន​ក្នុងស្រុក​ឬ​ក្រៅ​ស្រុក​ជិត​ឬ​ឆ្ងាយ​ប៉ុន្តែ​មិន​ចេញពី​ភពផែនដី លើកលែង តែ​យាន​អាវ​កាស​ដែល​ធ្វើដំណើរ​ទៅ​ភព​ផ្សេងៗ​តែប៉ុណ្ណោះ​ត្រូវ​បិទ​និង​ផ្អាក​សកម្មភាព​របស់ខ្លួន មួយអន្លើរ​ដោយសារ​យន្តហោះ​មិន​ធ្វើការ​ហោះហើរ​ដោយសារ​ហេតុផល​មិនមាន​ភ្ញៀវទេសចរ ឬ​អ្នកដំណើរ​។​

៣.​ហាង​ទំនិញ​ក្នុង​អាកាសយានដ្ឋាន​/​តាម​ក្រវាត់​ជាយដែន​(Duty Free): ហាង​ទំនិញ​សារពើ​ភណ្ឌ ភោជនីយដ្ឋាន ជា​កន្លែង​ដែល​អ្នកធ្វើដំណើរ​គ្រប់លំដាប់​ជាវ​របស់របរ​រួច​ពន្ធ​សុទ្ធតែ​ប្រែ​នៗ​មុន នឹង​ឡើង​យន្តហោះ​ឬ​ចាក​ចេញពី​ជាយដែន​ត្រឡប់​ទៅកាន់​ប្រទេស​កំណើត​ឬ​ជា​ប្រទេស​ទី​២​របស់ខ្លួន បែរជា​ស្ងាត់​ដូច​ចោរលួច​សេះ ទីតាំង​ខ្លះ​ក៏​រើ​យក​ឥ​វ៉ាន់​ចេញ​ហើយ​បុគ្គលិក​ត្រូវបាន​រំសាយ ដោយ​ហេតុផល​មិនមាន​ទេសចរ​និង​អ្នកដំណើ​តាមផ្លូវ​អាកាស និង​តាម​ក្រវ៉ាត់​ព្រំដែន​។​

៤.​កន្លែង​ទទួលទានដំណេក (Accommodation): សណ្ឋាគារ​(Hotel) រី​សត​រ៍​(Rsort) ផ្ទះសំណាក់ (Guest House) ផ្ទះ​ស្នាក់​(Home Stay) ម៉ូ​តែ​ល​(Motel) ហូ​ស្តែ​ល​(Hostel) ខុន​ដូ​ថែ​ល (ConTel =Condo Hotel) ទីតាំង​ទាំងអស់នេះ​ជា​កន្លែង​សុខ​សម្រាន្ត​គ្រប់​ឋាន​:​នៃ​មនុស្សជាតិ​ទាំង​ទេស ចរ​ចាស់​ក្មេង​តូចធំ​ស​ខ្មៅ ជាទី​កន្លែង​ឆ្វេ​ច​ឆ្វាច​ចេញចូល​២៤​ម៉ោង​លើ​២៤​ម៉ោង​ដោយមាន​តម្លៃ បន្ទប់​ពី​រាប់ម៉ឺន​រហូត​ចុះក្រោម​សិប​ដុល្លារ​អាម៉េរិក​។ ឥឡូវ​គ្រែ​នៅផ្ទះ​ស្អាត​និង​មានតម្លៃ​ជាងគេ ដោយមាន​ការតុបតែង​លំអរ​ដោយ​ភ្លើងពណ៌ និង​ក្បូរក្បាច់​ផ្សេងៗ​ទៅតាម​រដូវ​កាល​របស់ ប្រទេស​នីមួយៗ​នៃ​ជាតិ​សាសន៍​ខ្លួន បែរជា​ងងឹត​សូន្យសុង​ដូចជា​អគារ​ខ្មោច​ទៅវិញ​ដូច​ចាស់ បូរាណ​ខ្មែរ​បាន​ប្រៀបធៀប មានផ្ទះ​អត់​មនុស្ស​នៅ មាន​ផ្លូវ​អត់​មនុស្ស​ដើរ​បុគ្គលិក​គ្រប់ផ្នែក ត្រូវ​ត្រឡប់​ទៅ​ទីលំនៅ​របស់ខ្លួន​ដោយ​គ្មាន​វាចារ​នឹង​ថ្លែង​ដោយសារ​មូលហេតុ​គ្មាន​ភ្ញៀវទេសចរ​និង​អ្នកដំណើរ​។​

៥.​ទីតាំង​កម្សាន្ត​( Amusement/Theam Parks): ក្មេងៗ​ឲ្យ​តែ​ឮថា​មាន​កម្មវិធី​ទៅ​តាំង​កម្សាន្ត ទាំងនេះ​ពិតជា​ហក់​កញ្ឆេង​ដូច​ឃើញ​ម្តាយ​របស់ខ្លួន​ទិញ​ឥ​វ៉ាន់​មកពីផ្សារ​យ៉ាង​ដូច្នេះ​។ ជា​កន្លែង ដែល​សម្បូរ​ទៅដោយ​សម្ភារ​លេង​ក​ន្រា្ត​ក់​អារម្មណ៍​ភ័យ​អរ​រន្ធត់​ស្លន់ស្លោរ​សប្បាយ​ក្អាកក្អាយ​សម្លេង​តន្ត្រី​គ្រប់​ទីកន្លែង​ភ្លើង​ដូរ​គ្រប់​ពណ៌ ក្មេងៗ​ប្រដេញ​គ្នា​ប្រសាច​ដូចជា​មិនចេះ​ហត់នឿយ​ដូច ពេល​រៀន​នៅ​សាលា​និង​ធ្វើ​ការងារ​ផ្ទះ​ឡើយ ទោះបីជា​លេង​ពី​ព្រឹក​រហូតដល់​យប់​ក៏​មិនចេះ​ធុញ ទ្រាន់​នៃ​ការបង្កើត​ទាក់ចិត្ត​ដិត អារម្មណ៍​របស់​ម្ចាស់​ទីតាំង​ទាំងនោះ ជាទី​ប្រជុំជន​ទៅដោយ មនុស្ស​រាប់ម៉ឺន​នាក់​ក្នុង​មួយថ្ងៃៗ តែ​ប្រែក្លាយជា​ស្ងាត់ជ្រងំ​។ ពេលខ្លះ​អ្នកយាម​បែរជា​ស្រែក ឡូឡា​ម្នាក់ឯង​ទៅវិញ​ពីព្រោះ​សាំ​ឬ​សាំ​នឹង​សំឡេង​ដែល​កងរំពង​រាល់ថ្ងៃ ។ គ្រឿងចក្រ​ក្មេង លេង​ក្លាយជា​ធ្មឹងៗ​គ្រប់​ទីកន្លែង ទឹក​រេ​រាំ​ភ្លើង​ឆ្លាស់ពណ៌​ភ្លឺ​ចែងចាំង​បែរជា​ងងឹត​សូន្យសុង​គ្រប់ៗ កន្លែង​ទៅវិញ​ម្ចាស់​ទីតាំង​ត្រូវ​បង្ខំចិត្ត​ផ្អាក​និង​បិទ​អាជីវកម្ម​របស់ខ្លួន​ដោយ​មិនអាច​បន្ត​ឈរជើង តទៅទៀត​បានឡើយ ដោយហេតុ​ផល​ថា​មិនមាន​ភ្ញៀវទេសចរ​ទទួល​សវា​។​

៦.​តំបន់​ទាក់ទាញ​ទេសចរ​(Tourism Sites): ជា​សាធារណៈប្រយោជន៍ និង​ជា​កន្លែង​ដែលមាន និមិត្តសញ្ញា​របស់​ប្រទេស​និង​តំបន់​ខ្លួន​ដែល​ឲ្យ​ទេសចរ​គ្រប់រូប​បាន​ចងចាំ​ថា​ខ្លួន​ធ្លាប់​មកដល់​មក​ឃើញ​ទីនេះ ហើយ​ទទួល​ទេសចរ​រាប់ពាន់​រាបម៉ឺន​នាក់​គ្រប់​ជាតិ​សាសន៍​ទាំង​ក្មេង​ទាំងចាស់ ទាំងប្រុស​ទាំងស្រី​ហ៊ុមព័ទ្ធ​រាល់ថ្ងៃ​បែរជា​ស្រឡះ​ដោយ​មិនមាន​ភ្ញៀវ​ណា​ម្នាក់​ផ្តិត​យក​រូបភាព ទាំង​នោះឡើយ​ហាក់បីដូចជា​ចែកគ្នា​ដាច់​ដោយ​មិន​លាយឡំ​ជាមួយនឹង​មនុស្ស​ដែលមាន​វិញ្ញាណ​យ៉ាង​ដូច្នេះ ពីព្រោះ​គ្មាន​ទេសចរ​លេចមុខ​ទៅ​តំបន់​នោះ​ទៀតឡើយ​។​

៧.​ក្រុមហ៊ុន​ដឹកជញ្ជូន​លើគោក​និង​តាម​ទឹក​(Land/Water Way Transportation): ក្រុមហ៊ុន​ឡាន តូច​ឡានធំ​ទាំង​ទំនើប​និង​ប្រែ​នៗ តាក់ស៊ី តុ​ក​តុ​ក រឺ​ម៉ក ម៉ូតូ ស៊ីក្លូ កង់​បី ត្រូវ​ចូល​ចត​ទៅតាម​ក្រុម របស់ខ្លួន​ដោយ​មិន​កម្រើក ហើយ​មិនចាំបាច់​ថែម​ប្រេងសាំង​ម៉ា​ស៊ូ​ត​បន្ត​ទៀតឡើយ​នាំ​តែ​ធ្ងន់ ហើយ​កង់​ក៏​មិន​សឹក​សម្រេចចិត្ត​បិទ​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ដោយ​មិន​កំណត់ថា​ពេលណា​នឹង​ដូចដើម​វិញ​។ រីឯ​រថភ្លើង​រត់​លើផ្លូវ​ដែក​សោះ​ក៏ត្រូវ​បាន​បញ្ជា​ឲ្យ​ចូល​ស្ថានីយ​ចត​យ៉ាង​ស្ងៀម ស្ងាត់​ដោយ​ឥត​កម្រើក​បន្តិច​ឡើយ​ងាក​មក​មើល​កប៉ាល់​យក្ស​ដឹក​ភ្ញៀវទេសចរ​រាប់ម៉ឺន​នាក់​ម្តងៗ រាប់សិប​ថ្ងៃ​ត្រាច់ចរ​តាម​ប្រទេស​ជាច្រើន​ត្រូវ​ចូលក្នុង​ផែ​របស់ខ្លួន​វិញ​នាវិក​និង​បុគ្គលិក​ទាំងអស់​មិនដឹង​វាសនា​ការងារ​របស់ខ្លួន​ពេល​ពេលណា​នឹង​កើត​ឡើងវិញ​ដូចជា​កប៉ាល់​តូចៗ​អូប័រ​ធ្លាប់​ដឹក​ចម្លង និង​ជិះ​កម្សាន្ត​មាន​វាសនា​ដូច​កប៉ាល់​យក្ស​ដែរ នេះ​ជា​មូលហេតុ​ដោយ​គ្មាន​ភ្ញៀវទេសចរ និង​អ្នក ដំណើរ​។​

៨.​ភោជនីយដ្ឋាន​/​អាហា​រដ្ឋា​ន​(Restaurant): ជា​កន្លែង​ដែល​បង្កើត​នូវ​មុខម្ហូប​ប្លែកៗ​សម្រាប់ ទាំងចាស់ទាំងក្មេង​អ្នក​ដែលមាន​ចំណូល​ច្រើន មធ្យម ទាប ប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ​តម្រូវការ រក​អ្វី​បែ្ល​កៗ​ចម្លែកៗ​ដើម្បី​បាន​រសជាតិ​ខុសពី​ម្ហូប​ចំណីអាហារ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​តែ​ពីរ​បី​មុខ​និង​ស្តាយ​ដដែលៗ​។​ប៉ុន្តែ​ភោជនីយដ្ឋាន​ឬ​អាហារ​ដ្ឋា​ន​មាន​ចាប់ពី​សិប​មុខ​ដល់​ជាង​រយ​មុខម្ហូប​និង​រសជាតិ​គ្រប់​ជាតិ​សាសន៍ រង់ចាំ​ទទួល​ស្វាគមន៍​រាក់ទាក់​ទស​ចរ​និង​ភ្ញៀវ​គ្រប់​ជាតិ​សាសន៍​មេ​ចុងភៅ មួយចំនួន​លិឍ​និង​ភ្លក់​រសជាតិ​មុខម្ហូប​មុន​ចេញ​ជូន​ភ្ញៀវ​ពិសារ​ទៅជា​លិឍដៃ​របស់ខ្លួន​ឯ​ទៅវិញ ពីព្រោះ​មួយថ្ងៃៗ​ធ្លាប់​ភ្លក់​រាប់រយ​ចាន​ក៏មាន​ដូច្នេះ​ថ្នឹក​នឹង​អ្វីដែល​ខ្លួន​បានធ្វើ​តែ​អនិច្ចា​ឆ្នាំង​ចាន ស្លាបព្រា វែក​វែង វែក​ខ្លី កាំបិត​មុត​ក្តី​ក៏​លែង​ត្រូវការ ចុងភៅ​កូនកាំបិត​រហូតដល់​អ្ន​ក​ផ្តល់​សេវា រៀបចំ​យាត្រា​ត្រឡប់​ទៅ​ស្រុក​វិញ នេះ​ដោយសារ​ហេតុផល​គ្មាន​ភ្ញៀវ​និង​ទេសចរ​មក​ទទួល សេវាកម្ម ។​

៩. ទីភ្នាក់ងារ​ទេសចរណ៍​(Travel Agent):​បុគ្គលិក​ជំនាញ​យក​ពិភពលោក​ទាំងមូល​ដាក់​ក្នុង​បាតដៃ របស់ខ្លួន​ពួកគាត់​អង្គុយ​ស្ទើរតែ​មិនបាច់​បង្វិលខ្លួន អាច​ស្គាល់​គ្រប់​ប្រទេស គ្រប់​ទីក្រុង និង​គ្រប់ ក្រុមហ៊ុន​អាកាសចរណ៍ ចង់​ចាប់​កៅអី​ប្រភេទ​ណា​ក៏​អាច​ចាប់​យកបាន​ឬ​ជា​ប្រភេទ​គ្រែ​ដេក នៅក្នុង​យន្តហោះ​ក៏​ពួកគាត់​អាច​កក់​ជូន​ទៅតាម​តម្រូវការ​របស់​អតិថិជន​មិន​ឲ្យ​ទាស់ចិត្ត​ដែរ ដែលមាន​តម្លៃ​ចាប់ពី​រាប់សិប​ដុល្លារ​ដល់​រាប់ម៉ឺន​ន​ដុល្លារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។ ប៉ុន្តែ​ឲ្យ​ពួក គាត់​ធ្វើយ៉ាងណា​បើ​គ្រប់​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវ​កៀង​ប​ង្សី​ស្លាប​ដែក​ទាំងនោះ​ចូលទៅក្នុង​ទ្រុង​វិញ​ទៅហើយ ម្ចាស់​ក្រុមហ៊ុន​ក៏​សម្រេចចិត្ត​ផ្អាក​អាជីវកម្ម​របស់ខ្លួន​មួយរយ​:​ផងដែរ​ក្រោម​ហេតុ ផល​មិនមាន​អាកាសចរណ៍​ដំណើរការ ដោយសារ​ថា​ការភ័យខ្លាច​របស់​ទេស​ចរ​និង​អ្នកដំណើរ​។​

១០.​ការី​ទេសចរណ៍​(Tour Operator): ជា​អ្នករៀបចំ​កញ្ចប់​ទស្សន​កិច្ច​សម្រាប់​ទេសចរ​គ្រប់ លំដាប់​ពួកគាត់​មិន​អន់​ជាង​គ្នា​ប៉ុន្មាន​ទេ​បើ​ធៀប​ជាមួយ​អ្នក​កក់ស​បុត្រ​យន្តហោះ​គឺ​ពួកគាត់​បាន ស្គាល់​គ្រប់​ច្រកល្ហក​នៃ​ទី្វ​ប​ទាំងអស់​ក្នុង​សកលលោក​យើង​នេះ​សូម្បីតែ​ទីក្រុង​តូចតាច​កោះ​តូច កោះធំ​ភ្នំ​ខ្ពស់​ប៉ុន្មាន ជ្រលង​ដងអូរ ទន្លេ​សមុទ្រ បឹង​កោះ​ទឹកធ្លាក់ ទឹកជ្រោះ​កន្លែង​ជិះ​ស្គី​តាម​ភ្នំ ទឹកកក​តំបន់​ត្រជាក់​ទោះ​ក្តៅ​ប៉ុណ្ណា​សមុទ្រ​ខ្សាច់​ឬ​កន្លែង​ស្រៀវ​ស្រើប​តាម​ក្លិប​តន្ត្រី​មាន​ពណ៌ ភ្លឹបភ្លែត​សំរាប់​កំដរ​កាយ​និង​អា​ម្មណ៍​មនុស្ស​ប្រុស​ស្រី​ស្គាល់​ច្បាស់​ពី​បែបបទ​គោលការណ៍​មុន ចេញ​និង​ចូល​ប្រទេស​គេ​ឬ​តំបន់​នីមួយៗ​។​ចំណេះដឹង​របស់គាត់​ជាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស ឬ​ឯក​អគ្គរាជ​/​រដ្ឋទូត​ទៅទៀត ឬ​ហៅ​ម្យ៉ាង​ទៀតថា​ជា​ទូត​សុច្ឆន្ទ​:​ដោយ​មិន​រអា​មាត់​ឡើយ ។ តែ​មិនអាច​បន្ត​ការប្រតិបត្តិ​របស់​ពួកគាត់​តទៅទៀត​បានឡើយ​ដោយ​មូលហេតុ​មិនមាន​ការស្នើសុំ​ពី​ដៃគូ​អាជីវកម្ម​ក្រៅប្រទេស​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ចូល​ឬ​ចេញទៅ​កម្សាន្ត​ស្រុក​គេ​ឡើយ​។​ប្រទេស​គេ​ក៏​ដូច​យើង​។ រីឯ​ស្រុក​យើង​ក៏​ដូច​គេ​ដោយសារ​បំរាម​គោចរ​និង​បិទទ្វារ​ច្រកចេញចូល ទាំង​អាកាស តាម​ទឹក​និង​តាម​គោក​។ គឺ​មូលហេតុ​តែមួយគត់ គឺ​មិនមាន​ទេសចរ​ចូល​និង​ចេញ ទៀតឡើយ ។​

១១.​មគ្គុទ្ទេសក៍​ទេសចរណ៍ (Tour Guide): និយាយ​ពី​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​វិញ គឺ​ឋាន​:​ស្មើនឹង ប្រធានាធិបតី​ឬ​នាយក​រដ្ឋ​ម​ន្រី្ត​ពីព្រោះ​គាត់​ត្រូវ​ស្គាល់​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​នយោបាយ​សិល្ប​:​ពី​អតីតកាល​បច្ចុប្បន្នកាល​ហើយ​អាច​ផ្តល់នូវ​ការ​ទស្សន៍ទាយ​នាពេល​អនាគត​នឹង​មកដល់​ទៀតផង ប្រៀប​បីដូច​ជា​គ្រូទាយ​ផងដែរ រួសរាយ​រាក់ទាក់​ញញឹមញញែម​ដឹង​ពី​ចិត្ត​ភ្ញៀវ​ថា​ត្រូវការ​អ្វី ។ ភ្ញៀវ​ជេរ​ស្តីថា​នៅតែ​ញញឹម​ប្រៀប​បី​ដូចជា​មនុស្ស​ចម្លាក់​។ ភ្ញៀវ​មានទុក្ខ​ត្រូវ​ជូនទៅ​ពេទ្យ​ពេល ខ្លះ​ភ្លេច​ឈឺខ្លួន​ឯង​។ ពេល​អរ​សប្បាយ​ត្រូវចិត្ត​នៃ​សេវា និង​ការទទួល​បដិសណ្ឋារកិច្ច​ល្អ​បាន តែ​ពាក្យ​អរគុណ​នោះ ពួកគាត់​បេះដូង​រីក​ហើយ ទោះបី​គ្មាន​ប្រាក់​,​សន្តាន​ចិត្ត​ក៏​ហី​ទៅ​ចុះ តែ​វាសនា​របស់គាត់​ក៏​ដូចគ្នា​នឹង​ម្ចាស់​ក្រុមហ៊ុន​ដែរ ដោយ​មិនមាន​ក្រុម​ទេសចរ​បន្ត​ទៀតឡើយ មានតែ​រង់ចាំ​ឲ្យ​អ្វីៗ​វា​បាន​ធូរស្រាល​មកវិញ ហើយ​វា​សម​ហេតុ​សម​ផល​ណាស់​ដែល​គ្រប់គ្នា បាន​យល់ច្បាស់​ពី​ហេតុផល​គ្មាន​ភ្ញៀវទេសចរ​នេះឯង ។​

១២. មេក្រុម​ទេសចរ (Tour Leader): ជា​អ្នកសម្របសម្រួល​ពេល​ក្រុម​ទេសចរ​ចេញ​និង​ចូល តែប៉ុណ្ណោះ ឬ​ប្រៀបបាន​នឹង​ពិធីការ ដែល​ពួកគាត់​មិន​ទទួលបន្ទុក​ធ្ងន់​ដូច​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍ ឡើយ​។ ម្យ៉ាងទៀត​ពួកគាត់​ប្រៀ​បីដូច​ជា​អ្នកនាំពាក្យ​របស់​ស្ថាប័ន​មួយ ធ្វើយ៉ាងណា​ឲ្យ​ក្រុម ទេសចរ​នោះ​បញ្ចប់​ការ​ទស្សនកិច្ច​ទៅដោយ​រលូន​និង​នាំមក​វិញ​នូវ​លទ្ធផល​ល្អ​ដល់​ក្រុមហ៊ុន​និង​ក្រុម​ភ្ញៀវ​គ្រប់រូប ។ ប៉ុន្តែ​ពួកគាត់​ក៏​ប្រឈម​នឹង​ហានិភ័យ​ផងដែរ​ចំពោះ​ទេសចរ​ខ្លះ​ដែល​គ្មាន​ចិត្ត ប្រណី​ពេលដែល​ឃ្នើស​នឹង​ចិត្ត​ខ្លួន ។ គឺ​អ្នកសម្របសម្រួល​ត្រូវ​ទក់​សាច់​ដូច​នំ​បុ័ង​ត្រូវ​ទឹក​យ៉ាង ដូច្នោះ​ពេលដែល​មិនទាន់​រកហេតុ​ផល​ឃើញ នៃ​ទង្វើ​ខុសឆ្គង​ទាំងឡាយ​ពេល​កើតមាន​ម្តងៗ​។ ណ្ហើយចុះ​ទោះបីយ៉ាងណា​ក៏​ភ្ញៀវ​នៅតែ​ជា​ស្តេច​ពីព្រោះ​ពួកយើង​ជា​អ្នកផ្តល់​សេវក​ម្ម​តែ​ពេលនេះ​ក៏ត្រូវ​ត្រឡប់​ទៅ​ស្រុក​ភូមិកំណើត​មួយរយ​:​តូច​ដែរ​ទំរាំ​ក្រុមហ៊ុន​បើក​ដំណើរការ​អាជីវកម្ម​ឡើងវិញ ហើយ​នេះ​ជា​ហ​តុ​ផល​ដែល​មិនមាន​ភ្ញៀវទេសចរ​ចេញទៅ​ស្រុក​គេ​កម្សាន្ត​នេះឯង ។​

​មិនមាន​អ្វី​លើសពី​ការបរិយាយ​ខាងលើ​នោះ​ទៀត​ទេ​មានតែ​បន់ព្រះ​សំពះ​ទេវតា​បើសិនជា​រោគា នេះ​រលាយបាត់​ពី​ភពផែនដី ខ្ញុំបាទ​នឹង​ថ្វាយ​ភ្លេងពិណពាទ្យ​៧​បទ និង​៧​សីល​ដើម្បី​ឲ្យ​វិស័យ ទេសចរណ៍​យើង​ងើបឡើង​វិញ​ឆាប់ៗ ហើយ​បើតាម​បទពិសោធន៍​ខាងលើ​ការ​រាតត្បាត​ជំងឺ​នេះ នឹងមិន​លើសពី​៦​ខែ​ឡើយ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​ដ៏​សកម្ម​របស់​គ្រូពេទ្យ​ជំនាញៗ តាម​ប្រទេស​នីមួយៗ​និង​វិធាន​ទប់ស្កាត់ និង​អន្តរាគមន៍​បន្ទាន់​ទាំងអស់នេះ ៕

លោក ហូ វណ្ឌី ប្រធាន​ក្រុមហ៊ុន​ទេសចរណ៍ វើ​លដ៍ អិ​ច​ប្រេ​ស​និង​ជា​ឧ​ត្ត​ម​ទីប្រឹក្សា​សមាគម ទេសចរណ៍​កម្ពុជា